និយាយ​ខុស ! «​នៅ​លើ​ពិភពលោក​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​បន្ទោស ហ៊ុន សែន ទេ​»

ខេត្តបាត់ដំបង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​សោកស្តាយ​ត្រង់​ថា ជំនួប​ខ្ញុំ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ ក្នុង​ឋានៈ​ជា​មិត្តភក្តិ​ផង និង​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា ដែល​ជំនួប​នោះ​មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ជប៉ុន តែ​បែរជា​មាន​សារព័ត៌មាន​មួយ​នៅ​ភ្នំពេញ​ជា​ភាសា​ខ្មែរ​ផង ភាសា​អង់គ្លេស​ផង​ចេញផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្តីបន្ទោស​ឱ្យ​ហ៊ុន សែន​ទៅវិញ​...​។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នៅ​លើ​ពិភពលោក​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ស្តីបន្ទោស​ឱ្យ​ហ៊ុន សែន ទេ សុំ​ទោស រឿង​ស្តីបន្ទោស​អត់​ទេ​...​សូ​ម្បី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក អូ​បា​ម៉ា មក​ស្រុក​ខ្មែរ គាត់​មិនមែន​មក​ស្តីឱ្យ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទេ​...​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​៣៣,៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ទាក់ទង​នឹង​ករណី​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​មាត់​មិន​កអី​ទេ សូម​ទុក​ឱ្យ​ជប៉ុន​ឆ្លើយ​តប​ចុះ ។ ខ្ញុំ​ម្តងនេះ​មិន​ឆ្លើយ​តប​ទេ ពិតមែន​ហើយ ខ្ញុំ​ទុក​ឱ្យ​លោក​អា​បេ​ឆ្លើយ​តប ។ ខ្ញុំ​ទុក​ឱ្យ​មន្ត្រី​ជប៉ុន​ទាំងឡាយ​ឆ្លើយ​តប​ថា តើ​អត្ថបទ​ហ្នឹង​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ ។ ខ្ញុំ​ចាំ​មើល​ដែរ ព្រោះ​សិទ្ធិ​បញ្ចេញមតិ​ត្រូវ​បាន​គោរព ក៏​ប៉ុន្តែ​និយាយ​ខុស​គួរតែ​ត្រូវ​បាន​កែតម្រូវ ។

សូម​ឱ្យ​ភាគី​ជប៉ុន​កែតម្រូវ​ចុះ ព្រោះ​ខ្ញុំ​ធុញទ្រាន់​ណាស់​ជាមួយនឹង​ការ​ដែល​គេ​មួលបង្កាច់​នេះ ។ ដូច្នេះ​សូម​ទុក​ឱ្យ​ជប៉ុន និង​ប្រគល់​ភារកិច្ច​ជូន​លោក​ឯកអគ្គរាជទូត​ជប៉ុន​កែតម្រូវ​ហើយ​អាច​សួរ​ទៅ​លោក​អា​បេ ថា ដូច្នេះ​មែន ឬ​អត់?

បើ​មិន​បាន​សួរ​ទៅ​លោក​អា​បេ ក៏​សួរ​ទៅ​អ្នក​កត់ត្រា​របស់​ជប៉ុន​ទាំងឡាយ តើ​លោក​អ​បេ​និយាយ​ជាមួយនឹង​ខ្ញុំ​អ៊ី​ចឹ​ង​មែន​ទេ ព្រោះ​លោក​អា​បេ​ជាមួយ​ខ្ញុំ​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់​។ គាត់​ជា​ប្រធាន​សមាគម​កសាង​សាលារៀន​ផង ពេល​ដែល​គាត់​ឈប់​ធ្វើ​នាយក​រដ្ឋមន្ដ្រី គាត់​ដឹកនាំ​ប្រតិភូ​មួយ​មក​ធ្វើ​សាលារៀន​នៅ​ស្រុក​ខ្មែរ ។ នៅ​ពេល​ជួប​គ្នា​ដំបូង គាត់​បាន​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​របស់ខ្ញុំ ។ គាត់​ប្រើ​ពាក្យ​ដូច្នេះ ដែល​ខ្ញុំ​មិន​ហ៊ាន​ប្រើ​ជាមួយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ទេ ។ គាត់​ប្រើ​ពាក្យ​ថា «​សូម​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​អ្នកដឹកនាំ​បន្ដវេន​វ័យក្មេង​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​» ។

ដូច្នេះ នេះ​បង្ហាញ​ពី​ទំនាក់ទំនង​មិន​គ្រាន់តែ​រវាង​រដ្ឋ​និង​រដ្ឋ​ទេ ក៏​ប៉ុន្ដែ​វា​ក៏​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់​រវាង​ខ្ញុំ​ជាមួយនឹង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ផង​ដែរ ។

ប៉ុន្តែ​មិន​គួរ​មាន​សារព័ត៌មាន​ចុះ​ផ្សាយ ហើយ​ការ​ចុះ​ផ្សាយ​នោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​មន្ដ្រី​ជប៉ុន​ឯណោះ ក្នុង​ពេល​ដែល​ជប៉ុន​បាន​និយាយ​ដ៏​ល្អ ហើយ​ធ្វើ​កិច្ចការ​ដ៏​ល្អ និង​មក​ចូលរួម​ពិធី​សម្ពោធ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ថ្ងៃនេះ​។ រឿង​អ្វី​ដែល​ជប៉ុន​គេ​បែរជា​ទៅ​និយាយ​អ៊ីចឹ​ង ។

សម្ដេច​បាន​ទុក​ភារកិច្ច​ជូន​លោក​ឯកអគ្គរាជទូត​ជប៉ុន​កែតម្រូវ​យ៉ាងម៉េច​កែ​ទៅ​ចុះ ព្រោះ​ខ្ញុំ​ធុញទ្រាន់​នឹង​ការ​មួលបង្កាច់​ម្តង​ហើយ​ម្តងទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​មួយចំនួន ។ អ្នកវិភាគ​និយាយ​ថា ការ​និយាយ​ខុស​ត្រូវ​តែ​កែតម្រូវ ៕