​លួចនោះលួច ​តាំងពី​មាន់​ក្រាប​ពង​!

ខេត្តប៉ៃលិន ៖ ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​លក់​​បាយ​គុយទាវ​កាហ្វេ​មួយ​កន្លែង ត្រូវ​ក្រុម​ចោរ​មា​ន​​គ្នា​ប្រហែល​៤​ ​ទៅ​៥​នាក់ លួច​កាត់​របង​លួស​បន្លា​​ ចូល​លួច​មាន់​អស់​ចំនួន​១៥​ក្បាល ខណៈ​ម្ចាស់​ដេក​លង់លក់​​នៅ​ពេល​យប់ លុះ​ក្រោក​ព្រឹក​ឡើង​ ស្រាប់តែ​ឃើញ​ទ្វារ​ទ្រុ​ង​មាន់​ចំហ​ពេលចូល​ទៅ​មើល សូ​ម្បី​តែ​​មេមាន់​ក្រាប​ពង​​នៅ​ក្នុង​សំបុក ​ក៏​លើកយក​អស់រ​លី​ង​តែ​ម្តង ។

​ហេតុការណ៍​ក្រុម​ចោរ​ចូល​លួច​មាន់​ ទា​ ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​កក្កដា ​២០១៦ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែលត្រូវ​​ចោរលួច​មាន់​នោះ​ឈ្មោះ​សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អាជីវករ​លក់​បាយ​គុយទាវ​កាហ្វេ រស់នៅ​ភូមិ​-កើតហេតុ​ខាងលើ ។

គួរ​​​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​​ខែ​មុន ក្រុម​ចោរ​ទាំងនោះ​ធ្លាប់​ចូល​​ទៅ​លួច​មាន់​របស់​គាត់​ម្តង​រួច​ទៅ​ហើយ តែ​មិន​បាន​ដោយសារ​ដឹង​ទាន់​ ក៏​នា​គ្នា​ដេញ​រត់​ចែក​ជើង​គ្នា​ព្រាត លុះ​ក្រោយមក​មិន​រាង​ក៏​ចូល​ទៅ​លួច​ដដែល​ទៀត​តែ​ម្តង ។ ​ប្រភព​ពី​ម្ចាស់ផ្ទះ​​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​សម្រាក​ពី​ការងារ​លក់ បាយ​ម្ហូប រួច​ក៏​នាំ​ប្រពន្ធ​កូន​ងូតទឹក​ដេក​លង់លក់​តាំងពី​ក្បាល​ល្ងាច រហូត​ដល់​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ឮ​សំឡេង​​មាន់​ស្រែក​ដែរ ដោយ​នឹក​ស្មាន​តែ​ផ្ទះ​អ្នក​ដទៃ ចាប់​មាន់​លក់ ហើយ​មិន​ចាប់​អារម្មណ៍ ក៏​នាំ​គ្នា​ដេក​ទៅ​វិញ ។

លុះដល់​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រហែល​៧ ខណៈ​ប្រពន្ធ​គាត់​ដើរ​យក​ចំណី​ទៅ​ឱ្យ​មាន់​ស៊ី​ ស្រាប់តែ​បាត់​​អស់រលីង​គ្មាន​សល់ សូ​ម្បី​តែ​មួយ​ក្បាល ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ពួក​គាត់​បាន​ដាក់​ពាក្យ​ប​ណ្តឹ​ង​ទៅ​ខាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ឱ្យ​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ទាំងនោះ​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​នៅ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​នេះ សំបូរ​ចោរលួច មាន់​ ទា​ តាម​ភូមិ​ច្រើន​ គួរ​ឱ្យ​កត់សម្គាល់ ហើយ​ក្រុម​ក្មេង​ទំនើង និង​ក្រុម​ប្រើ​ថ្នាំ​ញៀន​ក៏​មាន​ច្រើន​ដែរ ។ ទាំងនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ​រស់នៅ​ក្នុងភូមិ​នីមួយ​ៗ​លំបាក​ក្នុង​ការ​រកស៊ី ចិញ្ចឹមសត្វ​សម្រាប់​ក្រុម​គ្រួសារ ដោយ​ម្នាក់​ៗ​មានការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព និង​ខ្លាច​បា​ត់​បង់ទ្រព្យ​សម្បត្តិ​ថែម​ទៀត​ផង ។