ស្នេហ៍​អស់​និស្ស័យ​ប្តី​អាល័យ​កូនស្រី​ទាំង​2

ស្នេហ៍​អស់​និស្ស័យ​ប្តី​អាល័យ​កូនស្រី​ទាំង​2



ខេត្តកណ្តាល ៖ រឿងរ៉ាវ​ប្តី​ប្រពន្ធ​ដែល​រស់នៅ​ជាមួយ​គ្នា​រាប់​សិប​ឆ្នាំ​រហូត​ចាស់ព្រឹទ្ធចាស់ព្រេង​នោះ អាច​ចាក់​ទុក​ថា​ជា​ជោគជ័យ​សម្រាប់​ជីវិត​របស់​ខ្លួន​ហើយ តែ​ក៏​មានជីវិត​ប្តី​ប្រពន្ធ​ខ្លះ​ទៀត​មិន​បាន​រួមរស់​ជាមួយ​គ្នា​រហូត​អវសាន​នៃ​ជីវិត​នោះ​ទេ ហើយ​បញ្ហា​នេះ​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ឡើយ គឺ​តែងតែ​មានការ​បែកបាក់​គ្នា​ជា​រឿយ​ៗ ។

តើ​អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ជីវិត​ស្នេហា​ឈាន​ដល់​ផ្លូវបំបែក ? បញ្ហា​មាន​តែ​មួយ​ទេ នោះ​គឺ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា​នេះឯង​។ អ្នកខ្លះ​រៀប​ការ​ហើយ​មិន​ទាន់​បាន​១​ឆ្នាំ​ផង ក៏​លែងលះ​គ្នា​ទៅ​វិញ ខណៈ​ដែល​ឪពុក​ម្តាយ​ដើ​​រស​ង​ចំណងដៃ​មង្គលការ​មិន​ទាន់​គ្រប់​ផង​នោះ ។

ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ដោយសារ​ការ​បែកបាក់​ប្តី​ប្រពន្ធ និង​ជះ​ឥទ្ធិពល​អាក្រក់​នោះ គឺ​ប្តី​ប្រពន្ធ​ដែល​មានកូន​ហើយ​បែកបាក់​គ្នា តើ​កូន​ដែល​គ្មាន​កំហុស​ត្រូវ​ប្រឈម​នឹង​បញ្ហា​បែប​ណា? ដោយ​មិន​ចង់​ផ្តើមសេចក្តី​ឱ្យ​វែង​ឆ្ងាយ​ជាង​នេះ រឿងរ៉ាវ​អស់​និស្ស័យ​នឹង​គ្នា​មួយ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ និង​មានកូន​ស្រី​២​នាក់​ថែម​ទៀត បែរជា​អស់​និស្ស័យ​ស្នេហ៍​។

​រឿងរ៉ាវ​នោះ គឺ​ប្រពន្ធ​បាន​ដាក់​ពាក្យ​ប្តឹង​លែងលះ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​បណ្តេញ​ឱ្យ​ចុះ​ចេញពីផ្ទះ ដោយ​សុខចិត្ត​ប្រគល់​មេគោ​២​ក្បាល និង​កូនស្រី​ទាំង​២​នាក់​ឱ្យទៅ​រស់នៅ​ជាមួយ​ប្តី ។ ផ្ទុយ​ទៅ​វិញ​បណ្តឹង​ប្រពន្ធ​ដែល​ដាក់​ទៅ​តុលាការ ក៏​បាន​ប្តឹង​ទាមទារ​ចែកទ្រព្យ​សម្បត្តិ​និង​កូន​ទៅ​វិញ ។

មិន​មាន​ន័យ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​នោះ​ទេ តែ​គឺជា​ចរិត​ព័ត៌មាន​ទាក់ទង​នឹង​សង្គម​សុទ្ធសាធ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ព័ត៌មាន​ដែល​កោះសន្តិភាព​បាន​ទទួល​ការ​ផ្តល់​ព័ត៌មាន​ពី​បុរស
ជា​ប្តី ។ លោក ឡុ​ង ឈឿ​ន អាយុ​៣៨​ឆ្នាំ ជា​ប្តី​រៀបរាប់​ថា ពួក​គាត់​បាន​រៀប​ការ​និង​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ រហូត​ទទួល​បាន​ចំណងដៃ​គឺ​កូនស្រី​២​នាក់ ។ ពួក​គេ​ធំ​ៗ​អស់ហើយ គឺ​ម្នាក់​អាយុ​១០​ឆ្នាំ​និង​ម្នាក់​អាយុ​៩​ឆ្នាំ ។

លោក ឡុ​ង ឈឿ​ន បន្ត​ថា ជាង​១​ឆ្នាំ​មក​ហើយ​ដែល​ប្រពន្ធ​គាត់​មិន​ឲ្យ​ដេក​ក្បែរ ថែម​ទាំង​ជេរ​ប្រមាថមើលងាយ​ដេញ​គាត់​ឲ្យ​ចុះ​ពី​ផ្ទះ​ថែម​ទៀត ។ ប៉ុន្តែ​ដោយ​ការ​អាណិត​កូនស្រី​ទាំង​២​នាក់ គាត់​បាន​អង្វរ​ប្រពន្ធ​ដើម្បី​បន្ត​ការ​រួមរស់​ជាមួយ​គ្នា​ក្នុង​សុភមង្គល តែ​នាង​ថា​មិន​ព្រម​ដាច់ខាត ហើយ​សុខចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួម​ជាមួយ​កូនស្រី​ទាំង​២​នាក់​ឲ្យ​គាត់​ជា​ប្តី​ឲ្យ​តែ​ព្រម​ចុះ​ចេញពីផ្ទះ​។

លោក ឡុ​ង ឈឿ​ន រៀបរាប់​ទៀត​ថា រឿងរ៉ាវ​ប្តី​ប្រពន្ធ​របស់​គាត់​នេះ ទោះបី​អាជ្ញាធរ​ភូមិ​-​ឃុំខំប្រឹង​សម្របសម្រួល​យ៉ាងណា​ក៏​ដោយ ក៏​ប្រពន្ធ​គាត់​មិន​ព្រម​ជា​ដាច់ខាត គឺ​ទាមទារ​ត្រូវ​តែ​លែងលះ ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​កិច្ចសន្យា​ដោយ​ភាគី​ខាង​ប្រពន្ធ​ព្រម​ប្រគល់​មេគោ​២​ក្បាល និង​កូនស្រី​ទាំង​២​នាក់​ឲ្យ​មក​គាត់​ជា​ប្តី​ជា​អ្នក​មើលថែ​រក្សា ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ដឹង​ឮ ។ លុះ​ឥឡូវនេះ ស្រាប់តែ​ប្រពន្ធ​គាត់​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដោយ​ទាមទារ​ចែកទ្រព្យ​សម្បត្តិ និង​កូន​ទៅ​វិញ ។

ប្តី​ប្រពន្ធ​នេះ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ​៣ ឃុំសំរោង​ធំ ស្រុក​កៀនស្វាយ ហើយ​កូនស្រី​ទាំង​២​នាក់ កូនច្បង​ឈ្មោះ ស៊ីម ផា​រី អាយុ​១០​ឆ្នាំ និង​កូន​ប្អូន​ឈ្មោះ ស៊ី​ម ស្រី​វី​ន អាយុ​៩​ឆ្នាំ ។

លោក ឡុ​ង ឈឿ​ន បាន​រៀបរាប់​ទាំង​អួល​ដើម​កថា ប្រពន្ធ​គាត់​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ដែល​ចាស់ទុំបាន​ផ្សំផ្គុំ​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ប្រពៃណី​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ។ ចាប់តាំងពី​រៀប​ការ​ហើយ ពួក​គាត់​ទាំង​២​នាក់​បាន​ចាប់ដៃ​គ្នា​រក​ស៊ី​មិន​ដែល​មានរឿង​រ៉ាវ​អ្វី​ក្នុង​គ្រួសារ​ឡើយ ដោយ​ប្រពន្ធ​លក់ដូរ​បន្តិចបន្តួច ឯ​រូប​គាត់​ដើរ​ធ្វើ​កម្មករ​សំណង់ កម្មករ​ដំឡើង​រោងការ និង​មើល​គោ ច្រូតស្មៅ​គោ​ផង​ដែរ រហូត​ដល់​សល់​លុយកាក់​បន្តិចបន្តួច​ក៏​ទិញ​ឈើ​ធ្វើ​ផ្ទះ​នៅ​លើ​ដី​ដែល​ឪពុក​ខាង​ស្រី​ចែក​ឲ្យ​សម​ល្មម​រស់នៅ​ក្នុង​គ្រួសារ ។

ចំពោះ​មុខ​អាជ្ញាធរ​ឃុំ ស្ត្រី​ជា​ប្រពន្ធ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ខ្លួន​រករឿង​លែង​ប្តី​នេះ គឺ​មក​ពី​ប្តី​មិន​ចេះ​រក​ស៊ី​អ្វី ហើយ​ពេល​ខ្លួន​ឈឺ​ម្តង​ៗ​ប្តី​មិន​ជួយ​មើលថែ​ទេ ។

រឿង​ដែល​ធ្វើ​ឲ្យ​លោក ឡុ​ង ឈឿ​ន ខ្វាយខ្វល់​នោះ គឺ​ភាគី​ខាង​ប្រពន្ធ​មិន​គោរព​តាម​កិច្ចសន្យា​នៅ​ភូមិ​-​ឃុំ បែរជា​ប្តឹង​ទៅ​តុលាការ ចេញ​ដីកា​កោះហៅ​រូប​គាត់​ឲ្យ​ចូលខ្លួន ដើម្បី​បែងចែក​កូន និង​ទ្រព្យសម្បត្តិ​ជា​ថ្មី ។ រូប​គាត់​សូម​លើកដៃ​សំពះ​អង្វរ​ដល់​លោក​តុលាការ កុំ​ឲ្យ​កូន​ទាំង​២​នាក់​បែក​គ្នា ព្រោះ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ។

ម្យ៉ាងទៀត មិន​ចង់​ឲ្យ​ទៅ​នៅ​ជាមួយ​ម្តាយ​គេ​ទេ ព្រោះ​បើ​ម្តាយ​ចេះ​គិត​អនាគត​កូន មិនមែន​ដេញ​ប្តី​និង​កូន​ឲ្យ​ចុះ​ចេញពីផ្ទះ​ដោយ​គ្មាន​មូលហេតុ​នោះ​ឡើយ​។ រូប​គាត់​និង​កូន​ចុះ​ចេញពីផ្ទះ​មក​យក​តែ​មេគោ​២​ក្បាល​ប៉ុណ្ណោះ រីឯ​ដី​ផ្ទះ លុយកាក់​សុខចិត្ត​ឲ្យ​ទៅ​ខាង​ប្រពន្ធ​ទាំងអស់ ធ្វើ​ម៉េច​ឲ្យ​តែ​កូន​ទាំង​២​នាក់​រស់នៅ​ជួបជុំ​បងប្អូន ៕