សណ្ដែក​បណ្ដុះ​កាត់​បន្ថយ​សក់​ជ្រុះ?

សណ្ដែក​បណ្ដុះ​កាត់​បន្ថយ​សក់​ជ្រុះ?

សណ្ដែកបណ្ដុះជាប្រភេទបន្លែដ៏សាមញ្ញ បំផុតដែលងាយនឹងបណ្ដុះ និងទទួលការពេញនិយមយ៉ាងខ្លាំងក្នុងទីផ្សារកម្ពុជា ស្ទើរតែខ្វះបន្លែនេះមិនបាន។ អ្វីដែលមិននឹកស្មាននោះគឺថា បន្លែដ៏សាមញ្ញមួយនេះ មានជីវជាតិបំប៉ន និងគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាពអ្នកទទួលទាន។ អីចឹង សណ្ដែកបណ្ដុះមានសារធាតុបំប៉នជួយសុខភាពយ៉ាងណាខ្លះ?

សណ្ដែកបណ្ដុះ សម្បូរថាមពល និងសារធាតុចិញ្ចឹមច្រើនជាងសណ្ដែកស្ងួត (សណ្ដែកបាយ) ដល់ទៅជាង ៨ ដងឯណោះ។ សណ្ដែកបណ្ដុះជាប្រភពនៃអាមីណូអាស៊ីត (សម្រាប់ប្រូតេអ៊ីន) ធាតុរ៉ែ (រ៉ែដែក ស័ង្កសី កាល់ស្យូម ប៉ូតាស្យូម និងម៉ាញេស្យូម) វីតាមីន A, B, C, D, E និង K និងមានសរសៃច្រើនដែលជួយសម្រួលដល់ការរំលាយអាហារ។ គុណប្រយោជន៍នៃសណ្ដែកបណ្ដុះ៖

១. ការពារសក់ជ្រុះ៖ សក់ មានបញ្ហា ឬជ្រុះ កើតឡើងដោយសារខ្វះសារធាតុបំប៉នមួយចំនួន ជាពិសេសប្រូតេអ៊ីន វីតាមីន និងស័ង្កសី។ សណ្ដែកបណ្ដុះសម្បូរសារធាតុបំប៉នបែបនេះ ដូច្នេះ វាជួយជាពិសេសដល់អ្នកទទួលទានក្នុងការការពារ និងព្យាបាលសុខភាពសក់។

២. ការពារកង្វះគ្រាប់ឈាមក្រហម៖ សណ្ដែក បណ្ដុះសម្បូរជាតិដែកដែលជួយសំយោគអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម)។ វីតាមីន C ខ្ពស់ក្នុងសណ្ដែកនេះ ក៏ជួយស្រូបយកជាតិដែកពីពោះវៀន ដូច្នេះវាជួយការពារ ឬព្យាបាលកង្វះឈាមក្រហមដែលបណ្ដាលមកពីខ្វះជាតិដែក។

៣. ជួយសុខភាពបេះដូង៖ បើ អ្នកទទួលទានសាច់ជ្រូក មាន់ទា និងផលិតផលសាច់ផ្សេងៗប្រចាំថ្ងៃ (លើកលែងត្រី) នោះជាតិខ្លាញ់ក្នុងសរសៃឈាមនឹងកើនឡើង ដែលនេះបង្កបញ្ហាដល់សុខភាពបេះដូងអ្នក។ ដូច្នេះ ការទទួលសណ្ដែកបណ្ដុះជាប្រចាំ អាចជួយបន្ថយកម្រិតខ្លាញ់ក្នុងសរសៃឈាមអ្នក ដោយសារតែបរិមាណជាតិសរសៃនៅក្នុងសណ្ដែក។ ម្យ៉ាងទៀត វាក៏ជួយអ្នកមិនឲ្យមានជំងឺទល់លាមកផងដែរ។

៤. គ្រប់គ្រងទម្ងន់ខ្លួនឯង៖ សណ្ដែក បណ្ដុះអាចជួយរក្សា ឬគ្រប់គ្រងទម្ងន់ខ្លួនអ្នកទទួលទានបាន ដោយសារវាមានបរិមាណកាឡូរីទាប។ សណ្ដែកបណ្ដុះឆៅមួយកូនពែង មានថាមពល ៣១ កាឡូរី។ ម្យ៉ាងទៀត អ្នកទទួលទានសណ្ដែកបណ្ដុះមានអារម្មណ៍ឆាប់ឆ្អែត ជាជាងទទួលទានអាហារសាច់មានខ្លាញ់ ឬជាតិស្ករខ្ពស់ដែលឆ្ងាញ់ជាប់មាត់។

សម្គាល់៖ អ្នកអាចទទួលទានសណ្ដែកបណ្ដុះឆៅក៏បាន ស្រុះក៏បាន ឬចំហុយក៏បាន គ្រប់ពេល។ ប៉ុន្តែ យល់ល្អអ្នកគួរទទួលទានវាមួយ ឬពីរកូនចានតូចជារៀងរាល់ព្រឹក ដើម្បីឲ្យសុខភាពអ្នកល្អ ជាពិសេសអ្នកមានបញ្ហាសក់ជ្រុះ៕

ប្រភព៖ iknow

  • សណ្ដែក​បណ្ដុះ​កាត់​បន្ថយ​សក់​ជ្រុះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:សុខភាព
Tags: