ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​ស្លាក​លេខ​វៀតណាម​ដល់​ខេត្តកំពង់ស្ពឺ​

6 Videos


បុរសជាជនជាតិវៀតណាម២នាក់ ដែលនាំគ្នាជិះម៉ូតូពាក់ស្លាកលេខរបស់ប្រទេសវៀតណាមចូលមកដើរលក់ក្រណាត់កៅស៊ូ(កៅស៊ូតង់)រហូតដល់ទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានកំលាំងនគរបាលអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺ ធ្វើការត្រួតពិនិត្យលិខិតស្នាម ហើយក្រោយពីពិនិត្យឃើញថា គ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវក៏ឃាត់ខ្លួនដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួនជនជាតិវៀតណាម ដែលចូលមកធ្វើអាជីវកម្មគ្មានច្បាប់ទំលាប់នៅក្នុង ប្រទេសកម្ពុជានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្រុងច្បាមនខេត្តកំពង់ស្ពឺតែម្ដង។ លោកឧត្តមសេនីយ៍សម សាមួន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកសាព័ត៌មាននៅព្រឹកមិញនេះថា ក្រោយពីឃើញជនជាតិវៀតណាមខាងលើនេះនាំគ្នាជិះម៉ូតូពាក់ស្លាកលេខវៀតណាមដើរលក់ក្រណាត់កៅស៊ូមានការសង្ស័យ លោកក៏បញ្ជាអោយកំលាំងឃាត់ធ្វើការត្រួតពិនិត្យ ។

P9

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​ស្លាក​លេខ​វៀតណាម​ដល់​ខេត្តកំពង់ស្ពឺ​

ក្រោយពេលត្រួតពិនិត្យ ទើបរកឃើញថា ពួកគេចូលមកក្នុងប្រទេសកម្ពុជាមានលិខិតឆ្លងដែន មានវាយត្រាពីមន្ត្រីនគរបាលនៅច្រកទ្វារព្រំដែនត្រឹមត្រូវតាមច្បាប់ តែពួកគេចូលមកធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត មិនតែប៉ុណ្ណោះ សូម្បីតែម៉ូតូដែលពួកគេជិះជាស្លាកលេខរបស់ប្រទេសវៀតណាមនោះក៏គ្មានលិខិតស្នាមត្រឹមត្រូវដែរ ។

ក្រោយពីពិនិត្យឃើញថា ពួកគេចូលមកធ្វើអាជីវកម្ម និងជិះម៉ូតូគ្មានច្បាប់ត្រឹមត្រូវរួចមក លោកក៏បញ្ជាអោយធ្វើរបាយការណ៍បញ្ជូនទាំងមនុស្ស និងមធ្យោបាយធ្វើដំណើរទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់បន្ត ៕                                                                                                                    សុថាត់