ភេរវកម្មនៅ​Nice៖ ​ឃាតករ​មាន​អ្ន​ក​ផ្សំ​គំនិត​ច្រើន ​ហើយ​បាន​រៀបចំ​ទុក​មុន​ជា​យូរខែ

ជាងមួយសប្តាហ៍ ដែលហេតុការណ៍ភេរវកម្មដ៏សាហាវ បានកើតឡើងនៅទីក្រុងនីស ភាគអាគ្នេយ៍ប្រទេសបារាំង ដែលឃាតករម្នាក់ បានបើករថយន្តបុកសម្លាប់មនុស្ស៨៥នាក់។ មកដល់ថ្ងៃនេះ ការស៊ើបអង្កេត កំពុងខិតទៅមុខ ហើយបានបង្ហាញឲ្យដឹងអំពីការរៀបចំគ្រោងទុកជាមុនរាប់ខែ របស់ឃាតករ ព្រមទាំងមានការចូលរួមផ្សំគំនិត ពីមនុស្សជាច្រើននាក់ផ្សេងទៀត។ មនុស្ស៥នាក់ ដែលជាប់ចោទថាបានផ្សំគំនិត ត្រូវបានចាប់ខ្លួន ហើយនគរបាលបារាំង បានធ្វើការសន្និដ្ឋានច្រើនចំណុច ទាក់ទិននឹងចេតនាគិតទុកជាមុនរបស់ឃាតករ ព្រមទាំងបក្សពួក។

៨ថ្ងៃមកនេះ ការស៊ើបអង្កេតរបស់នគរបាលបារាំង បានខិតទៅមុខច្រើនណាស់។ អ្វីដែលនគរបាលបារាំងព្យាយាមចង់ដឹងនោះ គឺថាតើភេវកម្ម ដែលបង្ករដោយជនឈ្មោះ Mohamed Lahouaiej Bouhlel មានលក្ខណៈគិតទុកជាមុនកម្រឹតណា ហើយតើអំពើឧក្រិដ្ឋនេះ មានមនុស្សប៉ុន្មានអ្នកនៅពីក្រោយ រឺមួយក៏ជននេះ ធ្វើតែម្នាក់ឯង។ ហើយអ្វីដែលសំខាន់នោះ គេចង់ដឹងថា តើជននេះ មានទំនាក់ទំនងជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម កម្រឹតណាដែរ។

ភេរវកម្មដែលបានគ្រោងទុកមុនរាប់ខែ ជាមួយជនផ្សំគំនិតច្រើននាក់៖

យោងតាមការធ្វើសន្និសិទកាសែត របស់លោក François Molins រដ្ឋអាជ្ញាទទួលបន្ទុកស៊ើបអង្កេតករណីនេះ បានឲ្យដឹងថា ក្រុមការងារស៊ើបអង្កេតបានធ្វើការសន្និដ្ឋាន ដោយមានភស្តុតាងជាសំអាងថា ជនដៃដល់ មិនមែនសម្រេចភេរវកម្មនេះតែម្នាក់ឯងទេ គឺមានជនសមគំនិត រឺអ្នកជាប់ពាក់ព័ន្ធចំនួន៥នាក់ទៀត។ ជនទាំង៥នាក់នេះ កំពុងត្រូវបាននគរបាលឃុំខ្លួន ដើម្បីសាកសួរលម្អិត។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមការពិនិត្យទៅលើការឆ្លងឆ្លើយសារតាមទូរស័ព្ទ រវាងជនដៃដល់ និងបក្សពួកផ្សំគំនិតបានបង្ហាញថា ភេរវកម្មនេះ ត្រូវបានជនដៃដល់ គិតគ្រោងទុក ជាយូរខែមកហើយ មិនមែនទើបតែថ្មីៗនេះទេ។

តុលាការបារាំងកំពុងឃុំខ្លួន និងចោទពីបទចូលរួមប្រព្រឹត្តិអំពើភេរវកម្ម លើមនុស្ស៥នាក់ ប្រុស៤នាក់ស្រីម្នាក់។ ជនទីមួយឈ្មោះ Ramzi អាយុ២១ឆ្នាំ ជាជនជាតិបារាំងកើតនៅទីក្រុងនីស តែមានឪពុកម្តាយជាជនជាតិទុយណេហ្ស៊ី ដូចជនដៃដល់ដែរ។ ជនទីពីរឈ្មោះ Chokri ជាជនជាតិទុយណេហ្ស៊ី អាយុ៣៧ឆ្នាំ។ ជនទីបីឈ្មោះ Mohamed Walid ជនជាតិបារាំង ដើមកំណើតទុយណេហ្ស៊ី អាយុ៤០ឆ្នាំ។

មនុស្សពីរនាក់ទៀត គឺជាប្តីប្រពន្ធនឹងគ្នា ជាជនជាតិអាល់បានី ដែលត្រូវនគរបាលចោទពីបទជួញដូរអាវុធខុសច្បាប់ ព្រមទាំងផ្គត់ផ្គង់អាវុធចូលរួមក្នុងអំពើភេរវកម្ម។ គឺ២នាក់ប្តីប្រពន្ធនេះហើយ ដែលជាអ្នកផ្តល់កាំភ្លើងខ្លីទៅឲ្យជនដៃដល់ ដែលជនដៃដល់បានប្រើ ក្នុងការបាញ់តបតជាមួយសមត្ថកិច្ច នៅថ្ងៃកើតហេតុ។ ក្នុងចំណោមជនទាំង៥នាក់នេះ លើកលែងតែជនឈ្មោះ Ramzi ដែលធ្លាប់ត្រូវបានជាប់ទោស៦ដង ពីបទឆក់ប្លន់សាមញ្ញ ក្រៅពីនោះ គឺពុំមាននរណាធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសអ្វីទេ។

“Chokri និងបក្សពួក ត្រៀមខ្លួនរួចរាល់សម្រាប់ខែក្រោយ”
នៅថ្ងៃកើតហេតុ ថ្ងៃទី១៤កក្កដា វេលាម៉ោងប្រហែល ៥ល្ងាច ជនដៃដល់ Mohamed Lahouaiej Bouhlel បានផ្ញើរសារតាមទូរស័ព្ទទៅឈ្មោះ Ramzi ដោយសរសេរថា “Chokri និងគ្នាគាត់ ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ខែក្រោយ ឥឡូវពួកគេកំពុងស្នាក់នៅផ្ទះរបស់Walid”។ បន្ទាប់មកទៀត នៅម៉ោង១០ និង២៧នាទី យប់ ប្រមាណ១៥នាទី មុនពេលធ្វើសកម្មភាពបើកឡានទៅបុកសម្លាប់មនុស្ស ជនដៃដល់ បានផ្ញើរសារទៅ ជនឈ្មោះ Ramzi ម្តងទៀត ដោយសរសេរថា “ យើងចង់ប្រាប់ឯងថា កាំភ្លើងខ្លីដែលឯងយកមកឲ្យយើងពីម្សិល ប្រើស្រួលណាស់។ អញ្ចឹងឯងទៅយក ៥ដើមទៀតមក ដើម្បីទុកឲ្យ Chokri និងគ្នាគាត់ប្រើ”។

យោងតាមសារទាំងពីរនេះ សមត្ថកិច្ចសង្ស័យថា ជនឈ្មោះChokri និងបក្សពួក មានគម្រោងធ្វើសកម្មភាពមួយទៀត នៅខែក្រោយ។ ដោយឡែក ជនឈ្មោះRamzi បានសារភាព ប្រាប់ពីកន្លែងលាក់អាវុធAK មួយដើមទៀតផងដែរ។

ដោយពិនិត្យនៅក្នុងទូរស័ព្ទរបស់ជនដៃដល់ គេឃើញមានរូបថតរបស់ជនដៃដល់ ថតជាមួយនឹងជនឈ្មោះWalid ថតនៅក្នុងរថយន្តដែលវាប្រើក្នុងការធ្វើភេរវកម្ម។ រូបថតទាំងនោះថតនៅរវាងថ្ងៃទី១១ និង១៣កក្កដា។ ហើយបន្ទាប់មក នៅស្អែកព្រឹក ក្រោយថ្ងៃភេរវកម្មមួយថ្ងៃ ជនឈ្មោះWalid នេះ ថែមទាំងបានទៅដល់កន្លែងកើតហេតុ ហើយបានយកទូរស័ព្ទថតទិដ្ឋភាពនៅទីនោះទៀតផង។

“កាត់ហ្រ្វាំងឡានចោល ហើយបើកបុកឲ្យខ្ទេច ចាំអញ្ញអ្នកឈរមើល!”
ជនឈ្មោះ Chokri បានផ្ញើរសារក្នុងFacebook ទៅជនដៃដល់ កាលពីថ្ងៃទី៤ ខែមេសា ដោយសរសេរបង្គាប់ឲ្យជនដៃដល់ ដាក់ដែកក្នុងឡាន២ពាន់តោន ហើយកាត់ហ្រ្វាំងឡានចោល រួចបើកបុកឲ្យខ្ទេច ចាំវាអ្នកឈរមើល។ បន្ទាប់មកទៀត យោងតាមរូបភាពកាម៉េរ៉ាសុវត្ថិភាព មុនថ្ងៃកើតហេតុ២ថ្ងៃ ជនឈ្មោះChokri បានជិះរថយន្តបង្ករហេតុជាមួយជនដៃដល់ បើកកាត់កន្លែងកើតហេតុទៀតផង ដើម្បីប្រមើលមើលស្ថានការណ៍ជាមុន។

ភស្តុតាង និងព័ត៌មានលម្អិត មាននៅក្នុងទូរស័ព្ទរបស់ជនដៃដល់សឹងតែទាំងអស់។ ទាំងអស់នេះ បង្ហាញថា ជនដៃដល់ ធ្លាប់បានទៅចូលរួមមើលពិធីបាញ់កាំជ្រួច និងការប្រគុំតន្ត្រីនៅមាត់សមុទ្រទីក្រុងនីស ជាច្រើនដង មុននឹងបានបែកគំនិតធ្វើភេរវកម្ម សម្លាប់មនុស្សក្នុងឱកាសបែបនេះ។

ជនដៃដល់ ជាអ្នកគាំទ្រនឹងទ្រឹស្តីអ៊ីស្លាមជ្រុលនិយមរបស់ពួកជីហាដ
គេនៅមិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយទេ ថាជនដៃដល់មានជាប់ទាក់ទងនឹងក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមកម្រឹតណា។ ថ្វីត្បិតតែក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម បានចេញមុខមកទទួលខុសត្រូវមែន តែមិនមែនមានន័យថា ភេរវកម្មនេះ គឺជាការបញ្ជារដោយផ្ទាល់ពីក្រុមនេះទេ។ ជនដៃដល់ ព្រមទាំងបក្សពួក អាចសម្រេចធ្វើភេរវកម្មនេះ ដាច់ដោយឡែក តែដោយយោងតាមការអំពាវនាវរបស់ពួកជីហាដ។

បើពិនិត្យលើភស្តុតាង នានា ដែលរឹបអូសបាន ក្នុងចំណោមជនសមគំនិតទាំងអស់ខាងលើ មានម្នាក់ដែលស្និតនឹងជនដៃដល់ជាងគេ គឺឈ្មោះWalid។ ជនទាំងពីរនាក់នេះ ស្គាល់គ្នា១៥ឆ្នាំហើយ។ ហើយជនទាំងពីរនាក់នេះ បើទោះបីជាគ្មានភស្តុតាងបញ្ជាក់ថាវាជាកូនចៅរបស់ពួកជីហាដ តែភស្តុតាងបញ្ជាក់ថា ជនទាំងពីរនាក់នេះ ជាអ្នកស្រលាញ់គាំទ្រដល់ទ្រឹស្តីអ៊ីស្លាមជ្រុលនិយម របស់ពួកជីហាដអង្គការរដ្ឋអ៊ីស្លាម។

កាលពីថ្ងៃទី១០ មករា ២០១៥ ក្រោយថ្ងៃភេរវកម្មនៅស្នាក់ការកាសែត Charlie Hebdo ៣ថ្ងៃ ជនឈ្មោះ Walid បានផ្ញើរសារទៅកាន់ជនដៃដល់ Mohamed Lahouaiej Bouhlel ដោយសរសេរថា ខ្លួនមិនមែន Charlieទេ ហើយវាសប្បាយចិត្តណាស់ ដែលទាហានរបស់ព្រះអាឡា បានមកបញ្ចប់បេសកកម្មនេះ។ យោងតាមសារនេះ យើងឃើញថា ជនទាំងពីរមានទំនាក់ទំនងស្គាល់ចិត្តគ្នាយ៉ាងស្អិតរមួត ហើយដឹងទៅវិញទៅមក អំពីជំនឿអ៊ីស្លាមជ្រុលនិយមរៀងៗខ្លួន។

ការងារចំបងរបស់អាជ្ញាធរបារាំងនាពេលនេះ គឺធ្វើយ៉ាងណា ទប់ស្កាត់អំពើភេរវកម្មរបៀបនេះ ទៅថ្ងៃមុខទៀត។ មនុស្សប្រភេទនេះ និងបក្សពួកជ្រុលនិយមបែបនេះ នៅមានច្រើនពាសពេញប្រទេសបារាំង។ ប្រជាជនបារាំងកាន់តែអត់ទ្រាំលែងបានហើយ ចំពោះចំណាត់ការដែលគ្មានប្រសិទ្ធិភាព ម្តងជាពីរដងរបស់រដ្ឋាភិបាលបារាំង។ ប្រជាជនចោទរដ្ឋាភិបាល ថាបានតែមាត់ តែភេរវកម្មកើតឡើងជាបន្តបន្ទាប់៕

ប្រភពៈ RFI


Related Posts