អ្នក​ជិត​ខាង​​​ដេកមិន​​លក់បក់​មិន​ល្ហើយដោយ​សារ​​​​ជន​​​​អគតិ​​​​នេះ​

​រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​រាំង​ចាប់​វាយ​ខ្នោះ ក្រោយ​ពី​​​​​បែក​​ថ្នាំបាន​ប្រមូល​សម្លៀក​បំពាក់ ពូក ខ្នើយ និង​សម្ភារ​មួយ​ចំនួន​ធំ​ទៀត ​ទៅ​​គរ​ដុត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​ បង្ក​ឱ្យ​​មាន​​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម ដែល​ហេតុការណ៍នេះបង្ក​​ផ្អើល​ទាំង​កណ្តាលថ្ងៃ កាលពី​​ម៉ោង​១១ និង​៣០​នាទីព្រឹកថ្ងៃ​ទី​២២ ​កក្កដា ២០១៦ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២ ក្នុងផ្ទះ​គ្មាន​លេខ​មួយ​កន្លែងលើផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ​២០៨ ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។

​បុរសខាងលើ​ឈ្មោះ​សៅ សា​រ៉ាត់ អាយុ២៥​ឆ្នាំ ​មានមុខ​របរ​រ​អ្វី​ទេ​នៅផ្ទះ ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន​អស់រយៈ​ពេល​ជា​​យូរណាស់​មក​ហើយ ។ ប្រភព​បន្តថា កន្លងមកជន​នេះ តែងតែបាន​ប្រមូល​ខោ អាវ និង​សម្ភារ​​ប្រើប្រាស់​ក្នុងផ្ទះ​ផ្សេង​ៗ ​ជា​ច្រើន​យក​មក​គរ​​​ដុត​បំផ្លាញ​​ចោល​​ ។ ហើយ​ការ​ប្រមូល​សម្ភារ​ក្នុងផ្ទះ​គរ​ដុត​នេះ​ ​ធ្លាប់​​ធ្វើ​​​​ពី​២ ទៅ​៣​លើកទៅ​​ហើយ ឱ្យ​តែ​មាន​​អាកា​រៈ​បែក​ថ្នាំ​ម្តង​ៗ ដោយ​​ត្រូវ​អ្នក​​​ស្នាក់​នៅ​ក្បែរ​បន្ទប់​ឃើញ​ និង​ជួយ​​ពន្លត់​ទាន់​ពេល ​​មិន​បណ្តាល​​ឱ្យ​ឆេះ​រាលដាល​ទេ​ ។

តាម​ប្រភព​ដដែល​​បន្ត​​ថា មុន​ពេល​កើតហេតុ​ ខណៈ​​​ដែល​បុរស​ខាងលើ​មាន​អាកា​រៈ​បែក​ថ្នាំខ្លាំង ក៏​ទៅ​ប្រមូល​ខោ អាវ ពូក ខ្នើយ និង​តុ កៅអី ជា​ច្រើ​ន​ទៀត​យក​មក​ដុតឆេះទៀត​ ​ធ្វើឱ្យ​​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​បន្ទប់​របស់​បុរស​​នោះ ទើប​​​មាន​ការ​ភ្ញាក់ផ្អើល​​​រត់​ចូល​ទៅ​​មើល ​នាំ​គ្នារ​ត់ទៅ​យក​ទឹក​មក​​ពន្លត់ និង​រាយ​ការណ៍​​ប្រាប់​​​សម្ថ​កិច្ច​ចុះ​​​ចាប់​វាយ​ខ្នោះ​តែ​ម្តង​។