អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ នាំមុខគេ​ក្នុងការ​បោះឆ្នោត​រើស​អគ្គលេខាធិការ UN និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា & ញឹក ស្រីល័ក្ខ      July-22-2016, 8:19 pm         420

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ នាំមុខគេ​ក្នុងការ​បោះឆ្នោត​រើស​អគ្គលេខាធិការ UN​ដំណើការ​បោះឆ្នោត​ជ្រើសរើស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កំពុងតែ​ធ្វើឡើង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​។ បេក្ខជន​ចំនួន​១២​នាក់ ដែល​សុទ្ធសឹង​ជា​អតីត​ថ្នាក់ដឹកនាំ​ប្រទេស និង​ស្ថាប័ន​ធំៗ កំពុង​ប្រជែង​គ្នា​ដើម្បី​ទទួល​ការគាំទ្រ​ពី​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សា​នេះ ខណៈ​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ កំពុងមាន​សំឡេង​នាំមុខ ក្នុងការ​បោះឆ្នោត​ជុំទីមួយ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក Antonio Guterres ទទួលបាន​សំឡេង​លើ​បេក្ខជន​ដទៃទៀត ក្នុងការ​បោះឆ្នោត​ជុំទីមួយ ដើម្បី​ស្វែងរក​អ្នក​ស្នង​តំណែង​លោក បាន គី​មូ​ន ដែល​ចប់​អាណត្តិ​ក្នុងឆ្នាំនេះ​។ លោក Antonio Guterres បាន​នាំមុខ​បេក្ខជន​១១​នាក់​ផ្សេងទៀត ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​។

​សមាជិក​ទាំង​១៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ ដែល​រួមទាំង​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ គឺ​ចិន បារាំង អាល្លឺម៉ង់ អាមេរិក រុស្សី និង​អង់គ្លេស ត្រូវដាក់​ពិន្ទុ​លើ​បេក្ខជន​ការបោះឆ្នោត​ជុំ​ដំបូង​។ ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយ​ថា សមាជិក​ទាំង​១៥ ត្រូវ​បោះឆ្នោត «​លើកទឹកចិត្ត​» «​មិន​លើកទឹកចិត្ត​» និង «​គ្មាន​យោបល់​» លើ​បេក្ខជន​ទាំង​១២​រូប ដែល​ក្នុងនោះ​មាន​ស្ត្រី​៦​នាក់​។

​បើ​យោងតាម​ប្រភពពី​មន្ត្រីការទូត លោក Antonio Guterres ដែល​ធ្លាប់ជា​ប្រមុខ​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​របស់ UN ទទួល​សំឡេង​លើកទឹកចិត្ត​ចំនួន​១២ និង​សំឡេង​គ្មាន​យោបល់​ចំនួន​៣​។ ជាមួយនឹង​លទ្ធផល​នេះ រដ្ឋមន្ត្រីការបរទេស​ព័រទុយហ្កាល់ Augusto Santo Silva ចាត់ទុក​លទ្ធផល​នេះ​ថា ជា​ចំណុច​វិជ្ជមាន និង​បញ្ជាក់ថា លោក Guterres នឹង​ក្លាយជា​អគ្គលេខាធិការ​ថ្មី​។

​ចំណែក​លំដាប់​ទី​ពីរ បាន​ទៅ​អតីត​ប្រធានាធិបតី​ស្លូ​វេ​នី លោក Danilo Turk ទទួលបាន​ការលើកទឹកចិត្ត​ចំនួន​១១​សំឡេង ពី​សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥​ប្រទេស​។ ដោយឡែក​បេក្ខជន​បីនាក់​ទទួល​ការគាំទ្រ​ចំនួន​៩​ស្មើគ្នា គឺ​អគ្គនាយក​UNESCO លោកស្រី Irina Bokova ជា​ជនជាតិ​ប៊ុល​ហ្ការី អតីតរដ្ឋមន្ត្រី​ការបរទេស​ស៊ែ​ប៊ី លោក Vuk Jeremic និង​អតីត​ប្រមុខ​ការទូត​ម៉ា​សេ​ដ្វា​ន លោក Srgjan Kerim​។

​អតីត​នាយករដ្ឋមន្ត្រី​ណូ​វ៉ែល​សេ​ឡង់ លោកស្រី Helen Clark ដែល​រំពឹងថា​ជា​បេក្ខជន​នាំមុខ​នោះ ធ្វើ​មិន​បានល្អ​ទេ ខណៈ​លោកស្រី​ទទួល​សំឡេង​លើកទឹកចិត្ត​បានតែ​៨ និង​មិន​លើកទឹកចិត្ត​៥​សំឡេង​។ ក្រៅពីនេះ បេក្ខជន​ដទៃទៀត សុទ្ធ​ទទួលបាន​សំឡេង​មិន​លើកទឹកចិត្ត​ច្រើន​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹង​ជួបគ្នា​ម្ដងទៀត ដែល​ទំនងជា​នៅ​សប្ដាហ៍​ក្រោយនេះ សម្រាប់​ការបោះឆ្នោត​ជុំ​ទី​ពីរ ខណៈដែល​បេក្ខជន​ចុងក្រោយ អាច​នឹងត្រូវ​ប្រកាស​នៅ​ខែតុលា ដើម្បី​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែលមាន​សមាជិក​១៩៣​ប្រទេស បោះឆ្នោត​សម្រេច​ចុងក្រោយ​៕