ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ជា​ប្រព័ន្ធ​

មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​ក្នុង​ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ត្រី​អណ្ដែង ត្រី​ឆ្ពិន ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​ប្រមាណ​៣០០​តោន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​ក្នុង​មួយថ្ងៃ​ត្រូវ​ចែកចាយ​ត្រី​ដែល​នាំចូល​ពី​ស្រុក​យួន​ប្រមាណ​៨០​តោន ហើយ​ត្រី​ទាំងនោះ​ភាគច្រើន​ជា​ត្រី​នាំចូល​ខុសច្បាប់​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ឡើយ​។ មេ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ គឺជា​អ្នកទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដែល​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

តាម​ការអះអាង​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ត្រី​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ជាច្រើន​រថយន្ត​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន សមត្ថកិច្ច​នៅតាម​ដងផ្លូវ និង​មេ​រដ្ឋបាល​ជលផល​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទបញ្ជា​របស់​ក្រសួងកសិកម្ម​ក្នុងការ​ទប់ស្កាត់​បទល្មើស​នាំចូល​ត្រី​ពី​ប្រទេស​យួន និង​ពី​ប្រទេស​សៀម ពុំមាន​ប្រសិទ្ធភាព​ទេ​ព្រោះ​បច្ចុប្បន្ន​ផល​ត្រី​ក្នុង​បឹង​ទន្លេសាប មិនអាច​ផ្គត់ផ្គង់​សេចក្ដីត្រូវការ​លើ​ទីផ្សារ​ស្រុក​ខ្មែរ​បាន​ដូច​កាលពីមុន​ទៀតឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជា​ប្រព័ន្ធ​នាំចូល​ត្រី​ប្រមាណ​៣០០​តោន​ក្នុង​មួយថ្ងៃ​។

​មន្ត្រីរដ្ឋបាល​ជលផល​ឈរជើង​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ត្រូវបាន​គេ​ដឹងថា​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន ហើយ​សូម្បីតែ​ត្រី​ចាប​ដែល​ច្បាប់​ហាមឃាត់​ក៏​ឈ្មួញ​អាច​ដឹកជញ្ជូន​មក​លក់​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ទីផ្សារ​នៃ​បណ្ដា​ខេត្ត​នានា​ផងដែរ​។ បញ្ហា​នេះ​លោក អេង ជា​សាន ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​អាច​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​តាម​អំពើ​ចិត្ត ហើយ​ការ​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​ពុករលួយ គឺ​ផ្អែក​ទៅតាម​ប្រភេទ​ត្រី ឬ​បរិមាណ​ត្រី ដែល​ឈ្មួញ​ដឹកជញ្ជូន​ពី​ច្រកព្រំដែន​នានា​ចូលមក​រាជធានី​ភ្នំពេញ​។ អ្វីដែល​លោក អេង ជា​សាន ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​នោះ គឺ​មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​រិះគន់ថា កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពី​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ដែល​ដឹកជញ្ជូន​ត្រី​ខុសច្បាប់​មក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​៕

16-Fish-01 Pic147 - Copy