សមាសភាព​គូប្រកួត​ប្រដាល់​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​ក្រោយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា​ថ្ងៃ​សៅរ៍​ ទី​៣០ កក្កដា ខាង​មុខ​នេះ មាន​ទាំងអស់​៥​គូ​ក្នុង​នោះ​គូប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​មាន​ចំនួន​២​គូ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​យកឈ្នះ​កីឡាករ​បរទេស​បាន​ដោយ​របៀប​ណា ខណៈ​ភាគី​កីឡាករ​ថៃ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ពិបាក​ផ្ដួល​បែប​ហ្នឹង​នោះ​។

គូ​អន្តរជាតិ​ទាំង​២​គូ​នេះ​តម្រូវ​ទៅ​លើ​កីឡាករ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Yart Sayam​ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម និង​កីឡាករ​ចាន់ ចំរើន មក​ពី​ក្លិប​និរោធ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Poun Swath ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

បើ​តាម​ការ​ឱ្យ​ដឹង ភាគី​កីឡាករ​ថៃ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេ ទើប​គ្មាន​អ្នក​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ច្បាស់ ។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​លោក​សុខ សំណាង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អប្សរា​ថា កីឡាករ​ថៃ​ទាំង​២​រូប​នេះ​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ ជា​ពិសេស YartSayam ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថុ​ល មក​រា លើក​នេះ​មាន​ស្នៀតគុន​ល្អ​ទាំង​ព្រមទាំង​ស្នៀត​កែង​និង​ជង្គង់​ឡើង​ទៅ ចំណែក​កម្លាំង​ស៊ុ​ហ្វ​អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​មិន​ចេះ​ហត់​ឡើយ ។ ប៉ុន្តែ​ថុ​ល មក​រា មិនមែន​ជា​ជើង​អន់​នោះ​ទេ ទោះបី​មិនសូវ​ពូកែ​ស្នៀត​កែង​និង​ជង្គង់​នោះ​ទេ ប៉ុន្តែ​ស្នៀត​ម៉ាត់​របស់​គេ​ល្អ​ខ្លាំង​ណាស់។ ចាំ​មើល​ការ​ប្រកួត​លើក​នេះ ​ថុ​ល មក​រា និង​Yart Sayam អ្នក​ណា​ខ្លាំង​ជាង?

ចំណែក​ចាន់ ចំរើន ជួប​កីឡាករ​ថៃ​Poun Swath​លើក​នេះនោះ​ក៏​មិន​អាច​វាយតម្លៃ​ទុក​មុន​បាន​ដែរ ។ កីឡាករ​ថៃ​រូប​នេះ​ថ្វី​ដ្បិតតែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​កុំ​មើល ស្រាល​ឱ្យ​សោះ ព្រោះ​តាម​ដឹង​គេ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុក​ថៃ​ដែល​កម្រ​មាន​អ្នក​ណា​ផ្ដួល​គេ​បាន​ខ្លាំង​ណាស់ ។ ប៉ុន្តែ​សម្រាប់​កីឡាករ​កម្ពុជា វិញ​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ប៉ុន្មាន​ទេ​ដោយសារ​យូរ​ៗ​ម្ដង​ទើប​គេ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិនសូវ​មាន​ទំនុកចិត្ត​លើ​គេ​ប៉ុន្មាន​ទេ ។ ទោះបី​យ៉ាងណា​កុំ​អាល​ទាយ​ទុក​មុន​អី ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​សិន​អ្នក​ណា​ខ្លាំង​អ្នក​ណា​ខ្សោយ​គង់តែ​ដឹង​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ​មាន​កីឡាករ ឆោម ប៊ុ​ន​ឡុ​ង​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ម៉​ន គី​ម​សុង មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។ កីឡាករ ស៊ូ ផា​ន់​យ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ អេ មេ​ឃា​មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ​ម៉ឺន វិស័យ​មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ​ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​៕