តើប្រធានាធិបតីតួកគី Erdogan ដែលស្ទើរ​ធ្លាក់​ចេញ​អំណាច ជានរណា ?

(តួកគី)៖ លោក Recep Erdogan ដែលបច្ចុប្បន្នជាប្រធានាធិបតីទី១២ របស់ប្រទេស តួកគី កំពុងមានទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានរដ្ឋប្រហារបំណងទម្លាក់លោកចេញពីដំណែង ប៉ុន្តែត្រូវបរាជ័យ។ ឆ្លើយតបបញ្ហានេះ លោកបានចាត់វិធានការណ៍ក្តៅដោយបោសសម្អាត មនុស្សអស់ជាច្រើនម៉ឺននាក់ ដើម្បីទប់ស្កាត់កុំឲ្យកើតមាននូវការធ្វើរដ្ឋប្រហារបែបនេះសារជាថ្មីទៀត ព្រោះថាទម្រាំតែបានកាន់អំណាចបែបនេះ លោកត្រូវហែលឆ្លងការលំបាកជាច្រើន។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ និងប្រវត្តិរបស់មេដឹកនាំដែលស្ទើរតែធ្លាក់ពីអំណាចរូបនេះ៖

* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៥៤ អាយុ៦២ឆ្នាំ
* ភរិយា៖ លោកស្រី Emine Gulbaran រៀបការឆ្នាំ១៩៧៨
* កូន៤៖ កូនប្រុស Ahmet Burak, កូនស្រី Sumeyye, កូនប្រុស Bilal, កូនស្រី Esra
* សាសនា៖ ឥស្លាម និកាយ ស៊ូនី
* ប្រវត្តិបក្សនយោបាយ៖ មុនឆ្នាំ១៩៨១ គណបក្សសង្គ្រោះជាតិ ឆ្នាំ១៩៨៣ ដល់១៩៩៨ គណបក្សសង្គ្រោះ ឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០១ គណបក្សគុណធម៌
ឆ្នាំ២០០១ដល់បច្ចុប្បន្ន គណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ ហៅកាត់តាមភាសាតួកគី AKP។

* ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ១៩៩៨៖ ចៅហ្វាយក្រុងអ៊ីស្តង់ប៊ុល
* ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០១ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤៖ មេដឹកនាំបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍
* ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៣ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤៖ សមាជិកសភា
* ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៣ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤៖ នាយករដ្ឋមន្ត្រីតួកគី
* ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន៖ ប្រធានាធិបតីទី១២ របស់តួកគី

* ជីវិតឯកជន និងការអប់រំ៖
លោក Erdogan កើតនៅតំបន់ Kasimpasa ក្បែរទីក្រុង អ៊ីស្តង់ប៊ុល។ កាលពីឆ្នាំ២០០៣ លោកធ្លាប់អះអាងថា ខ្លួនជាជនជាតិ ហ្ស៊កហ្ស៊ី ប៉ុន្តែក្នុងបទសម្ភាស៍កាលពីឆ្នាំ២០១៤កន្លងទៅនេះ លោកបែរជាលើកឡើងថា «ពេលខ្លះមនុស្សមិនគួរជឿ ទៅលើអ្វីដែលអ្នកសារព័ត៌មានសរសេរនោះទេ។ អ្នកសារព័ត៌មានបានសរសេរថា ខ្ញុំជាជនជាតិ ហ្ស៊កហ្ស៊ី តែការពិតទៅខ្ញុំជាជនជាតិតួកគី»។

Erdogan បានប្រើប្រាស់ជីវិតជាកុមារនៅក្នុងទីក្រុង Rize ដោយមានឪពុកជាឆ្មាំតាមឆ្នេរសមុទ្រប្រទេស តួកគី។ ក្នុងរដូវវិស្សមកាល កុមារ Erdogan ចូលចិត្តចំណាយពេលរស់នៅក្នុងសហគមន៍ Pontic Greek ដែលជាទីតាំងកំណើតគ្រួសាររបស់កុមាររូបនេះ។ ពេញមួយជីវិតរបស់ Erdogan ចូលចិត្តវិលត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋាននេះ។ នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ លោកបានកសាងវិហារម៉ូស្លីមដ៏ធំមួយនៅលើភ្នំក្បែរភូមិមួយនេះ។ ក្រុមគ្រួសាររបស់ Erdogan បានផ្លាស់ទីទៅរស់នៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល នៅពេលដែល Erdogan មានអាយុ១៣ឆ្នាំ។

Erdogan ចេះរកចំណូលតាំងពីវ័យជំទង់ ដោយលក់ភេសជ្ជៈតែក្រូចឆ្មា និងគ្រាប់ធញ្ញជាតិ នៅតាមដងផ្លូវ ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម។ ដោយសារកើត នៅក្នុងក្រុមគ្រួសារដែលប្រតិបត្តិសាសនាឥស្លាម Erdogan ចាប់ផ្តើមសិក្សានៅសាលាបឋមសិក្សា Kasimpasa Piyale ក្នុងឆ្នាំ១៩៦៥ និងបន្តសិក្សានៅ សាលា Imam Hatip ដែលជាសាលាសាសនាក្នុងឆ្នាំ១៩៧៣។ ក្រោយមកលោកបានសិក្សាជំនាញផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រនៅទីក្រុង អង់ការ៉ា។

ឈានដល់ភាពជាយុវវ័យ លោក Erdogan មានជំនាញពាក់កណ្តាលអាជីពជាអ្នកលេងបាល់ទាត់ក្នុងក្លឹបមួយក្នុងតំបន់។ ក្លឹប Fenerbahce ចង់បញ្ចូល លោកជាសមាជិក ប៉ុន្តែត្រូវបានឪពុករបស់លោកបដិសេធ។ សូមជម្រាបថា ពហុកីឡាដ្ឋានក្នុងស្រុកដែលលោកចាប់កំណើត បានដាក់ឈ្មោះតាមលោកផ្ទាល់។

លោក Erdogan បានរៀបការជាមួយកញ្ញា Emine Gulbaran នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៧៨។ ក្រុមគ្រួសារនេះមានកូនប្រុសពីរនាក់ គឺ Ahmet Burak និង Necmettin Bilal រួមជាមួយកូនស្រីពីរនាក់គឺ Esra និង Sumeyye។ ឪពុករបស់លោកឈ្មោះ Ahmet Erdogan ស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៨៨ និងម្តាយរបស់លោកឈ្មោះ Tenzile Erdogan បានស្លាប់ក្នុងឆ្នាំ២០១១ក្នុងវ័យ៨៨ឆ្នាំ។

* ការចាប់ផ្តើមអាជីពជាអ្នកនយោបាយ៖
ក្រៅពីការសិក្សាផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ និងការលេងបាល់ទាត់ Erdogan ក៏បានប្រឡូងក្នុងឆាកនយោបាយ ដោយចាប់ផ្តើមជាមួយការចូលរួមក្នុង ក្រុមនិស្សិតជាតិតួកគី និងក្រុមសកម្មភាពប្រឆាំងលទ្ធិកុម្មុយនីស។ ក្នុងឆ្នាំ១៩៧៤ លោកបានចាត់ទុករបបកុម្មុយនីស និងសាសនា Judaism ជាអ្វីដែលអាក្រក់បំផុត។ ក្នុងឆ្នាំ១៩៧៩ លោកបានក្លាយជាប្រធានក្រុមយុវជន Beyoglu នៃគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមយុវជនអ៊ីស្តង់ប៊ុល។ បន្ទាប់ពីភាពជោគជ័យជាបន្តបន្ទាប់ ទីបំផុតលោកត្រូវបោះឆ្នោតធ្វើជាសមាជិកសភាឆ្នាំ១៩៩១ ប៉ុន្តែលោកមិនអាចកាន់ដំណែង ជាសមាជិកសភារបស់ខ្លួនបានឡើយ។

* ចៅហ្វាយក្រុង អ៊ីស្តង់ប៊ុល(ឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨)
នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ក្នុងថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៤ លោកត្រូវបានគេបោះឆ្នោតជាចៅហ្វាយក្រុង អ៊ីស្តង់ប៊ុល។ មនុស្សភាគច្រើនបារម្ភខ្លាចលោក យកច្បាប់ក្នុងសាសនាឥស្លាមមកដាក់ជាច្បាប់ផ្លូវការ ដែលតម្រូវឲ្យមនុស្សអនុវត្តតាម។ ក្នុងនាមជាចៅហ្វាយក្រុងម្នាក់ លោកបានបោសសម្អាត បញ្ហារ៉ាំរ៉ៃមួយចំនួនក្នុងទីក្រុង អ៊ីស្តង់ប៊ុល ក្នុងនោះមានដូចជា បញ្ហាខ្វះទឹកប្រើប្រាស់ ការបំពុលបរិយាកាស និងការស្ទះចរាចរណ៍ជាដើម។

* ការជាប់ពន្ធធនាគារ៖
ដោយសារមានជំនឿខ្លាំងទៅលើសាសនាឥស្លាម លោកបានលើកឡើងនូវកំណាព្យមួយឃ្លា ដែលសរសេរដោយលោក Ziya Gokapl ជាសកម្មជនជនជាតិ តួកគីថា «វិហារឥស្លាមប្រៀបបានទៅនឹងកន្លែងមនុស្សជ្រកកោន ដំបូលវិហារប្រៀបបាននឹងមួកការពារ ប៉មវិហារប្រៀបបាននឹងអាវុធ ចំណែកឯជំនឿលើ សាសនាប្រៀបបានទៅនឹងយោធា…..» ដែលការពិតទៅពាក្យទាំងនេះ មិនមានប្រភពមកពីកំណាព្យដើមឡើយ។ ដោយសារកំណាព្យនេះ លោកត្រូវបាន ចោទថា បានបង្កអំពើហឹង្សា ការរើសអើងជាតិសាសន៍ និងសាសនា។ លោកត្រូវបានគេកាត់ទោសដាក់ក្នុងពន្ធធនាគាររយៈពេល១០ខែ តែលោកជាប់តែ ៤ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៩។ ដោយសារកាត់ទោសនេះ លោកត្រូវបានគេបង្ខំឲ្យលាលែងពីដំណែង ជាចៅហ្វាយក្រុង។ មិនតែប៉ុណ្ណោះបញ្ហានេះ លោកក៏ត្រូវបានហាមឃាត់មិនឲ្យប្រឡូកក្នុងឆាកនយោបាយផងដែរ ដែលបានរារាំងលោកមិនឲ្យចូលរួម ក្នុងការឈរឈ្មោះបោះឆ្នោតជាសមាជិកសភា។

* តំណែងជានាយករដ្ឋមន្ត្រី (ឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤)៖
នៅក្នុងឆ្នាំ២០០១ លោក Erdogan បានបង្កើតគណបក្សអភិវឌ្ឍន៍ និងយុត្តិធម៌ ដែលហៅកាត់តាមភាសាតួកគីថា AKP។ នៅក្នុងឆ្នាំ២០០២ បក្សមួយនេះ ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត រហូតទទួលបានសម្លេងគាំទ្រពីរភាគបី នៃកៅអីទាំងអស់ក្នុងសភា។ យ៉ាងនេះក្តី លោក Erdogan មិនអាចក្លាយជានាយករដ្ឋមន្ត្រីបានឡើយ ដោយសារលោកត្រូវបានគេហាមឃាត់មិនឲ្យលូកដៃក្នុងបញ្ហានយោបាយ។ ឆ្លៀតឱកាសនេះ លោក Gul ក៏កាន់ដំណែងជានាយករដ្ឋមន្ត្រីជំនួស។ នៅក្នុងខែធ្នូ ឆ្នាំ២០០២ ក្រុមឃ្លាំមើលការបោះឆ្នោត បានលុបចោលលទ្ធផលបោះឆ្នោត ដោយពិនិត្យមើលឃើញ ពីភាពមិនប្រក្រតី ហើយតម្រូវឲ្យមានការបោះឆ្នោតជាថ្មី។ ក្នុងពេលនោះ លោក Erdogan ដែលជាមេដឹកនាំបក្ស AKP ត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះ បោះឆ្នោតជាសមាជិកសភា។ បក្ស AKP បានដាក់លោក Erdogan ជាបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយទីបំផុតលោកក៏ទទួលបាន ជោគជ័យក្លាយជានាយករដ្ឋមន្ត្រីតួកគី បន្ទាប់ពីលោក Gul ចុះចេញពីដំណែង។

* តំណែងជាប្រធានាធិបតី (ឆ្នាំ២០១៤មកដល់បច្ចុប្បន្ន)៖
លោក Erdogan បានចូលស្បថឡើងកាន់ដំណែងជាប្រធានាធិបតីទី១២របស់តួកគីក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបែបប្រជាធិបតេយ្យ ត្រូវបានធ្វើឡើងជាលើកដំបូង។ នៅពេលមានសំណួរពាក់ព័ន្ធទៅនឹងការទទួលបានសម្លេងគាំទ្រ មានចំនួនទាបជាងការរំពឹង ទុកលោកបានឆ្លើយតបវិញថា «សូម្បីអ្នកបួស នៅតែមានអ្នកមិនចូលចិត្ត១០០ភាគរយ ចុះទម្រាំខ្ញុំ តែយ៉ាងហោចណាស់ខ្ញុំមានអ្នកគាំទ្រ ជិតប្រហែល៥២ភាគរយដែរ»។

* វិបត្តិក្នុងពេលកាន់ដំណែងជាប្រធានាធិបតី៖
ក្នុងនាមជាប្រធានាធិបតីម្នាក់ លោក Erdogan ត្រូវរងការរិះគន់ បន្ទាប់ពីលោកបាននិយាយដោយបើកចំហរថា លោកមិនអាចរក្សាអព្យាក្រិតភាព ក្នុងនាមជាប្រធានាធិបតីឡើយ។ ប្រធានាធិបតីដែលមិនញញើតនឹងការរិះគន់រូបនេះ ក៏បានបង្ហាញពីចេតនាក្នុងការបង្កើនតួនាទី របស់ប្រធានាធិបតី បន្ថែមផងដែរ។ បក្សប្រឆាំងបានចោទប្រកាន់ប្រធានាធិបតីរូបនេះថា លោកកំពុងបង្កើនអំណាចគ្រប់គ្រងប្រទេស ស្របពេលដែលនាយករដ្ឋមន្ត្រីថ្មី គឺលោក Ahmet Davutoglu ក៏ស្ថិតក្រោមអំណាចរបស់លោកផងដែរ។

* រឿងអាស្រូវ៖
ក្នុងអំឡុងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Erdoganត្រូវបានគេលើកសរសើរពាក់ព័ន្ធនឹងការដឹកនាំប្រទេស ដោយយកតាមគំរូនៃបណ្តាប្រទេស នៅមជ្ឈឹមបូព៌ា ដោយមានការធ្វើកំណែទម្រង់ទៅលើវិស័យជាច្រើនដូចជា ការផ្តល់សេរីភាពសាសនា ការផ្តល់សិទ្ធដល់ជនជាតិភាគតិច ក្នុងការចូលរួមក្នុង កិច្ចពិភាក្សាផ្សេងៗជាដើម។ យ៉ាងនេះក្តី រដ្ឋាភិបាលរបស់មេដឹកនាំក្រាញអំណាចរូបនេះ បានរងការរិះគន់ដោយសារបញ្ហាមួយចំនួនដូចជា អំពើពុករលួយ ការចោទប្រកាន់ពាក់ព័ន្ធ នឹងការគំរាមកំហែងទៅលើអ្នកសារព័ត៌មាន បង្កឲ្យមានការរើសអើងបក្សនយោបាយក្នុងប្រទេសជាដើម។

លោក Erdogan បានធ្វើសេចក្តីថ្លែងការដោយបដិសេធការចោទប្រកាន់ថា ប្រសិនបើលោកពិតជាមនុស្សផ្តាច់ការមែន មេដឹកនាំបក្សប្រឆាំងគឺលោក Kemal Kilicdaroglu ពិតជាមិនអាចដើរនៅតាមផ្លូវដោយសេរីបែបនេះទេ។ លោកបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ ជាបង្កើនភាពតានតឹងនៅតាមដងផ្លូវ លោកបានទាមទារឲ្យបក្សប្រឆាំងគួរតែស្តាប់ និងពិចារណាពីអ្វីដែលចេញពីមាត់របស់ពួកគេ។ ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះ ខណៈដែលលោក Erdogan ថ្លែងពីសេរីភាពក្នុងការធ្វើដំណើរតាមផ្លូវ ស្រាប់តែអ្នកប្រតិបត្តិសាសនាឥស្លាមម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ដោយអចេតនា ក្នុងទីក្រុង អ៊ីស្តង់ប៊ុល។ មិនតែប៉ុណ្ណោះកាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ កុមារវ័យ១៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានសរសេររិះគន់ទៅលើលោក Erdogan នៅលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook។

* ពានរង្វាន់ និងកត្តិយស៖
បើទោះបីជាក្រោមការដឹកនាំរបស់លោក ពោរពេញដោយរឿងអាស្រូវជាច្រើនក្តី ប៉ុន្តែរបៀបនៃការដឹកនាំរបស់លោក បានធ្វើឲ្យប្រទេស តួកគីមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជម្រុញឲ្យមេដឹកនាំដែលមានកំណើតពីគ្រួសារក្រីក្ររូបនេះ ទទួលបាននូវពានរង្វាន់កិត្តិយសជាច្រើនសន្ធឹកសន្ធាប់៕

►​ ប្រភពពី Wikipedia អត្ថបទពី៖ Freshnews


Related Posts