ព្យាបាល​ដំបៅ​ក្រពះ​ខ្លួនឯង ជាមួយ​វិធី​ងាយៗ​ទាំងនេះ​

ព្យាបាល​ដំបៅ​ក្រពះ​ខ្លួនឯង ជាមួយ​វិធី​ងាយៗ​ទាំងនេះ​


ព្យាបាល​ដំបៅ​ក្រពះ​ខ្លួនឯង ជាមួយ​វិធី​ងាយៗ​ទាំងនេះ​

​ដំបៅ​ក្រពះ មានន័យ​ថា ជា​ការ​កើត​ជា​ដំបៅ​បើកមុខ​មួយ ឬ​ច្រើន នៅលើ​ភ្នាស​ខាងក្នុង​របស់​ក្រពះ​។ ដោយសារ​តែ​ក្រពះ មាន​នាទី​បញ្ចេញ​ជាតិ​អាស៊ីត ដើម្បី​រំលាយ​អាហារ ដូច្នេះ បើសិនជា​មាន​ដំបៅ​ហើយ គឺ​ពិតជា​ង​នឹង​ឈឺចាប់​ខ្លាំងណាស់​។ រោគ​ដំបៅ​ក្រពះ​នេះ ភាគច្រើន កើតឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង ឈ្មោះថា H. Pylori តែ​វា​ក៏​បង្ក​ឡើង ដោយ​អ្វី​ផ្សេង​ទៀត​ដែរ ដូចជា​ការប្រើ​ថ្នាំ​ពពួក Non-steroidal Anti-inflammatory និង​ថ្នាំ​បំបាត់​ការឈឺចាប់​ផ្សេងទៀត​។

​ជាធម្មតា កាលណា​មាន​ជំងឺ​ដំបៅ​ក្រពះ ច្រើន​តែ​ត្រូវបាន​ព្យាបាល ដោយ​ប្រើ​ថ្នាំ​ទប់ស្កាត់ បន្សាប ឬ​បន្ថយ​អាស៊ីត​របស់​ក្រពះ​។ បើសិន​ជា​អ្នក មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​ប្រើ​ថ្នាំ ឬ​ខ្លាច​ញ៉ាំ​ថ្នាំ​ច្រើនៗ​នោះ យើង​មាន​វិធី​ធម្មជាតិ​មួយចំនួន ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បានដែរ​។

​ប្រូ​បាយ​អូទិច​
​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ មាន​បាក់តេរី និង​មេរោគ​ផ្សិត​រស់នៅ​ច្រើន ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ​។ សារធាតុប្រូ​បាយ​អូទិច ក៏​មាន​ក្នុង​អាហារ​ជាច្រើន​ដែរ ដូចជា យ៉ា​អួរ គីមឈី និងប័រ​ទឹកដោះគោ​។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​ប្រូ​បាយ​អូ​ទិច ដែល​ជា​ជំនួយ​ដល់​ការសម្លាប់​បាក់តេរី H.pylori ដែរ ខណៈពេល​ដែល​វា​ជួយ ផ្សះ​ដំបៅ​ឲ្យ​ជា​ថែម​ទៀត​។

ខ្ញី​
​វិធី​ព្យាបាល​បែប​ធម្មជាតិ ដែល​ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រយោជន៍​ក្នុង​ការព្យាបាល បាក់តេរី H.pylori ដែរនោះ គឺ​សារធាតុ​ចម្រាញ់​ចេញពី​ខ្ញី​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រសជាតិ​ដែល​ចម្រាញ់​ចេញពី​ខ្ញី គឺ​មិន​អាច​ឲ្យ​នរណា​ម្នាក់​ទ្រាំ​ញ៉ាំ​បានទេ​។ ប៉ុន្តែ អ្នក​អាច​ប្រើ​ពពួក​ថ្នាំ​បំប៉ន​ខ្ញី​ជំនួស​បាន​។ បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម ចូរ​ប្រាកដថា អ្នក​បាន​ប្រាប់​គ្រូពេទ្យ អំពី​ការប្រើ​ថ្នាំ​បំប៉ន​ខ្ញី​ដែរ​។

​សារធាតុ Flavonoid
​ការស្រាវជ្រាវ​បង្ហាញថា សារធាតុ Flavonoids អាច​មាន​ប្រយោជន៍ ក្នុង​ការព្យាបាល​បញ្ហា​ដំបៅ​ក្នុង​ក្រពះ​បាន​។ សារធាតុ​មួយ​នេះ​មាន​នៅក្នុង​បន្លែ និង​ផ្លែឈើ​ភាគច្រើន ដូចជា ផ្លែ​បឺរី ផ្លែ​ប៉ោម តែ សណ្តែកសៀង ទំពាំងបាយជូរ​ពណ៌​ក្រហម និង​ប្រូ​ខូលី​។ យ៉ាងណាមិញ សារធាតុ Flavonoids ច្រើន​ប្រភេទ​ដែរ ដែល​អាច​បង្ក​ការ​រលាក​ដល់​ក្រពះ​បាន ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ជ្រើសរើស យក​សារធាតុ​មួយ ដែល​ក្រពះ​អាច​ទទួលយកបាន​។

​ទឹកឃ្មុំ​
​ទឹកឃ្មុំ មិន​គ្រាន់តែ​ជា​របស់​ផ្អែម​ទេ តែ​ក៏​អាច​ជួយ​សម្រាល បញ្ហា​ដំបៅ​ក្រពះ​បានដែរ​។ នេះ​ដោយសារ​តែ ទឹកឃ្មុំ​មាន​សារធាតុ​ជាច្រើន ដូចជា អង់​ទី​អុក​ស៊ីដង់ និង Polyphenols ដែល​អាច​ព្យាបាល​ដំបៅ​ក្រពះ​បាន​។ ទឹកឃ្មុំ ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​សម្លាប់​បាក់តេរី ដូច្នេះ​វា​ក៏​អាច​សម្លាប់​បាក់តេរី H.pylori បានដែរ​។ បើសិន​ជា​អ្នក មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា នោះ​គួរតែ​សាកល្បង​ញ៉ាំ​ទឹកឃ្មុំ​ហើយ​។

​ស្ពៃ​ក្តោប​
​ស្ពែ​ប្រភេទ​នេះ​មាន​សារធាតុ ឡាក់​តិច​មួយ​ប្រភេទ ដែល​ជួយ​ដល់​ការផលិត​អាស៊ីតអាមីណេ​សម្រាប់​ជួយ​ភ្ញោ​ច​លំហូរ​ឈាម ទៅកាន់​ភ្នាស​របស់​ក្រពះ​។ រឿងនេះ​នឹង​ជួយ​ពង្រឹង​ដល់ សុខភាព​ភ្នាស់​ក្រពះ ព្រមទាំង​ព្យាបាល​ជំងឺ​ដំបៅ​ក្រ បាន​ដូចគ្នា​ផងដែរ​។ ក្រៅពីនេះ ស្ពៃក្តោប​មាន​វីតាមីន C ខ្ពស់​ដែល​មាន​ប្រយោជន៍ ចំពោះ​អ្នកជំងឺ​ក្រពះ​បង្កឡើង​ដោយ H.pylori ។​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។