ភ័យ​ប្រហោង​ពោះ​​គ្រប់​គ្នា​ ពេល​​ដុត​​កាំជ្រួច​​មេនបូជា​សព​

ខេត្តកំពត ​៖ មាន​​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​​ ​កាលពី​វេលា​ម៉ោង​០៧​ និង៣០​នាទី​យប់​ថ្ងៃ​ទី​២១ ​កក្កដា ​​២០១៦​ គឺ​​ករណី​អគ្គិភ័យ​​មួយ​​កើតឡើងដោយសារ​​​​ផ្ទះ​​ធ្វើ​មេន​បូជាសព​នៅ​ក្បែរ​របង​ជាប់​​​ដី​ភូមិ​គ្រឹះ​​របស់លោក​អធិកា​នគរបាល​ក្រុង​​កំពត ខណៈ​​​​ពេល​បូជា​សព​នោះ​ ​ត្រូវ​​គេ​បាញ់​កាំជ្រួច​​ធ្លាក់​កម្ទេច​​ភ្លើង​​​ប៉ះ​​ដំបូល​ខ្យូ​ស​ប្រក់​ស្បូវ​ បណ្តាល​​ឱ្យ​ឆេះ​​រាល​ទៅជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង
សន្ធោសន្ធៅ ហើយ​​​ត្រូវ​រថយន្ត​អគ្គិ​ភ័យ​​​​របស់​ស្នងការចំនួន២​​គ្រឿង ​ចុះមក​អន្តរា​គមន៍​​ពន្លត់​ទាន់​ពេល ​ទើប​ភ្លើង​រលត់​អស់​ទៅ​
វិញ​ ។

​លោក​ព្រហ្ម រចនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជុំ​គ្រៀល​បាន​ឱ្យ​​ដឹងថា មុន​ពេល​កើតហេតុ ដោយសារ​មាន​ផ្ទះ​​មួយ​កន្លែង​រៀបចំ​​ធ្វើពិធី​​បុណ្យសព​ ហើយក៏មេន​​នៅ​របង​ជាប់​​ភូមិ​គ្រឹះ​ ខណៈ​​អ្នក​ភ្លុក​ដុត​កាំជ្រួច​បូជា​សព ក៏​​ត្រូវ​កម្ទេច​​ភ្លើង​កាំជ្រួច​ធ្លាក់​លើដំបូល​ស្បូវ​​កើត​ទៅ​​ជា​អណ្តាតភ្លើង​ឆេះ​តែ​ម្តង ​។

​លោកបន្ត​ថា ​ក្រោយ​ពេល​មាន​ហេតុ​ការណ៍​​កើតឡើង​ ​កម្លាំងនគរបាល​ក៏​បាន​មក​ដល់ ​ដើម្បី​ជួយ​អន្តរា​គម​ន៍​ពន្លត់​ភ្លាម​ៗ​ដែរ តែ​ដោយ​សារ​ដំបូល​ប្រក់​ស្បូវ​មិន​អាច​ពន្លត់ ក៏​​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​​របស់​ស្នងការ​ខេត្ត ​មក​ជួយ​អន្តរាគមន៍វិញ ​។ ពេល​​រថ​យន្ត​មក​ដល់ បាន​ពន្លត់​អស់​ទឹក​២រថយន្ត​ ទើប​ភ្លើង​រលត់​អស់​ដោយ​សុវត្ថិភាព ​។

លោកងឹម វ៉េត អធិការ​នគរបាល​ក្រុង​ និងជា​ម្ចាស់​ខ្យូសខាងលើឱ្យ​ដឹង​ថា ​ការ​កើត​គ្រោះ​​អគ្គិ​ភ័យ​នេះ​ គឺ​កើតឡើង​ដោយ​អ​ចេតនា​​ទេ ហើយ​លោក ​​ក៏​​មិន​ប្តឹងប្តល់​​ដែរ ពីព្រោះ​​ជា​​ចៃដន្យ ។ ដូច្នេះ​លោក​ទុក​ឱកាស​ឱ្យ​​ម្ចាស់​ដើមបុណ្យ​ ពេល​ធ្វើបុណ្យ​​ចប់​រួចរាល់ ចាំ​មក​ជួប​និយាយ​គ្នា ​ដោយ​សន្តិវិធី​ ​។ លោក​ក៏​បាន​ឱ្យ​​ដឹង​ទៀតថា ខ្យូ​ស​មួយ​ខ្នង​​នេះ លោក​បាន​សាងសង់​អស់​ជាង​​១​លាន​រៀលទេ ។