ជំពាក់​លុយ​តែ​៣០​ម៉ឺន​រៀល​ម្ចាស់​ប្រា​ក់មក​លួច​ដឹកយក​ក្របី​២​ក្បាល​កាត់​បំណុល ហើយ​ប្តឹង​ចាប់​កូនបំណុល ដាក់ គុក​ទៀត​ចោទថា​ជំពាក់​លុយ​ជាង​១០​លាន​រៀល​

ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ក្រីក្រ និង​ល្ងិតល្ងង់​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ ត្រូវបាន​តុលា​ការចាប់​ដាក់គុក​អស់​១​ថ្ងៃ ដោយសារតែ​ម្ចាស់​លុយ​ប្តឹង​ចោទប្រកាន់​ខុសពី​ការពិត​ថា នាង​ជំពាក់​លុយ​ចងការ​ជាង​១០​លាន​រៀល ការពិត​នាង​ជំពាក់​លុយ​គេ​តែ​៣០​ម៉ឺន​រៀល​សោះ​។ ប៉ុន្តែ​មុនពេល​ប្តឹង​ចាប់​នាង​ដាក់គុក ម្ចាស់​ប្រាក់​បាន​ទៅ​លួច​ដឹក​ក្របី​ពីរ​ក្បាល​ដើម្បី​កាត់លុយ​ពី​កូនបំណុល ហើយ​នៅពេល​កូនបំណុល​ប្តឹងទៅ​តុលាការ​ពីបទ​លួច​ក្របី តុលា​ការមិន​ជាត់​ការ​ទេ បែរជា​ចាប់​កូនបំណុល​ដាក់គុក​ពីបទ​ជំពាក់​លុយ តាមតែ​គេ​ចោទ​ទៅវិញ​។​

នៅ​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ស្ត្រី​រងគ្រោះ​ក្នុង​រឿង​ខាងលើនេះ​ឈ្មោះ សាន សា​ឡុ​ន អា យុ​៤០​ឆ្នាំ មានកូន​៤​នាក់ មាន​ប្តី​ជា​មន្ត្រីនគរបាល​តូចតាច រស់នៅក្នុង​ភូមិ​ស្រៃ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹក​ផុស​បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ នៅ​ឆ្នាំ​២០១២ នាង​បាន​ខ្ចីប្រាក់​ចងការ​រាប់​ប្រចាំថ្ងៃ​ពី​ឈ្មោះ ហេង ស្រី​ម៉ា​​ច នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ចំនួន​២​លាន​រៀល ដោយ​គេ​គិតការ​ប្រាក់​ក្នុង​១​លាន​រៀល ការ​២០​ម៉ឺន​រៀល ដោយ​ត្រូវ​រាប់​សង​វិញ​ជាប្រចាំ​ថ្ងៃ ហើយ​ពេល​ឲ្យ​ខ្ចី​គេ​បាន​កាត់​យកលុយ​ក្រៅ​១៥​ម៉ឺន​រៀល​ទៀត ជា​ប្រាក់​សា​គុណ​ខំ​ឲ្យ​ខ្ចី​។ ក្រោយមក​នាង​បាន​សង​ប្រាក់​ទៅ​គេ​អស់ នៅ​ជំពាក់​តែ​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

នៅក្នុង​ខែ​១២ ឆ្នាំ​២០១៣ នៅ​ថ្ងៃមួយ​នោះ ឈ្មោះ ហេង ស្រី​ម៉ាច បានមក​លួច​ដឹកយក​ក្របី​២​ក្បា​ល​មេ​១​កូន​១ ពី​ផ្ទះ​នាង​ពេល​នាង​អត់​នៅផ្ទះ​ដើម្បី​កាត់​បំណុល​។ បន្ទាប់មក​នាង​បាន​ប្តឹងទៅ​តុលាការខេត្ត​ចោទ ឈ្មោះ ហេង ស្រី​ម៉ាច ពីបទ​លួច​ក្របី មកដល់ពេលនេះ​ជាង​២​ឆ្នាំ​ហើយ​តុលាការខេត្ត មិនបាន​ចាត់ការ​រឿងនេះ​ជូន​នាង​ឡើយ​។ ដោយឡែក​នៅក្នុងពេល​នា​ង​កំពុង​ប្តឹង​រឿង​ខាងលើនេះ ឈ្មោះ ហេង ស្រី​ម៉ាច បាន​ប្រើល្បិច​ប្តឹង​ចោទប្រកាន់​ខុសពី​ការពិត​ថា​នាង នៅ​ជំពាក់​លុយ​គេ​ជាង​១០​លាន​រៀល ហើយ​នាង​ត្រូវ​មន្ត្រី​ប៉េអឹម​ក​ចាប់​នាង​កំពុងមាន​ផ្ទៃពោះ​៧​ខែ​ដាក់គុក​អស់​១​ថ្ងៃ​១​យប់ តាម​បញ្ជារ​ចៅក្រម​របស់​តុលាការ​។

ក្រោយមក​ត្រូវបាន​លោក​មេឃុំ​អភិវឌ្ឍន៍ និង​លោក​អធិការនគរបាល​ស្រុក​ទឹល​ផុស ជួយ​អន្តរាគមន៍​ទើប​តុលា​ករ​ដោះលែង​នាង​មកវិញ ឯ​ក្របី​២​ក្បាល​នោះ​ម្ចាស់​ប្រាក់​ក៏បាន​ប្រគល់​ឲ្យ​នាង​វិញ​ដែរ​។ ប​ហើយ​ពេល​នាង​យកលុយ​៣០​ម៉ឺន​រៀល​ទៅ​សង ឈ្មោះ ហេង ស្រី​ម៉ាច មិន​យក​ទេ​ដោយ ចោទថា​នាង​នៅ​ជំពាក់​លុយ​គេ​ជាង​១០​លាន​រៀល​ទៀត តែ​ការ​ខ្ចីលុយ​ចងការ​ខាងលើ​គឺ​គ្មាន លិខិតស្នាម​អ្វី​ទាំងអស់​។​

នៅក្នុង​រឿង​ខាង​នេះ​ស្ត្រី​រងគ្រោះ ឈ្មោះ សាន់ សា​ឡុ​ន ស្នើសុំ​លោក​តុលាការខេត្ត​ជួយ​សើរើ​រឿងក្តី​លួច​ក្របី និង​រឿង​ឈ្មោះ ហេង ស្រី​ម៉ាច ប្តឹង​ចោទប្រកាន់​ខុសពី​ការពិត ចាប់​នាង​ដាក់គុក​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​នាង​ជា​ជនស្លូតត្រង់​ផង និង​គោរព​ស្នើសុំ​អ្នកច្បាប់ ពិសេស​ស​សម្តេច ហ៊ុន សែន មេត្តាជួយ​អត្ត​នាគ​មន៍​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ល្ងិតល្ងង់​ដូច​នាង​ដោយ​ក្តី​អនុគ្រោះ​ផង​។​

​ទាក់ទង​ក្នុង​រឿង​ខាងលើនេះ ស្ត្រី​ជា​ម្ចាស់បំណុល ឈ្មោះ ហេង ស្រី​ម៉ាច បាន​ឆ្លើយ​តាម​ទូរស័ព្ទ​
​អោយដឹងថា​៖ ក្របី​២​ក្បាល​នេះ​ឈ្មោះ សាន់ សា​ឡុ​ន បានអោយ​នាង​ដឹកយក​ដើម្បី​កាត់​បំណុល និង​ពេ​​ល​ដឹក​ក្របី​នេះ នាង​ក៏បាន​រាយការណ៍​ជូន​លោក​មេឃុំ​អភិវឌ្ឍន៍ និង​លោក​អធិការ​ស្រុក​ទឹកផុស​ផងដែរ​​គឺ​មិនដែល​ចោរ​ណា​លួច​ក្របី​គេ​ហើយ រាយការណ៍​ឲ្យ​មេឃុំ និង​អធិការ​ស្រុក​នោះទេ​។​

​ចំណែក​លោក គុយ ឡេង មេឃុំ​អភិវឌ្ឍន៍ និង​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​​វិញ​បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ឈ្មោះ ហេង ស្រី​ម៉ាច ពិតជា​បាន​រាយការណ៍​ឲ្យ​ពួកលោក​តាម​ទូ​ស័ព្ទ ពិតមែន​ថា​នាង​បាន​ដឹក​ក្របី​យក​ពី​ផ្ទះ សាន់ ឡុ​ន ហើយ តែ​ពួកលោក​បាន​ប្រាប់ថា រឿង​ជំពាក់​លុយ​គឺ​ត្រូវ​សងលុយ​មិនមែន​មក​រឹបអូស​យក​ក្របី​គេ​ដូច្នេះ​ទេ ធ្វើបែបនេះ​ពួកលោក​មិន​ដឹងឮ និង​មិន​ទទួលខុសត្រូវ​នោះឡើយ​ព្រោះ​ជា​អំពើ​ខុសច្បាប់ ៕ រិ​ទ្ធិ ជ័យ​

KA-22-07-2016-02 KA-22-07-2016-03 KA-22-07-2016-04 KA-22-07-2016-05

​ ​