បុក​គ្នា​ទុក​ម៉ូតូ​កណ្តាលផ្លូវ រថយន្ត​កិន​ថែម

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ហុងដា​ឌ្រី​ម ជិះ​ឆ្លងផ្លូវ​បុក​ម៉ូតូ​ស្តេ​ប​ដួល​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​អស់ហើយ នៅ​សល់​តែ​ម៉ូតូ​មិន​ទាន់​បាន​លើក​ទៅ​ដាក់​ចិញ្ចើម​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ដែល​ប្រញាប់​ដឹក​ជនជាតិ​បរទេស​ឡើង​យន្តហោះ ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​អូស​ជាប់​ក្រោម​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ កក្កដា  នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៊ិ​ច ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​ដឹក​អ្នក​រង​របួសធ្ងន់​២​នាក់​យក​ទៅ​ព្យាបាល​នៅ គ្លីនិក​ឯកជន ចំណែកឯ​អ្នក​រង​របួសស្រាល​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​នៅ​ក្បែរ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​មិន​ទាន់​បាន​វាស់វែង​យក​ទៅ​ទុក​អែប​ខាង​នៅឡើយ​ផង ស្រាប់តែ​មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3C 9651 ដឹក​បរទេស​ប្រញាប់​ឡើង​យន្តហោះ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ បើក​ពី​លិចទៅ​កើត មក​ដល់​ផ្លូវ​ងងឹត ហើយ​លឿន​មើល​អត់​ឃើញ​សញ្ញា​សម្គាល់ និង​ម៉ូតូ​នៅ​កណ្តាល​ថ្នល់​បាន​បើក​បុក​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ជិត​១០០​ម៉ែត្រ ទើប​អ្នកបើកបរ​ឈប់​ទាញ​ម៉ូតូ​ចេញពី​ក្រោម​រថយន្ត ដោយ​ប្រញាប់​នាំ​ភ្ញៀវ​ឡើង​យន្តហោះ ក៏​បម្រុង​បើករថយន្ត​ទៅ​មុខ​ទៀត ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ផ្ទុះ​ហិង្សា ដោយសារ​តែ​បើករថយន្ត​បុក​ម៉ូតូ​ហើយ​មិន​ទទួលខុសត្រូវ ។ ប្រជាពលរដ្ឋ​បាន​រារាំង​មិន​ឲ្យ​សាង​ភ្ញៀវ​បរទេស​ពី​កន្លែង​កើតហេតុ​ទេ ទាល់តែ​សមត្ថកិច្ច​មក​ជួយ​សម្រួល​ឲ្យ​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ដឹក​ភ្ញៀវ​បរទេស​ទៅ​ឡើង​យន្តហោះ ដើម្បី​កុំ​ឲ្យ​ខកខាន​ដំណើរ ។