មេ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​លោក សូ ចាន់ណា​រី រង​ការ​រិះគន់ថា​ប្រើ​អំណាច​ខុសច្បាប់​

ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ខ្មែរ​-​សៀម និង​កូនចៅ​មន្ត្រីៗ ប៉ូលិស​តូចតាច​មួយចំនួន​បាន​រាយការណ៍​មក​ថា​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៩១១ បាននិងកំពុង​កើតមាន​បទល្មើស​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រមទាំង​ការ​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​សៀម​ដី​ថៃ​ស្ទើរ​រាល់​យប់​ថ្ងៃ​ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ច្រើនណាស់​។​

​ក្នុងចំណោម​ច្រករបៀង​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ប្រភពព័ត៌មាន​បានបញ្ជាក់​ថា មានតែ​ច្រក​បឹង​សាគូ​មួយគត់​ដែលជា​ច្រករបៀង​ដ៏​សំខាន់​មួយ​កើតមាន​បទល្មើស​ច្រើនជាងគេ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ដោយសារតែ​ទង្វើ​អសមត្ថភាព​របស់ លោក សូ ចាន់ណា​រី ដែល​ខ្វះ​ភាពជា​អ្នកដឹកនាំ និង​ដោយសារតែ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ឆ្លៀតឱកាស​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​នោះ ទើប​មាន​បទល្មើស​ជាច្រើន​បានកើត​ឡើង ពិសេស​ការហូរ​ចេញ​-​ចូល នូវ​ទំនិញគេចពន្ធ និង​ពលករ​ចំណាកស្រុក​អាច​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

​បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីៗ​នគរបាល​តូចតាច​មួយចំនួន​បាន​រិះគន់ថា កាលពី​ជំនាន់​លោក ឈូក អាង នៅ​ធ្វើជា​មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​នោះ ក្នុងភូមិ​សាស្ត្រ​តាម​ព្រំដែន ពិសេស​តាម​ច្រករបៀង​មិនសូវ​កើតមាន​បទល្មើស​ច្រើន​ដូចខាងលើ​នេះ​ទេ ។ តែ​សព្វថ្ងៃ​ក្នុងសម័យ លោក សូ ចាន់ណា​រី ធ្វើជា​មេបញ្ជាការ​ថ្មី​នេះ បែរជា​កើតមាន​បទល្មើស​កើនឡើង​ហើយ​ថែមទាំង​មានការ​បើកដៃ​ឲ្យ​ជនជាតិ​សៀម​ឆ្លងដែន​ខុសច្បាប់​ទាំង​ហ្វូងៗ ចូលមក​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ក្នុង​ដី​ខ្មែរ​ដោយ​គ្មាន​ការត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា មាន​កាស៊ីណូ​មួយចំនួន​ថែមទាំង​ផ្តល់​ផលប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​តាម​ព្រំដែន​ដើម្បី​ជា​ថ្នូរ​បើកផ្លូវ​ឲ្យ​ជនជាតិ​សៀម​ដែល​គ្មាន​លិខិតស្នាម​ផ្លូវច្បាប់​ត្រឹមត្រូវ​អាច​ឆ្លងដែន​ចូលមក​លេងល្បែង​ក្នុង​ទឹកដី​ខ្មែរ​ទៀតផង​ដែល​បញ្ហា​នេះ​បង្ហាញថា​ច្បាប់​ខ្មែរ​គ្មាន​តម្លៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ល្មម​ដល់ពេល​មន្ត្រីជាន់ខ្ពស់​ន​គ​របាល​ជាតិ និង​មន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ស៊ើបអង្កេត​បោសសំអាត​អំពើ​ល្មើសច្បាប់​ខាងលើ​ឲ្យ​បាន​ឆាប់​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ខិលខូច និង​មន្ត្រី​ពុករលួយ​យក​តួនាទី​ខ្លួន និង​ស្ថាប័នរដ្ឋ​ទៅប្រើ​ប្រាស់​ខុសច្បាប់​ដូច​សព្វថ្ងៃនេះ​ទេ​៕

100លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៩១១