រក​អ្នក​បន្តវេន​ពី​លោក​បាន គី​មូ​ន លោក ANTONIO GUTERRES មាន​សំឡេង​នាំមុខ

យោង​តាម​អ្នកការទូត​ថា ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លោក ANTONIO GUTERRES មាន​សំឡេង​នាំមុខ​គេ​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​ឡើង​បន្តវេន​អគ្គ​លេខា​ធិ​ការ អ​.​ស​.​ប ពី​លោក​បាន គី​មូ​ន ក្នុង​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាលពី​ថ្ងៃ​ទី​២១ កក្កដា ។

ក្នុង​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​នេះ ដែល​រៀបចំ​ធ្វើ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អតីត​នាយ​ឧត្តមស្នងការ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR មាន​សំឡេង​នាំមុខ​អតីត​ប្រធានា​ធិ​បតី​ស្លូ​វ៉ា​ក លោក DANILO TURK បន្តិច​ក្នុង​ចំណោម​បេក្ខជន​ទាំង​១២​រូប ។

លោក GUTERRES អតីត​នាយក​រដ្ឋមន្ត្រី ព័រ​ទុ​យ​ហ្គា​ល់​ពី​ឆ្នាំ​១៩៩៥​ដល់​២០០២ ទទួល​បាន​សំឡេង​លើកទឹកចិត្ត​១២ និង​សំឡេង​គ្មាន​យោបល់​៣​ក្នុង​ចំណោម​ឯកអគ្គរដ្ឋទូត​ទាំង​១៥​រូប​នៃ​ក្រុមប្រឹក្សាសន្តិសុខ ។ លោក TURK ទទួល​បាន​សំឡេង​លើកទឹកចិត្ត​១១ តែ​ប្រទេស​២​បោះ​ឆ្នោត​មិន​លើកទឹកចិត្ត ។

ក្នុង​ការ​បោះ​ឆ្នោត​នេះ​របស់​ក្រុមប្រឹក្សាសន្តិសុខ​មានការ​បោះ​ឆ្នោត​លើ​លក្ខណៈ​វិនិច្ឆ័យ​៣ គឺ​លើកទឹកចិត្ត មិន​លើកទឹកចិត្ត ឬ​គ្មាន​យោបល់ ។

កាន់​តំណែង​ជា​នាយ​ឧត្តមស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន​ពី​ឆ្នាំ​២០០៥​ដល់​២០១៥ លោក GUTERRES អាយុ​៦៧​ឆ្នាំ ជា​អ្នក​ធ្លាប់​ប្រឈម​មុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​អន្តោប្រវេសន៍​នៅ​អឺរ៉ុប​ជា​វិបត្តិ​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ។

លោក​ចេះ​ស្ទាត់​ភាសា​អង់គ្លេស បារាំង និង​អេ​ស្ប៉ា​ញ៉ុ​ល ៕