រដ្ឋសភា សិក្សា​រួចហើយ ពី​ការ​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ និពន្ធដោយ : ម៉ៅ សុផា       July-22-2016, 9:59 pm         404

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋសភា សិក្សា​រួចហើយ ពី​ការ​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​​ភ្នំពេញ​៖ បញ្ហា​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​គណៈកម្មការ​ជំនាញ​ទី​២ នៃ​រដ្ឋសភា​យកទៅ​សិក្សា គឺ​ការប្រើប្រាស់​រថយន្ត​រប​ស់រ​ដ្ឋ និង​អវត្តមាន​ក្នុង​កិច្ចប្រជុំ​កន្លងមក​។ រហូតមកដល់​ពេលនេះ  គណៈកម្មការ​ទី​២ បាន​ពិនិត្យ​ករណី​ទាំងនេះ​ចប់សព្វគ្រប់​ហើយ​។

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា បាន​លើកឡើងថា គណៈកម្មការ​ជំនាញ​ទី​២​នៃ​រដ្ឋសភា បាន​ព្រាង​ឯកសារ​រួចរាល់​ហើយ ជុំវិញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ពី​បញ្ហា​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​។ លោក ឡេង ប៉េងឡុង បន្ថែមថា លទ្ធផល​ទាំងនោះ នឹងដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅពេល​ខាងមុខ​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់ថា កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​រៀបចំ​នៅពេលណា​នោះទេ​។

​បើទោះបីជា លោក ឡេង ប៉េងឡុង ប្រាប់ថា​ករណី​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ត្រូវបាន​គណៈកម្មការ​ជំនាញ ពិនិត្យ​រួចរាល់​ក៏ពិតមែន តែ​លោក មិនបាន​បញ្ជាក់ថា តំណាងរាស្ត្រ​ទាំងនោះ មានទោស​កំហុស​អ្វី​នោះទេ​។ លោក គ្រាន់តែ ពន្យល់ថា​រដ្ឋសភា សិក្សា​លើ​គោលការណ៍ ថា​តើ​តំណាងរាស្ត្រ បាន​ប្រព្រឹត្ត​ត្រឹមត្រូវ​ទៅតាម​ច្បាប់​និង​វិន័យ​ដែរឬទេ​? លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋសភា​ធ្វើតាម​ច្បាប់ និង​សិក្សា​ពី​វិន័យ​។  បើ​តំណាងរាស្ត្រ ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ រដ្ឋសភា នឹង​ពិន័យ​»​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សូម​អត្ថាធិប្បាយ​បានទេ ដោយសារតែ ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​មិនមាន​ការទទួល​។​

​សូមបញ្ជាក់ មូលហេតុ ដែល​រដ្ឋសភា ពិនិត្យ​ពី​ការប្រើប្រាស់​រថយន្ត​រប​ស់រ​ដ្ឋ ដោយសារតែ តំណាងរាស្ត្រ​បក្សប្រឆាំង​មួយចំនួន បាន​យក​រថយន្ត ទៅធ្វើជា​មធ្យោបាយ ក្នុងការ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សូម​ព្រះរាជអន្តរាគមន៍ ជុំវិញ​ការ​កើន​កម្តៅ​នយោបាយ​កន្លងមក​។ ចំណែកឯ វិធានការ​ក្នុងការ​កាត់​ប្រាក់ខែ ដោយសារតែ​តំណាងរាស្ត្រ​បក្សប្រឆាំង ធ្វើពហិការ​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​។ ភារកិច្ច​ក្នុងការ​និ​ពិ​ត្យ​ដើម្បី​ដាក់ពិន័យ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង ត្រូវបាន​រដ្ឋសភា​ប្រគល់​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានា​គារ និង​សវនកម្ម (​គណៈកម្មការ​ទី​២) រួមទាំង​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​៕