ឈ្មួញ​២​នាក់​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​២​នាក់​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ទ្រង់ទ្រាយ​ធំ​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ឈ្មួញ​ទាំង​២​នាក់​នេះ​បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​និង​សុ​ក្រំ​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម ហើយ​មាន​សមត្ថកិច្ច​ជួយ​ការពារ​ផងដែរ​។ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។

​ប្រភពពី​សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ព្រៃឈើ​នៅ​ស្រុក​លំផាត់ និង​ស្រុក​អូ​រយ៉ា​ដាវ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​និង​ធ្នង់​ក្នុងព្រៃ​ការពារ និង​តំបន់​អភិរក្ស​នៃ​ស្រុក​ទាំង​២ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជា​រៀងរាល់​យប់​ប្រជាពលរដ្ឋ​បានឃើញ​រថយន្ត​ពី​២០​ទៅ​៣០​គ្រឿង​ម៉ាក​ធុន​ដ្រា ឡង់​គ្រឺ​ស័​រ ឡិច​ស៊ី​ស វី​ហ្គោ និង​បា​ឡែ​ន​ជាដើម ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងភូមិ​ភិ ដែល​គ្រប់គ្រង​ដោយ​លោក សេក ឌុល ជា​មេ​ប៉ុស្ដិ៍​ប្រចាំ​ទីនេះ​។ ចំណែក​ច្រករបៀង​ភ្នំ​ក្រហម ដែល​គ្រប់គ្រង​ដោយ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​កម្លាំងយោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២ ក៏​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ ដឹកជញ្ជូន​ឈើ​ចេញ​យ៉ាង​អនាធិបតេយ្យ​ដែរ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២ ទំនងជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ទ្រង់ទ្រាយ​ធំ​ដូច​បច្ចុប្បន្ននេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ទាំង​២​នាក់​ខាងលើនេះ គឺជា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។ សូម្បីតែ​នៅក្នុង​ដំណាក់​ការដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន ក៏​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដែរ​៕

112 index11 29