ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង ត្រូវ​ទាហាន​បាញ់​ស្លាប់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​០៧​នាក់ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ ខណៈ​ពេល​ឆ្លង​ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​នៃ​ប្រទេស​ថៃ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៣​រសៀល នៅ​ចំណុច​ខាង​មុខ​ច្រក​ភ្លុក​ដំរី ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តេ​ង សល់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ប្រាំពីរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ តាម​ការ​ស៊ើបសួរ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​គ្នា​០៧​នាក់ មក​ពី​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​បាន​ដើរ​ចូល​ព្រៃ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ត្រង់​ចំណុច​ខាង​មុខ​ច្រក​ភ្លុក​ដំរី ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ទំនងជា​ទៅរ​កកាប់​ឈើ​ក្រ​ញូ​ង​។

ខណៈ​ពេល​ដែល​កំពុង​លប​លួច​ដើរ​ចូល​ទៅ​នោះ ក៏​ត្រូវ​ទាហាន​ថៃ​ដែល​ឈរជើង​យាម​ខ្សែក្រវាត់​ព្រំដែន​នៅ​ចំណុច​នោះ​បាញ់​រះ​តែ​ម្ដង បណ្ដាល​ឲ្យ​ត្រូវ​ឈ្មោះ តេ​ង សល់ មួយ​គ្រាប់​ចំ​បោះដៃផុត​ហូរ​ឈាម​ជោគ​ខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ចំណែក​០៦​នាក់​ទៀត​បាន​រត់គេច​ផុត​ពី​ការ​បាញ់​សម្លាប់​នេះ​។​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​បាញ់​ឲ្យ​រង​របួស​ហើយ​ពួក​ទា​ហ៊ាន​ថៃ បាន​សែង​សាកសព​ជន​រង​គ្រោះ​យក​ទៅ​បន្ទាយ​របស់​គេ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ប៉ុន្តែ​ទើបតែ​បញ្ជូន​ទៅ​ដល់​មិន​ទាន់​បាន​ព្យាបាល​ផង ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​។

ឥឡូវនេះ​ខាង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ដែល​ឈរជើង​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង​បាន​ទៅ​ទំនាក់ទំនង​សុំ​សាកសព​ជន​រង​គ្រោះ​ប្រគល់​ជូន​គ្រួសារ​។ លោក​វរសេនីយ៍ឯក គួ​យ សា​រឿ​ន ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ប្រាប់​កោះសន្តិភាព​ថា យើង​បាន​ទំនាក់ទំនង​ជាមួយ​ទាហាន​ថៃ និង​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត រួចរាល់​អស់ហើយ​ក្នុង​ការ​យក​សាកសព​មក​វិញ ហើយ​សាកសព​ជន​រង​គ្រោះ​នឹង​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​នៅ​ឯ​ភូមិ​ភ្នំ​ប្រាំពីរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​តាម​ច្រក​ដូង​នៅ​ថ្ងៃ​ទី​២២​នេះ​៕