ឈើ​គ្រញូង​ប្រឡាក់​ឈាម​នាំ​ឲ្យ​កើតមាន​សោកនាដកម្ម​ឥតឈប់ឈរ​

​រហូតមកដល់​ពេលនេះ​នៅតែមាន​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​ទាហាន​សៀម​ឈុតខ្មៅ​បាញ់សម្លាប់​ដូច​សត្វ​ធាតុ ចំណែក​ឈ្មួញ​ឈើ​គ្រញូង​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ បញ្ហា​នេះហើយ​ដែល​ក្រុម​សង្គម​ស៊ីវិល​និង​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​វែកមុខ​ឧក្រិដ្ឋជន​ជួញដូរ​ឈើ​គ្រញូង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​កើតមាន​ករណី​ឈើ​គ្រញូង​ប្រឡាក់​ឈាម​កើតឡើង​បន្តទៀត​។ ដោយហេតុថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​មាន​ពលរដ្ឋ​ក្រីក្រ​រាប់សិប​នាក់​ត្រូវ​ទាហាន​សៀម​បាញ់សម្លាប់ និង​រាប់រយ​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​ពេលដែល​ពួកគេ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម​។

កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងចំណោម​៧​នាក់​ផ្សេងទៀត ក្រោយពេល​ទាហាន​សៀម​ឈុតខ្មៅ​បាញ់ប្រហារ ខណៈដែល​ពួកគេ​ឆ្លងដែន​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​សៀម​នៃ​ចំណុច​ទឹកដី​ខេត្ត​ត្រាត ទល់មុខ​ចំណុច​ភ្លុក​ដំរី​ក្នុង​និយាម​កា TU(50159,43790)​។ ប្រភពពី​សមត្ថកិច្ច​ព្រំដែន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តេង ស​ល្យ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​៧ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវ​ទាហាន​សៀម​បាញ់​២​គ្រាប់​ចំ​ជើង​១​គ្រាប់​និង​ចំ​កន្លែង​បោះដៃផុត​១​គ្រាប់​។ ចំណែក​មនុស្ស​៦​នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ តេង ស​ល្យ បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​ទាន់ពេលវេលា​។

ករណី​ទាហាន​សៀម​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ពេល​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម បានកើត​ឡើង​ច្រើនលើក​មកហើយ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​ជាដើម​។ ក្នុងនោះ​ឈ្មួញ​ដែលជា​ឧក្រិដ្ឋជន​ជួញដូរ​ឈើ​គ្រញូង​នៅតាម​ព្រំដែន​ដែល​អ្នកខ្លះ​ជា​មន្ត្រី​ប្រដាប់អាវុធ​ផង​នោះ មិនទាន់​ត្រូវបាន​សមត្ថកិច្ច ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ដើម្បី​លុបបំបាត់​សោកនាដកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​នៅឡើយ​ទេ​។ ចំណែក​សមត្ថកិច្ច​ខ្មែរ​នៅតាម​ច្រករបៀង​ជាប់​ព្រំប្រទល់​ប្រទេស​សៀម​មួយចំនួន​មិន​ទប់ស្កាត់​នៅពេល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម​ខុសច្បាប់​នោះឡើយ គឺ​ពួកគេ​ចាំ​បង្ក្រាប​ពេល​ពលរដ្ឋ​ខ្មែរ​ស្ពាយ​ឈើ​គ្រញូង​ចូលមក​ទឹកដី​ខ្មែរ​វិញ ហើយ​រឹបអូស​ឈើ​ទាំងនោះ​យកទៅលក់​យ៉ាង​ស្រួលៗ​ទៀតផង​៕

z-768x432  z2-768x432