បទល្មើស​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ កើតឡើង​យ៉ាង​ពេញបន្ទុក​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​សមុទ្រ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​មួយចំនួន​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​គ្រែង​ឈាម​ស្ទើរ​រលាយ​សាបសូន្យ គឺ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​រិះគន់​ដែរ​ថា ឈ្មួញ​ធំៗ​មួយចំនួន​អាច​ដឹកជញ្ជូន​កូន​គ្រែង​ឈាម​ចេញពី​តំបន់​កោះ​ខ្យង​យ៉ាង​រលូន​ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ចំណែក​ឈ្មួញ​តូចតាច​ដែល​មិន​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​តាមផ្លូវ​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។

កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​កូន​គ្រែង​ឈាម​ជាច្រើន​បាវ​មាន​ទម្ងន់​ប្រមាណ​២០០​គីឡូក្រាម​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-0607 ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ បង្ក្រាប​ត្រង់ចំណុច​ផ្លូវ​ចូលទៅ​កោះ​ខ្យង ភូមិ​កោះ​ខ្យង ឃុំ​កោះ​ខ្យង ស្រុក​ព្រៃនប់​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅពេល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ភ្លាមៗ មាន​អ្នករត់​ការដោះលែង​ផងដែរ ប៉ុន្តែ​ប្រហែល​ចរចា​មិនត្រូវ​ថ្លៃ​ទើប​គេ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក​កូន​គ្រែង​ឈាម​ប្រមាណ​២០០​គីឡូក្រាម​នោះ ត្រូវបាន​យកទៅ​លេង​ក្នុង​ដែន​នេសាទ​សមុទ្រ​កោះ​ខ្យង កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែកក្កដា​។

មន្ត្រី​អាជ្ញាធរ​មូល​ដ្ឋា​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ខ្យង បាន​ឲ្យ​ដឹងថា​កន្លងមក​មាន​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម​ចេញពី​តំបន់​នេះ​យ៉ាង​ពេញបន្ទុក មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ឡើយ ធ្វើ​ឲ្យ​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ក្រាប​កូន​គ្រែង​ឈាម​កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ទំនង​កើតចេញពី​ឈ្មួញ​កាច់​កុង​គ្នា​ទើប​ឈ្មួញ​ដែលមាន​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ជា​ខ្នងបង្អែក​រាយការណ៍​ឲ្យ​មានការ​បង្ក្រាប​ទាំងយប់​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​នេសាទ​ចាប់​កូន​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​បង្ក្រាប​ឡើយ គឺ​គេ​បង្ក្រាប​តែ​ឈ្មួញ​ទាំងឡាយណា​ដែល​ចង់​គេចវេះ​មិន​បង់លុយ​ប៉ុណ្ណោះ​៕

20-7-20162