សាលា​​​ឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​​ផ្តន្ទាទោស​​​និស្សិត​​​​អំពាវនាវ​ឲ្យធ្វើ​​បដិវត្ត​​​ន៍ពណ៌​​​

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសឲ្យនិស្សិតសាកលវិទ្យាល័យម្នាក់ដែលអំពាវនាវឲ្យធ្វើ”បដិវត្តន៍ពណ៌” តាមហ្វេសប៊ុកកាលពីឆ្នាំមុនជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយលើកឡើងថា យុវជនរូបនេះមានបំណងញុះញង់ឲ្យមានការប្រព្រឹត្តបទល្មើសតាមរយៈសារបង្ហោះតាមអីុនធឺណិតរបស់ខ្លួន។ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ពេលដើរចូលថ្នាក់រៀននៅសាកលវិទ្យាល័យខេមរៈក្នុងរាជធានីភ្នំពេញហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទញុះញង់។ បទល្មើសរបស់យុវជនរូបនេះមានសរសេរនៅក្នុងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួន ដោយសួរថា តើមាននរណា”ហ៊ានធ្វើបដិវត្តន៍ពណ៌” ជាមួយខ្លួនដែរ ឬទេ ហើយបានហៅព្រះមហាក្សត្រថា “ល្ងីល្ងើ” ។ សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថានិស្សិតរូបនេះមានពិរុទ្ធភាពកាលពីខែមីនា ហើយបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈ១៨ខែ ជាសេចក្តីសម្រេចដែល គង់ រ៉ាយ៉ា ចាត់ទុកថា អយុត្តិធម៌ ហើយប្តេជ្ញាថានឹងប្តឹងឧទ្ធរណ៍។ លោក សិុន វិសាល ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅសាលាឧទ្ធរណ៍បានតម្កល់សេចក្តីសម្រេចេនះកាលពីម្សិលមិញ។ ចៅក្រមរូបនេះបានមានប្រសាសន៍ថា “ទង្វើរបស់ចុងចោទពិតជាមានទឡ្ហីករណ៍គ្រប់គ្រាន់ដើម្បីញុះញង់ឲ្យមានការប្រព្រឹត្តបទល្មើសដែលតម្រូវឲ្យមានការផ្តន្ទាទោសតាមច្បាប់”។ លោក សម សុគង់ មេធាវីរបស់និស្សិត គង់ រ៉ាយ៉ា បានរិះគន់សាលដីកានេះបន្ទាប់ពីវាត្រូវបានសម្រេចរួច ដោយសង្កត់ធ្ងន់ថា កូនក្តីរបស់លោកមិនដែលមានផែនការផ្តួលរំលំរដ្ឋាភិបាលទេ។ លោកបានថ្លែងថា “គាត់គ្មានបំណងបង្កឲ្យមានការខូចខាត ឬធ្វើបដិវត្តឡើយ”។ លោកបានបន្ថែមថា “បើយើងមើលលទ្ធភាព និងសមត្ថភាពរបស់គាត់ ទោះបីជាគាត់បានប្រកាស និងបង្ហោះសារតាមហ្វេសប៊ុកក៏ដោយ ក៏គ្មាននរណាចូលរួមដែរ ព្រោះគាត់មិនមែនជាមេដឹកនាំចលនាដែលមានការរៀបចំនោះទេ។ គាត់គ្រាន់តែជាយុវជនដែលកំពុងសិក្សាប៉ុណ្ណោះ។ គាត់គ្មានលទ្ធភាពធ្វើបដិវត្តន៍ពណ៌ទេ”។ ពេលចាកចេញពីបន្ទប់សវនាការ និស្សិតគង់ រ៉ាយ៉ា បានលើកឡើងថា ខ្លួនមិនពេញចិត្តនឹងសេចក្តីសម្រេចេនះទេ ហើយបានប្រៀបធៀបទោសរបស់ខ្លួនទៅនឹងទោសរបស់សមាជិកបីរូបនៃអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទវាយដំយ៉ាងព្រៃផ្សៃលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅខាងក្រៅរដ្ឋសភា។ និស្សិតរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “អ្នកដែលវាយដំ និងចង់សម្លាប់តំណាងរាស្ត្រត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែសរសេរពាក្យថា ‘បដិវត្តន៍ពណ៌’ ដោយស្របច្បាប់ប៉ុណ្ណោះ ហើយពួកគេបានផ្តន្ទាទោសឲ្យខ្ញុំជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ។ វាអយុត្តិធម៌ណាស់ ហើយខ្ញុំនឹងប្តឹងសាទុក្ខទៅតុលាការកំពូល”។ និស្សិត គង់ រ៉ាយ៉ា បានលើកឡើងទៀតថា ខ្លួនបានសួរអត្ថន័យនៃពាក្យ “បដិវត្តន៍ពណ៌” ជាពាក្យដែលត្រូវបានប្រើប្រាស់ជាទូទៅដើម្បីរៀបរាប់ពីបាតុកម្មអហិង្សាដែលនាំឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលពីគ្រូម្នាក់មុនពេលសរសេរបង្ហោះតាមអីុនធឺណិត។ និស្សិតរូបនេះបាននិយាយថា “ខ្ញុំបានសួរគាត់ថា ‘តើអត្ថន័យនៃពាក្យថា បដិវត្តន៍ពណ៌មានន័យស្មើបាតុកម្មដែរ ឬទេ?’ គាត់បាននិយាយថា វាមានអត្ថន័យស្រដៀងគ្នា។ ខ្ញុំគិតថា វាមិនផ្ទុយពីច្បាប់ទេ”។ លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានលើកឡើងថា សេចក្តីសម្រេចរបស់តុលាការបង្ហាញថា រដ្ឋាភិបាលកំពុងតែមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការបញ្ចេញមតិប្រឆាំងផ្នែកនយោបាយ។ លោកបានមានប្រសាសន៍ថា […]

The post សាលា​​​ឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​​ផ្តន្ទាទោស​​​និស្សិត​​​​អំពាវនាវ​ឲ្យធ្វើ​​បដិវត្ត​​​ន៍ពណ៌​​​ appeared first on The Cambodia Daily.