តើ​កូរ៉េ​ខាងជើង​មាន​រោងចក្រ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​លាក់​ក្នុង​ព្រៃ​ឬ?

ពួក​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​អាច​កំណត់​ពី​រោងចក្រ​សម្ងាត់​មួយ​របស់​កូរ៉េ​ខាងជើង​ដែល​ប្រើ​សម្រាប់​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ដោយ​ឡ​ឧស្ម័ន ដែល​របប​ក្រុង​ព្យុ​ង​យ៉ាង​អាច​ប្រើប្រាស់​ពេល​ចាប់ផ្តើម​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០ និង​នា​ដើម​ទស​វត្ស​ឆ្នាំ​២០០០ ។

យោង​ព័ត៌មាន​ពី​ប្រទេស​ចិន គឺ​ពី​អ្នក​រត់​ភៀសខ្លួន​ជា​មនុស្ស​សំខាន់​ម្នាក់​របស់​កូរ៉េ​ខាងជើង និង​ពី​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក ព្រមទាំង​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​វិភាគ​បណ្តា​រូបភាព​ផ្កាយ​រណប វិទ្យាស្ថាន វិទ្យាសាស្ត្រ និង​សន្តិសុខ​អន្តរជាតិ ISIS មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ផ្តោត​លើ​មូលដ្ឋាន​កងទ័ពអាកាស​មួយ​ស្ថិត​នៅ​ចម្ងាយ​៤៣​គីឡូម៉ែត្រ ខាងលិច​ទីតាំង​នុយក្លេអ៊ែរ YONGBYON ។ គឺ​ទីតាំង YONGBYON ដែល​កូរ៉េ​ខាងជើង​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ។ កាលពី​ឆ្នាំ​២០០៧ រេ​អាក់​ទ័​រ​នៅ YONGBYON បាន​បិទ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ជំនួយ​មនុស្សធម៌ តែ​របប​ក្រុង​ព្យុ​ង​យ៉ាង​ដំណើរការ​វា​វិញ​ក្នុង​ឆ្នាំ​២០១៥ ។

រោងចក្រ​សម្ងាត់​នេះ​ប្រហែលជា​ស្ថិត​នៅ​កន្លែង​ក្រោម​ដី​មួយ​នា​ភាគ​អាគ្នេយ៍​មូលដ្ឋាន​អាកាសចរណ៍ ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ​មួយ ។ រោងចក្រ​នេះ​ពី​មុន​អាច​មាន​ឡ​ចម្រាញ់​រវាង​ពី​២០០​ទៅ​៣០០ ក៏​ប៉ុន្តែ ISIS ពុំ​មាន​ព័ត៌មាន​ណាមួយ​ដែល​ថា​រោងចក្រ​នេះ​នៅ​ដំណើរការ​ដូច​រោងចក្រ​មួយទៀត ឬ​យ៉ាងណា​ឡើយ ៕