ដឹង​ទេ​ថា អ្នក​កំពុង​សាក​ថ្ម​ទូរស័ព្ទ​មិន​បាន​ត្រឹមត្រូវ ?

តើ​អ្នកដឹង​ទេ​ថា ជា​រៀងរាល់ថ្ងៃ អ្នក​កំពុង​បំផ្លាញ​គុណភាព​ថ្ម​ទូរស័ព្ទ​របស់​អ្នក ដោយសារ​ការ​បញ្ចូល​ថ្ម​មិន​បាន​ត្រឹមត្រូវ ?

ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន គួរ​យល់​ដឹង​ដើម្បី​ជួយ​រក្សា​ឱ្យ​គុណភាព​ថ្ម​ទូរស័ព្ទ​របស់​អ្នក​អាច​ប្រើ​បាន​យូរ និង​មិនឆាប់​ខូច ៖

១-​កុំ​បន្ត​ដោត​សាក​ថ្ម នៅ​ពេល​ដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ ៖
យោង​តាម​ក្រុមហ៊ុន​ផលិត​ថ្ម​ទូរស័ព្ទ​Cadex បានឱ្យ​ដឹង​ថា ប្រសិនបើ​យើង​សាក​ថ្ម​ទុក​ចោល​នៅ​ពេល​ដែល​វា​ពេញ ឬ​ទុក​ចោល​ពេញ​មួយ​យប់​នោះ វា​នឹង​ធ្វើ​ឱ្យ​គុណភាព​ថ្ម​របស់​អ្នក​បាត់បង់​បន្តិច​ម្តង​ៗ ។

នៅ​ពេល​ដែល​អ្នក​សាក​ថ្ម​បាន​ពេញ​១០០%​ហើយ​អ្នក​មិន​បាន​ដក​វា​ចេញ​នោះ នឹង​ធ្វើ​ឱ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​កាន់តែ​ក្តៅ ដែល​បណ្តាល​ឱ្យ​ធាតុគីមី​ក្នុង​នោះ​ចុះ​ខ្សោយ ។

ក្រុមហ៊ុន Cadex បាន​ពន្យល់​ដោយ​ធ្វើការ​ប្រៀបធៀប​ថា នៅ​ពេល​ដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ អ្នក​ត្រូវ​តែ​ឈប់​បញ្ចូល គឺ​ដូច​យើង​គួរតែ​សម្រាក បន្ទាប់​ពី​យើង​ហាត់ប្រាណ​អស់កម្លាំង​អីចឹង​ដែរ ។ យ៉ាងណាមិញ អ្នក​ច្បាស់​ជា​អស់កម្លាំង​ល្ហិតល្ហៃ​ជា​មិន​ខាន ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ជាប់ មិន​សម្រាក​សោះ​។

២-​កុំ​ព្យាយាម​សាក​ថ្ម​ឱ្យ​ពេញ​១០០% ៖
យោង​តាម​ក្រុមហ៊ុន Cadex ថាមពល​ថ្ម Li-ion មិន​ចាំបាច់​ត្រូវ​តែ​បញ្ចូល​ឱ្យ​ពេញ​នោះ​ទេ តែ​ក៏​មិន​ត្រូវធ្វើ​រាល់ពេល​ដូច្នេះ​ដែរ ។ ជា​ការ​ពិត វា​ជា​ការ​ប្រសើរ​ទៅ​វិញ នៅ​ពេល​ដែល​អ្នក​បញ្ចូល​វា​មិន​បាន​ពេញ ដោយសារ​តែ​សម្ពាធ​តង់ស្យុង​ខ្ពស់​នៃ​ថ្ម នឹង​ធ្វើ​ឱ្យ​វា​អន់​ថយ​បន្តិច​ម្តង​ៗ ។

អ្នក​មិន​គួរ​ព្យាយាម​បញ្ចូល​ថ្ម​ទូរស័ព្ទ​ពេញ​មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​គ្រាន់តែ​បញ្ចូល​នៅ ពេល​ចាំបាច់​ណាមួយ នោះ​វា​មិនជា​បញ្ហា​អ្វី​ឡើយ​។

៣-​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេល​ណា​ក៏​បាន​ប្រសិនបើ​មានឱកាស ៖
ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Cadex រក​ឃើញ​ថា វា​ជា​ការ​ប្រសើរ ប្រសិនបើ​អ្នក​បញ្ចូល​ថ្ម​មួយ​ភ្លែត​ៗ ជា​ជាង​បញ្ចូល​វា​នៅ​ពេល​ដែល​អស់​ថាមពល​០%-៥% ។

សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​វា​អស់ ១០% នឹង​ក្លាយជា​សេណា​រី​យ៉ូ​ល្អ​បំផុត ប៉ុន្តែ​ជាក់ស្តែង​មនុស្ស​ភាគច្រើន​មិន​បាន​អនុវត្ត​បែប​នេះ​ទេ ។ ដូច្នេះ ប្រសិនជា​អាច អ្នក​បញ្ចូល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេល​ណា​ក៏​បាន ។ វា​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​ឡើយ បើ​ទោះជា​អ្នក​សាក​ថ្ម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ក្តី ។

៤-​ទុក​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​ត្រជាក់ ៖
ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន គឺ​ងាយ​នឹង​ឆាប់​ក្តៅ​ណាស់ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន Apple បាន​ណែនាំ​ឱ្យ​អតិថិជន​របស់​ខ្លួន​ឈប់​ប្រើប្រាស់​ស្រោម​ទូរស័ព្ទ​មួយ​ចំនួន​ដែល​ងាយ​ស្រូប​កម្តៅ​ពី iPhone នៅ​ពេល​ដែល​អ្នក​កំពុង​សាក​ថ្ម​។ « ប្រសិនបើ​សម្គាល់​ឃើញ​ថា ទូរស័ព្ទ​របស់​អ្នក​កាន់តែ​ក្តៅ​នៅ​ពេល​កំពុង​បញ្ចូល​ថ្ម ដំបូង​អ្នក​ត្រូវ​ដោះ​ស្រោម​វា​ចេញ​សិន » ។

ប្រសិនបើ​អ្នក​ស្ថិត​ក្រោម​កម្តៅ​ព្រះអាទិត្យ អ្នក​គួរតែ​ទុក​ទូរស័ព្ទ​របស់​អ្នក​កុំឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ឱ្យ​សោះ ឬ​យក​អ្វីមួយ​រុំ​ឱ្យ​ជិត ទើប​វា​អាច​ជួយ​ការពារ​ថាមពល​ថ្ម​ទូរស័ព្ទ​បាន ៕