ញាក់សាច់ ! ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ទម្រាំ​ចាប់​បាន

ខេត្តស្វាយរៀង ៖ ជនវៀតណាម​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយ​ទាប​ពួនស្ទាក់​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ទម្រាំ​ចាប់​បាន បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​លួច​កាច់ក​ម៉ូតូ​នៅ​ក្រុង​បា​វិត​ហើយ​ជិះ​គេចខ្លួន​រហូត​ដល់​ស្រុក​ស្វាយ​ទាប តែ​សមត្ថកិច្ច​ក្របួច​ចាប់​បាន​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​បន្ទាយ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ទិញ វ៉ា​ន់​ទិញ អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ផ្កា រស់នៅ​ភូមិ​ដុ​ង​តឹ​ម ឃុំ​ទិន​ឡុ​ក ស្រុក​ទិន​ប៊ៀ​ង ខេត្ត​តៃ​និ​ញ​,​ប្រទេស​វៀតណាម ។ ដោយឡែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​រង​គ្រោះ​មានឈ្មោះ កែវ សុ​ផាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ចំណែក​ម៉ូតូ​ដែល​ចោរ​បាន​កាច់ក​នោះ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៤៨៩៦៣៥ ។

សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​ជនជាតិ​វៀតណាម​កាច់ក​ម៉ូតូ ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​តាម​រយៈ​វី​ទ្យុ​ទាក់ទង​រហូត​មក​ដល់​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ទើប​សមត្ថកិច្ច​បានឃើញ​ជន​ស្ស័​យ​ជិះ​មក​ដល់​ចំណុច​ខាងលើ ហើយដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ជនសង្ស័យ​ក៏​បាន​ទម្លាក់​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ស៊យ​ធំ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ចាំ​ស្ទាក់​ចាប់​បាន​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕