ស្តាយ​ដដែល ប្លន់​បាន​សម្រេច​ដដែល តែ​គេច​មិន​រួច

ខេត្តតាកែវ ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ទ្រាំង​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដួន​កែវ ធ្វើការ​ដេញចាប់​បាន​ចោរប្លន់​បាន​២​នាក់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​នៅ​ស្រុក​ទ្រាំង ។

តាម​សម្តី​របស់​លោក ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដួន​កែវ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ទឹកដី​ស្រុក​ទ្រាំង ហើយ​គោលដៅ​ដែល​ជនសង្ស័យ​មក​គឺ​ក្រុង​ដូន​កែវ កម្លាំង​របស់​លោក​បាន​ធ្វើការ​ទាក់ទង​តាម​អាយ​ឌី​រហូត​ឃើញ​មុខសញ្ញា​ជនសង្ស័យ ក៏​បាន​ជិះ​រថយន្ត និង​ម៉ូតូ​ដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​បាន​២​នាក់ និង​វត្ថុ​តាង នៅ​ចំណុច​ជិត​សាលាក្រុង ស្ថិត​នៅ​ក្នុងភូមិ​ស្នោ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក​អធិការ​បាន​បន្ថែម​ទៀត​ថា ក្រោយ​សួរ​ចម្លើយ​បឋម​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ជនសង្ស័យ​ទាំង​២​នាក់​នោះ​មានឈ្មោះ ព្រំ ភក្តី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​មិត្តភាព ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ និង ឈ្មោះ ញ៉ែ​ម ស៊ឺ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ក្រឹ​ត ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាប ។ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ទៀត​ថា ពួក​គេ​ពិតជា​បាន​វាយ​ប្លន់​យក​ម៉ូ​តួ​ពី​ជន​រង​គ្រោះ​ពិត​ប្រា​ដ​ត​មែន ដោយ​ពួក​គេ​ជិះ​ម៉ួ​តូ​កៀរ​ម៉ួ​តួ​ជន​រង​គ្រោះ​ឲ្យ​ឈប់ រួច​បាន​ដាល់​មួយ​ដៃ​ចំ​ភ្នែក​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល បន្ទាប់​មក​ពួក​គេ​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​ចេញ​មក​សំដៅ​ទីរួមខេត្ត​តាកែវ ។

លោក​អធិការ​បញ្ជាក់​ថា ម្ចាស់​ម៉ូតូ​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានឈ្មោះ សែ​ម សេង​លី ជា​ប្តី អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ គឹ​ម​សេង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ បាន​និយាយ​ថា ពេល​ព្រឹក​ម៉ោង​ប្រហែលជា​១០ និង​៣០​នាទី ប្រពន្ធ​របស់​គាត់​ឈ្មោះ សុខ គឹ​ម​ហេង បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ មិន​ទាន់​មាន​ស្លាក​លេខ មក​ទិញ​ម្ហូប​នៅ​ផ្សារ មិន​ទាន់​ទាំង​ដល់​ផ្សារ​ផង​ក៏​ត្រូវ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូ​តួ​មក​កៀរ​គាត់​ឲ្យ​ឈប់ និង​បាន​ដាល់​គាត់​១​ដៃ​ចំ​ភ្នែក ធ្វើ​ឲ្យ​គាត់​ដួល ទើប​យក​ម៉ូតូ​គាត់​ជិះ​មក​ទីរួមខេត្ត​តាកែវ ។ ក្រោយ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​រួច គាត់​បាន​មក​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់ការ​តាម​និ​តិ​វី​ធី ៕