កំពូលតារាចម្រៀង មាស សុខសោភា នឹងអង្រួនឆាកកម្មវិធី Super Sunday Concert នៅ PNN ថ្ងៃអាទិត្យនេះ

នៅថ្ងៃអាទិត្យ ទី២៤ កក្កដា នេះ កម្មវិធីប្រគំតន្រ្តីស៊ូភើសាន់ដេ (Super Sunday Concert) របស់ភីអិនអិននឹងមានការចូលរួម ដោយកំពូលតារាចម្រៀងមាស សុខសោភា មកពីផលិតកម្មថោន។

សប្តាហ៍នេះទូរទស្សនិកជន នឹងបានជួបជាមួយនឹងតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រ កម្ពុជា គឺកញ្ញា មាស សុខសោភា ដោយកញ្ញានឹង បកស្រាយផ្ទាល់នូវបទចម្រៀងថ្មីៗ ដែលកំពុងទទួលបាននូវ ប្រជាប្រិយភាពពីមហាជន។ មិនតែប៉ុណ្ណោះ កញ្ញាក៏នឹងមកសម្តែងនូវ ក្បាច់រាំដ៏រស់រវើកអង្រួន ឆាកប្រគំតន្រ្តីស៊ូភើសាន់ដេនៅស្ទូឌីយោ ព្រែកព្នៅរបស់ភិអិនអិន។

កញ្ញា មាស សុខសោភា ជាតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសំឡេងជាយូរឆ្នាំមក ហើយក្នុង ព្រះរាជាណាចក្រកម្ពុជា។ បទចម្រៀងថ្មីល្បីៗរបស់កញ្ញាដែលទទួលបាននូវការគាំទ្រពី មហាជនមានដូចជា លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេ, មនុស្សឯកាម្នាក់នេះ រស់បានមួយថ្ងៃទៀតហើយ, ទឹកភ្នែក១០០គីឡូ, និងបទសុំទោសពួកម៉ាក ជាដើម។

ព្រមជាមួយគ្នានេះដែរ Super Sunday Concert ក៏នឹងមានវត្តមាន លោក ប៊ុត សីហា មកពីផលិតកម្ម We Production កញ្ញា ច័ន្ទ ម៉ាលីស និងលោក សុគន្ធ ដេវីដ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ អ្នកកំប្លែងជើងចាស់ចំនួនពីររូប គឺយាយយ៉យ និងយាយអឿន ក៏នឹងចូលរួម សម្តែងឈុតឆាកកំប្លែងដើម្បីបង្ក បរិយាកាសសប្បាយរីករាយនាចុងសប្តាហ៍នេះនៅលើ ឆាកប្រគំតន្រ្តីរបស់ ភីអិនអិនផងដែរ។

កម្មវិធីប្រគំតន្រ្តីសូភើសាន់ដេ របស់ភីអិនអិនបានដំណើរការអស់ ជាច្រើនសប្តាហ៍មកហើយ ដោយមានការចូលរួម ពីកំពូលតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន អ្នកនាង ពេជ្រ សោភា លោក នី រតនា កញ្ញា ទេព បូព្រឹក្ស លោក សុគន្ធ ថេរ៉ាយុ អ្នកនាង លី អ៊ីវ៉ាធីណា រួមនឹងតារាចម្រៀងល្បីៗមួយចំនួនទៀត។ មិនតែប៉ុណ្ណោះក៏មានការសម្តែង នូវឈុតឆាកកំប្លែងនៅ ចុងម៉ោងនៃកម្មវិធីផងដែរ ដើម្បីបង្កនូវបរិយាកាសសប្បាយ រីករាយជូនទៅដល់ ទូរទស្សនិកជនដែលចូលរួមទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន។

កម្មវិធីប្រគំតន្រ្តីស៊ូភើសាន់ដេ មានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៧រហូតទៅដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។ លោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់ និងសេរី នៅស្ទូឌីយោរបស់ភីអិនអិនក្នុងសង្កាត់ព្រែកព្នៅ។

PNN ជាស្ថានីយ៍ទូរទស្សន៍ថ្មី និងទំនើបបំផុត ដែលបានវិនិយោគ ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងគោលដៅ ផ្តល់នូវការកំសាន្ត គ្រប់ទីកន្លែងទៅដល់ពលរដ្ឋកម្ពុជា៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload