បំណង​ចង់​ជួប​ថៃ​ម្ដង​ទៀត​​របស់​គ្រូ ​U16 ​កម្ពុជា ​បាន​សម្រេច រំពឹង​សងសឹក​បាន

លោក Inoue Kazunori ​ គ្រូ​បង្វឹក​ក្រុម U16 ​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា​លោក​ចង់​ជួប​ថៃ​ម្ដង​ទៀត​ក្នុង​ពាន​រង្វាន់ AFF U16 Champioship 2016 ​នេះ ​បន្ទាប់​ពី​ចាញ់​ដោយ​លទ្ធផល ៦-០ ​ម្ដង​មក​ហើយ ​ក្នុង​វគ្គ​ចែក​ពូល។ ខណៈ​ពេល​​នេះ បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​ហើយ ដោយ​ថ្ងៃ​ស្អែក​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជាមួយ​ថៃ ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣ ​នៅ​វេលា​ម៉ោង៣:៣០​នាទី​រសៀល នា​ពហុ​កីឡដ្ឋាន​ជាតិ។

 

បំណង​ចង់​ជួប​ថៃ​ម្ដង​ទៀត​​របស់​គ្រូ ​U16 ​កម្ពុជា ​បាន​សម្រេច រំពឹង​សងសឹក​បាន

 លោក Inoue Kazunori ​ 

 

មុន​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​នេះ​ដែរ គ្រូ​បង្វឹក​ U16 កម្ពុជា ​មិន​ធានា​ថា​នឹង​យក​ឈ្នះ​បាន​១០០​%​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​នឹង​ប្រឹង​ណែនាំ​កូន​ចៅ​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​រក​ជ័យជម្នះ​បាន។ ថៃ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ ​គិត​ថា​មិន​ខុស​ពី​ក្រុម​ផ្សេង​ៗ​នោះ​ទេ ដោយ​កម្ពុជា​នៅ​តែ​មាន​ឱកាស​ឈ្នះ​ជា​និច្ច។

 

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​កម្ពុជា ​ធ្លាប់​ប៉ះ​ជាមួយ​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​ថៃ ​ចំនួន​៣​ដង​មក​ហើយ ដោយ​ក្នុង​នោះ​ចាញ់​ទាំង​៣​ប្រកួត ពោល​គឺ​នៅ​ឆ្នាំ​២០០៩ ​ថៃ ៨-០ ​កម្ពុជា ​ឆ្នាំ​២០១៥ ​កម្ពុជា ០-១ ​ថៃ ​និង​ចុង​ក្រោយ​នេះ​ កម្ពុជា ០-៦ ​ថៃ ៕

 

អត្ថបទ៖ មុន្នី រម្យ