សហគមន៍​អះអាង​ថា​ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​រង​​ការ​កាប់​ទន្ទ្រាន​យក​ដី​អស់​រាប់​ពាន់​ហិកតារ

ពលរដ្ឋ​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​អំពី​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​អស់​រាប​ពាន់​ហិកតារ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ​កើត​ឡើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ រហូត​មក ដោយ​មាន​កម្មករ​ជា​ច្រើន​ក្រុម​បាន​បោះតង់ និង​សង់​ខ្ទម​ស្នាក់នៅ​ក្នុង​ព្រៃ​សហគមន៍​នោះ។

​ពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង​ អះអាង​ថា មុន​ឆ្នាំ​២០១៤ ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​សំបូរ​ព្រៃស្រោង ឬ​ព្រៃ​ក្រាស់ ហើយ​ជា​ដែន​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ​រស់​នៅ តែ​បច្ចុប្បន្ន​កំពុង​ក្លាយ​ទីវាល​អស់​មួយ​ផ្នែក​ធំ ដែល​ត្រូវ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន។ ពួកគេ​ថា បើ​អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​ទេ ការ​បំផ្លាញ​ព្រៃ​នេះ​នឹង​កាន់តែ​រីក​ធំ​ឡើងៗ។

ពលរដ្ឋ​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ក្រុម​កម្មករ​ចំណូល​ថ្មី​បាន​សង់​ខ្ទម​ជាង ១០​ខ្ទម នៅ​បរិវេណ​ដី​ព្រៃ​សហគមន៍ ដើម្បី​កាប់​ឆ្ការ​ព្រៃ​ធ្វើ​កសិកម្ម​ចាប់​ពី​ឆ្នាំ​២០១៥ រហូត​មក។ ក្រុម​កម្មករ​ទាំង​នោះ​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ឬ​ត្រង់ស៊ីន័រ កាប់​រំលំ​ដើមឈើ​ធំៗ ហើយ​ដុត​ចោល​រួច​ដាំ​ដំឡូងមី ស្វាយចន្ទី។

លោក​ថា មក​ទល់​ពេល​នេះ ការ​សម្រុក​កាប់​ទន្ទ្រាន​នេះ​អស់​រាប់ពាន់​ហិកតារ​ហ៊ុមព័ទ្ធ​ជុំវិញ​ព្រៃ​សហគមន៍​ត្រង់​ចំណុច​អូរឆ្កូត ត្រពាំងព្រៃ និង​តំបន់​ភ្នំ​ធំ។ លោក​សង្ស័យ​ថា ការ​បណ្ដោយ​ឲ្យ​កើត​មាន​ករណី​នេះ អាច​មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន៖ «ទី​មួយ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង បារម្ភ​សត្វព្រៃ ធម្មជាតិ តែ​អស់​ព្រៃឈើ គឺ​មាន​ខ្យល់ មាន​ព្យុះ​ហើយ អ៊ីចឹង​បាន​សំណូមពរ​ឲ្យ​ជំនាញ​ខាង​ហ្នឹង លោក​ជួយ​ទប់ស្កាត់​ផង បើ​លោក​នៅតែ​ឃុបឃិត​ជាមួយ​អ្នក​មាន​លុយ មាន​អំណាច ប្រហែលជា​ក្មេង​សារ​ក្រោយ​បាត់បង់​យ៉ាង​ច្រើន»

​អនុប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក ជ្រោង គង់ បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ឯកភាព​ឲ្យ​សហគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដើម្បី​អនុវត្ត​ច្បាប់​ទេ ត្រឹមតែ​ជូន​ដំណឹង​នៅ​មន្ត្រី​ជំនាញ តែ​នៅ​ពេល​សហគមន៍​ប្រទះ​ឃើញ​បទល្មើស​ផ្សេងៗ​ក្នុង​ព្រៃ​សហគមន៍ បាន​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ តែ​មន្ត្រី​ជំនាញ​មិន​បាន​អន្តរាគមន៍​ករណី​នេះ​ទាន់​ពេល​ទេ បណ្ដាល​ឲ្យ​ជល​ល្មើស​គេច​ខ្លួន​បាន។

លោក​កត់សម្គាល់​ថា ការ​បាត់បង់​ព្រៃ​សហគមន៍​នេះ គឺ​ជា​ការ​មិន​យកចិត្តទុកដាក់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន និង​ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់៖ «ឲ្យ​មាន​សហគមន៍​ការពារ​ដី​ព្រៃ​សហគមន៍។ បើ​សិន​មិន​ការពារ​ដី​នេះ​វា​ចេះ​តែ​ខើច​ទៅៗ ជិត​អស់​ហើយ។ ខ្ញុំ​នឹក​ឃើញ​ថា អាណិត​កូន​ចៅ​ជំនាន់​ក្រោយ មិន​អើពើ​ដូច​សព្វថ្ងៃ​នេះ ក្នុង​ព្រៃ​វា​ចេះតែ​ទន្ទ្រាន​ជិត​អស់​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​ជំទប់​ទី​១​ឃុំ​សំអាង លោក គាំ រាំសា ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​មាន​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ​ដោយ​ពលរដ្ឋ​ចំណូល​ថ្មី ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​នៅ​ឡើយ។ លោក​ថា ព្រៃ​សហគមន៍​មាន​ព្រំប្រទល់​ជាក់លាក់ បើ​ទោះ​បី​មាន​ការ​កាប់ឆ្ការ​ក្តី​ក៏​អាជ្ញាធរ​មិន​ផ្ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ​ដែរ។ លោក​ថា អាជ្ញាធរ​ជំនាញ​ក៏​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ករណី​នេះ​ដែរ៖ «ដូចជា​អារ​ដូច​អី ឲ្យ​ធ្វើ​កិច្ចសន្យា​បន្តិចបន្តួច​វា​ក៏​ឈប់​ដែរ តែ​វា​លំបាក បើ​លួច​អារ​ឃើញ​ថា វា​ពិបាក ដែល​យើង​មិន​ឃើញ​មុខ យើង​ចាប់​វា​អត់​បាន បើ​ចាប់​វា​អាស្រ័យ​លើ​សមត្ថកិច្ច និង​រដ្ឋបាល​ព្រៃឈើ ហើយ​សហគមន៍​បើ​ចាប់​បាន​ច្រើនតែ​មាន​ការ​សម្របសម្រួល»

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើសុំ​បន្ត​ទៀត​ទៅ​ថ្នាក់​ជាតិ ដើម្បី​ចុះបញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៥ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

សេចក្ដី​រាយការណ៍​របស់​សហគមន៍​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នោះ ក៏​ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ​នៅ​មូលដ្ឋាន អាជ្ញាធរ​ស្រុក​ដែល​លក់​ដី​ព្រៃ និង​ដី​សហគមន៍​ឲ្យ​ពលរដ្ឋ​ចំណូល​ថ្មី​ដើម្បី​ទទួល​បាន​ផលប្រយោជន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។