កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

ជាកម្មវិធីដង្ហែសព បានចាប់ផ្ដើម ពីម៉ោង ៤ភ្លឺ រហូតដល់ម៉ោង១២កន្លះ ថ្ងៃត្រង់ នៅថ្ងៃអាទិត្យខាងមុខនេះ។ ជា​កម្មវិធី សម្រាប់​ឲ្យ​បណ្ដាជនខ្មែរ ដែលស្រឡាញ់លោក កែម ឡី អាចសម្ដែងក្ដី​អាឡោះ​អាល័យ​ លើក​ដៃ​លា​របស់​ពួក​គេ ជា​លើក​ចុង​ក្រោយ ជូនដំណើរ​ទៅដល់​អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ។ ជាការលាគ្នា​រហូត... លា​មិន​ត្រឡប់!
កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

លោក កែម ឡី អង្គុយម្នាក់ឯង នៅនឹងមាត់ទឹក ភ្នែកសម្លឹងមើលវែងឆ្ងាយ។ (រូបថតហ្វេសប៊ុក)

កម្មវិធីដង្ហែបុណ្យសព លោក កែម ឡី ទើបនឹងបាន​ធ្លាក់​ចុះ​មកដល់ នៅមុនពេលនេះបន្តិច។ កម្មវិធីបុណ្យក្នុង​ថ្ងៃ​អាទិត្យ​ខាងមុខ នឹងចាប់ផ្ដើម នៅម៉ោង៤ភ្លឺ ដោយការជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ នៅក្នុងទីអារាម នៃ​វត្ត​ចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ទៅ នៅម៉ោង១២កន្លះថ្ងៃត្រង់ នៅ​ក្នុង​បរិវេណ នៃគេហដ្ឋានរបស់ក្រុមគ្រួសារ លោក កែម ឡី នៅក្នុងខេត្តតាកែវ។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសព បានមានថេរដីកា​កាលពី​ម្សិល​ម៉ិញ​ថា សាលារាជធានីភ្នំពេញ បានឯកភាពយល់ព្រម ឱ្យគណៈកម្មការនិងគ្រួសារសព បានដង្ហែសពលោក កែម ឡី តាម​ផ្លូវ​ដែល​បាន​ស្នេីរសុំហើយ។

ការដង្ហែសពនេះ ត្រូវបាន​ចាត់ទុកម្យ៉ាងទៀត ថាជាការលាគ្នា ឬអាចជាការជូនដំណើរចុងក្រោយ នៃបណ្ដា​ជន​ខ្មែរ​​ជា​​ច្រើន​​សិប​​ពាន់​ម៉ឺននាក់ ជូនដល់លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ យ៉ាងព្រៃផ្សៃ កាលពីថ្ងៃ​អាទិត្យ ទី១០ ខែ​កក្កដា កន្លងទៅ ដោយជនប្រដាប់ដោយអាវុធ នៅកណ្ដាលរាជធានីភ្នំពេញ។ ប៉ុន្តែ បណ្ដាជន​ទាំង​​នោះ អាច​នឹងយំ​ជា​រៀងរហូត ព្រោះតែភាពស្ដាយស្រណោះ និងការនឹករលឹក ទៅដល់ឱវាតរបស់លោក កែម ឡី ដែល​លោកបានផ្ដល់ នៅពេលលោកនៅមានជីវិត៕

------------

» ខាងក្រោមនេះ ជាកម្មវិធីបុណ្យដង្ហែសពទាំងស្រុង៖

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ