បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​ខេត្តកំពង់ចាម និង​បាត់ដំបង​ត្រូវ​បាន​កាត់​បន្ថយ និង​ដោះស្រាយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពង់ចាម និង​បាត់ដំបង គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៣.៣៥៥​លាន​យេ​ន ស្មើនឹង​ប្រហែល​៣៣,៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន បញ្ហា​កង្វះខាត​ទឹក​ស្អាត​នៅ​ខេត្ត​ទាំង​ពីរ​ខាងលើ​ត្រូវ​បាន​កាត់​បន្ថយ និង​ដោះស្រាយ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (MIH)  និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ។

សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​នេះ នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​បង្កើន​នូវ​អត្រា​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​កម្រិត​ទាប (៤៥%​នៅ​ខេត្តបាត់ដំបង និង​៣៥%​នៅ​ក្នុង​ខេត្តកំពង់ចាម​) ឲ្យ​កើន​ដល់​៨៥%​នៅ​ត្រឹម​ឆ្នាំ​២០១៩​ផង​ដែរ ។ ក្នុង​នោះ ប្រជាជន​ប្រមាណ​១១៩​ពាន់​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ទីរួមខេត្ត​ទាំង​២ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​រួមចំណែក​លើកកម្ពស់​សុខភាព និង​លក្ខខណ្ឌ​អនាម័យ​សាធារណៈ កាត់​បន្ថយ​ការ​កើត​ជំងឺ​ផ្សេង​ៗ ដែល​ឆ្លង​តាម​រយៈ​ការ​ប្រើប្រាស់​ទឹក កាត់​បន្ថយ​កម្លាំង​ពលកម្ម និង​ពេលវេលា​ក្នុង​ការ​ស្វែងរក​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ដែល​ជា​ធម្មតា ជា​បន្ទុក​ការងារ​របស់​ស្ត្រី និង​កុមារ ។

តាម​សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​នេះ​រួម​មាន ៖ បរិក្ខារ​បូម និង​បញ្ជូន​ទឹក​ឆៅ​, រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​, ប្រព័ន្ធ​បណ្ដាញ​បញ្ជូន និង​ចែកចាយ​ទឹក​ស្អាត​, បរិក្ខារ​ភ្ជាប់​បណ្ដាញ​ចូល​ផ្ទះ​, ជំនួយ​បច្ចេកទេស​សម្រាប់​ប្រតិបត្តិការ និង​ថែរក្សា​បរិក្ខារ​ផលិត​ទឹក​ស្អាត នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ផង​ដែរ ។ ជា​ពិសេស គឺ​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ការ​ធានា​ឲ្យ​មានការ​ត​ភ្ជាប់​បណ្ដាញ​ចូល​ផ្ទះ​របស់​គាត់​ដើម្បី​ទទួល​បាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ។

គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ គឺជា​គម្រោង​គំរូ​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១​មក សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​២៦២​លាន​ដុល្លារ​អា​មេ​រិ​ក ។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទាំង​ពីរ​នេះ គឺជា​រោងចក្រ​ទី​៤ និង​ទី​៥ ដែល​ត្រូវ​បាន​សាងសង់​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំនួន​ពីរ​មា​នទី​តាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មួយទៀត​នៅ​ក្នុង​ខេត្តសៀមរាប ។

នៅ​ឆ្នាំ​២០១៩​ខាង​មុខ នឹង​មាន​រោងចក្រ​ប្រ​ពឹត្ត​កម្ម​ទឹក​ស្អាត​ចំនួន​២​ទៀត ត្រូវ​បាន​ធ្វើការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខេត្តកំពត និង​សៀមរាប ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​ផង​ដែរ ។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្តកំពង់ចាម និង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ម្សិល​មិញ សម្តេច តេ​ជោ ហ៊ុន សែន បាន​អបអរ​ចំពោះ​ពលរដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ​ដែល​ទទួល​បាន​សមិទ្ធផល​នេះ ដោយ​ខេត្តកំពង់ចាម មាន​ប្រភព​ទឹក​ពី​ទន្លេមេគង្គ និង​ខេត្តបាត់ដំបង យក​ប្រភព​ទឹក​ពី​ស្ទឹង​សង្កែ ដែល​មាន​កម្លាំង​ផលិត​ទឹក​ជាង​៣​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ ហើយ​បើក​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​មក​ភ្លាម គឺ​ទទួលទាន​បាន​តែ​ម្តង ។ ទន្ទឹម​នឹង​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ប្រជាជន​ខ្មែរ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា។

រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍន៍​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​ផ្ដល់​អាទិភាព​ក្នុង​ការ​គាំទ្រ​លើ​វិស័យ ផ្គត់ផ្គង់​ទឹក​ស្អាត ព្រមទាំង​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្សេង​ៗ​ទៀត ។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​ទឹក​ស្អាត ដែល​ជា​វិស័យ​ដ៏​សំខាន់​ដើម្បី​រក្សា​នូវ​និរន្ដរភាព ព្រមទាំង​ការ​ពង្រឹង និង​ពង្រីក​ការ​ផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ដល់​អ្នក​ប្រើប្រាស់ រួម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ដែរ ៕