លោក សម រង្ស៊ី អះអាង​ថា សម្ដី​របស់​ខ្លួន​នៅ​សភា​អឺរ៉ុប ជា​វិធី​សាស្ត្រ​ក្នុង​ការ​ចរចា

អ្វីដែលបានលើកឡើងនៅសភាសហភាពអឺរ៉ុប គឺជាវិធីសាស្ត្រក្នុងការចរចា ដើម្បីស្នើឲ្យអ្នកបញ្ជាទិញ ដាក់សម្ពាធទៅលើថៅកែរោងចក្រកាត់ដេរនៅកម្ពុជាឲ្យតម្លើងប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារសម្រាប់ជួយដល់កម្មករខ្មែរ។ នេះជាការអះអាងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងប្រតិកម្មដូចព្យុះចំពោះការលើកឡើងរបស់លោកនៅសភាអឺរ៉ុបកាលពីថ្ងៃទី១៣កក្កដាកន្លងទៅ។ ជាការលើកឡើងដែលថា ក្នុងលក្ខខណ្ឌដែលសហភាពអឺរ៉ុបលូកដៃបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា គឺមិនប៉ះពាល់ដល់កម្មករនិងប្រជាពលរដ្ឋតូចតាចទេ។

ប្រសាសន៍របស់លោក សម រង្ស៊ី ថ្លែងនៅសភាអឺរ៉ុប នៅថ្ងៃទី១៣កក្កដា អំពីទីផ្សារសម្លៀកបំពាក់កម្ពុជា នៅតែជាសង្គ្រាមប៉ាកានៅឡើយរហូតមកទល់ពេលនេះ។ ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅបរទេសរូបនេះ ត្រូវបានរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរ និងសហជីពជាច្រើនថ្កោលទោស និងចោទប្រកាន់ជាបន្តបន្ទាប់ថា មានបំណងផ្ដាច់ឆ្នាំងបាយខ្មែរ ខណៈការនាំចេញសម្លៀកបំពាក់ពីខ្មែរទៅអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ នៅឆ្នាំ២០១៥។

ឆ្លើយតបទៅនឹងប្រតិកម្មដូចព្យុះនេះ លោក សម រង្ស៊ី បានបង្ហាញវីដេអូ និងសរសេរពន្យល់បន្ថែមនៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា លោកមិនបានអំពាវនាវឲ្យសហភាពអឺរ៉ុប បិទទីផ្សាររបស់គេតែម្ដងទេ។ លោកថា បើអឺរ៉ុបលូកដៃចូលក្នុងទីផ្សារសម្លៀកបំពាក់នៅកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនមែនចេះតែបើកទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ ជាលក្ខខណ្ឌដែលលោក សម រង្ស៊ី អះអាងបន្ថែមនៅក្នុងទំព័រហ្វេសប៊ុកថា នឹងជំរុញឲ្យរដ្ឋាភិបាលចាប់ផ្ដើមគិតគូរពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បើតាម មេបក្សប្រឆាំងដដែល ការលូកដៃរបស់សហភាពអឺរ៉ុបក្នុងទីផ្សារសម្លៀកបំពាក់នេះ មិនធ្វើឲ្យប៉ះពាល់ដល់កម្មករឬប្រជាជនតូចតាចទេ។ អ្នកដែលប៉ះពាល់ គឺថៅកែធំៗទៅវិញទេ។ ថៅកែធំៗ មេឈ្មួញធំៗ ដែលចំណេញប្រាក់ច្រើន ហើយយកផ្នែកមួយនៃប្រាក់ចំណេញនោះ ទៅសូកប៉ាន់គណបក្សកាន់អំណាច។

សម្រាប់លោក សម រង្ស៊ី ការលើកឡើងរបស់លោកដូច្នេះនៅសភាអឺរ៉ុប គឺមិនខុសពីអ្វីដែលសហជីពធំៗនៅកម្ពុជាបានលើកឡើងជាមួយក្រុមហ៊ុនអន្ដរជាតិធំៗដែលជាអ្នកបញ្ជាទិញឡើយ។ ការលើកឡើងបែបនេះ គឺជាវិធីសាស្ត្រក្នុងការចរចា ដើម្បីស្នើឲ្យអ្នកបញ្ជាទិញ ដាក់សម្ពាធទៅលើថៅកែរោងចក្រកាត់ដេរនៅកម្ពុជាឲ្យតម្លើងប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារសម្រាប់ជួយដល់កម្មករខ្មែរ។ លោកថែមទាំងបានចោទប្រកាន់ថា រដ្ឋាភិបាលគណបក្សកាន់អំណាច កំពុងតែភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករ ដោយមួលបង្កាច់រូបលោកថា បានស្នើឲ្យអឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់ដែលនាំចេញពីកម្ពុជា៕

ប្រភពៈ RFI


Related Posts