លី​ប៊ី ក្ដៅក្រហាយ​នឹង​វត្តមាន​ទាហាន​បារាំង​លើទឹក​ដី​ខ្លួន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-22-2016, 9:39 pm         356

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លី​ប៊ី ក្ដៅក្រហាយ​នឹង​វត្តមាន​ទាហាន​បារាំង​លើទឹក​ដី​ខ្លួន​រដ្ឋាភិបាល​លី​ប៊ី ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ បាន​ថ្កោល​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​អន្តរាគមន៍​របស់​យោធា​បារាំង នៅលើ​ទឹកដី​ភាគ​ខាងកើត​របស់ខ្លួន​។ រដ្ឋាភិបាល​លី​ប៊ី ចាត់ទុក​រឿងនេះ ជាការ​រំលោភ​អធិបតេយ្យភាព​របស់ខ្លួន និង​ទាមទារ​ឲ្យ​បារាំង​ពន្យល់​បញ្ហា​នេះ​ឲ្យ​ច្បាស់​។​

​រដ្ឋាភិបាល​លី​ប៊ី​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី បាន​ប្រតិកម្ម​ខ្លាំង​បន្ទាប់ពី​បារាំង​បាន​បញ្ជាក់ថា កងកម្លាំង​ពិសេស​របស់ខ្លួន កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ភាគ​ខាងកើត​។ វត្តមាន​កងទ័ព​បារាំង ក៏បង្ក​ឲ្យ​មានការ​ធ្វើបាតុកម្ម​រប​ស់​ប្រជាជន​លី​ប៊ី ប្រឆាំងនឹង​អន្តរាគមន៍​យោធា​បារាំង​ផងដែរ​។ ប្រតិ​កម្មនេះ ធ្វើឡើង​នៅក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​បារាំង ពី​ការស្លាប់​ទាហាន​បីនាក់ ដែល​កំពុង​យកការណ៍​នៅ​ភាគ​ខាងកើត​លី​ប៊ី ។

​ក្នុង​សេចក្ដី​ថ្លែ​ការណ៍​នៅ​ថ្ងៃទី​២០ ខែកក្កដា រដ្ឋាភិបាល​លី​ប៊ី​និយាយថា ខ្លួន​បានស្នើ​ឲ្យ​បារាំង​បកស្រាយ​វត្តមាន​ទាហាន​បារាំង​នៅ​លី​ប៊ី ដែលជា​លើកទីមួយ បារាំង​បញ្ជាក់​ពី​វត្តមាន​ទាហាន​ខ្លួន​នៅ​ប្រទេស​នេះ​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ក្រុមប្រឹក្សា​ប្រធានាធិបតី បានបង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​វត្តមាន​ទាហាន​បារាំង​នៅ​លី​ប៊ី ដោយ​មិនមាន​ការសម្របសម្រួល​ពី​ក្រុមប្រឹក្សា​នេះ​។

​ជាមួយនឹង​អន្តរាគមន៍​នេះ អ្វីដែល​គេ​បារម្ភ​នោះ គឺ​កងកម្លាំង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ Khalifa Haftar ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី និង​កំពុង​ប្រយុទ្ធ​នៅ​តំបន់​ភាគ​ខាងកើត​នេះ​។ ប្រសិនបើ​គេ​រកឃើញថា ទាហាន​បារាំង​ដែលមាន​វត្ត​មាននៅ​ភាគ​ខាងកើត​ដែរនោះ ជម្លោះ​នឹង​កាន់តែ​រីត​ក​រាលដាល ហើយ​សំណួរ​ពី​តួនាទី​របស់លោក​ខាងលិច ក៏​លេចឡើង​ផងដែរ​។​

​លោក Mansour Al Hasadi ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លី​ប៊ី បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា សកម្មភាព​របស់​បារាំង នឹង​បង្ក​អស្ថិរភាព​នៅ​លី​ប៊ី​។ ហើយ​នេះ​គឺជា​រដ្ឋប្រហារ​ប្រឆាំង​ដំណើការ​នយោបាយ និង​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ប្រជាជន​លី​ប៊ី​។ មួយវិញទៀត លោក Hasadi បន្តថា សកម្មភាព​នេះ ក៏​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នយោបាយ​ដែល​គាំទ្រ​ដោ​យក​អង្គការសហប្រជាជាតិ សហគមន៍​អន្តរជាតិ ក៏ដូចជា​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។

​តាមពិតទៅ​វត្តមាន​ទាហាន​បារាំង​នៅ​លី​ប៊ី ត្រូវបាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន​បារាំង Le Monde ប៉ុន្តែ​រដ្ឋាភិបាល​លី​ប៊ី​បាន​បដិសេធ​រឿងនេះ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២០ ខែកក្កដា ប្រធានាធិបតី​បារាំង ក៏បាន​ប្រកាស​ពី​មរណភាព​ទាហាន​បីនាក់ ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ ក្នុងពេល​ប្រមូល​ព័ត៌មាន​ចារកម្ម​នៅ​ភាគ​ខាងកើត​៕