សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​អូររាំង ឆ្លងកាត់​ស្រុក​កែវ​សីមា ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតមាន​ឥតឈប់ឈរ​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក វង់ សុក្រ​សិរី និង​មន្ត្រីក្រោមឱវាទ ជាពិសេស​នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អូររាំង និង​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ដូច​មុន​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​បង់លុយ​ជាមុន​ទេនោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ឱវាទ​លោក វង់ សុក្រ​សិរី រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ឲ្យ​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​អូររាំង ឆ្លងកាត់​ស្រុក​កែវ​សីមា ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​ឥតឈប់ឈរ​។

កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​រថយន្ត​ដឹកឈើ​មួយគ្រឿង​ដែល​គេចវេះ​មិន​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវបាន​កម្លាំងយោធា​បង្ក្រាប​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។ រថយន្ត​ដែល​ត្រូវ​កម្លាំងយោធា​បង្ក្រាប​នោះ មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​១៦​កំណាត់ មានមុខ​កាត់​ពី​១៨​សង់ទីម៉ែត្រ​ឡើងទៅ និង​មាន​ប្រវែង​ពី​១​ម៉ែត្រ​ទៅ​២​ម៉ែត្រ​។ រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ​ត្រូវបាន​បញ្ជូនទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។

ទោះជា​យ៉ាងណា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ពុំមាន​ការថយចុះ​នោះទេ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាបបាន​តិចតួច​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧៦ ពី​ស្រុក​អូររាំង ទៅ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ជាពិសេស​នៅពេល​យប់​មាន​រថយន្ត​ទំនើបៗ​ពី​១៥​ទៅ​២០​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​អូររាំង ទៅ​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ស្រុក​យួន​។ យូរៗ​ម្តង​ទើប​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ កម្លាំង​អាវុធហត្ថ ឬ​កម្លាំងយោធា​ជាដើម បង្ក្រាប​រថយន្ត​ដឹកឈើ​១​គ្រឿង​ឬ​២​គ្រឿង​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក្នុងខណៈដែល​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​៕

17132055175_17e598296f_oលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ abs-1-5