វៀតណាមរំពឹងផ្តួល អូស្រ្តាលី ដើម្បីលើកពាន ខណៈកម្ពុជា ប្រជែងយកលេខ៣ជាមួយថៃ

ក្រុមU16ជម្រើសជាតិវៀតណាម បានបង្កើតនៅទំនុកចិត្តថ្មីមួយទៀត ក្នុងការបន្តផ្តួលក្រុមអូស្រ្តាលី សម្រាប់ការវិលមកជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវវិលទៅដណ្តើមយកលេខ៣ជាមួយក្រុមថៃ នារសៀលម៉ោង ៣:៣០ ថ្ងៃនោះដែរ។

mm2

ក្រុមវៀតណាម ធ្លាប់បានឈ្នះក្រុមអូស្រ្តាលី ៣-០ ក្នុងការប្រកួតជម្រុះតាមពូលម្តងហើយ ប៉ុន្តែការវិលមកជួបគ្នាជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីក្រុមទាំង២បានឈ្នះរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះក្រុមវៀតណាម បានបន្សល់ភាពហ្មងសៅឲ្យកម្ពុជា តាមរយៈការយកឈ្នះ ១-០ ហើយ អូស្រ្តាលី បានយកឈ្នះក្រុមម្ចាស់ជើងឯក៣សម័យកាលថៃ ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីក្រុមទាំង២បានស្មើគ្នា ៣-៣ នោះ។

mm1

លោក Dinh The Nam គ្រូបង្វឹកក្រុមU16វៀតណាម បាននិយាយក្រោយឈ្នះកម្ពុជាថា៖«ខ្ញុំទទួលស្គាល់ថា ក្រុមអូស្រ្តាលី ខ្លាំង ប៉ុន្តែយើងនឹងប្រើយុទ្ធសាស្រ្តថ្មី ដើម្បីយកឈ្នះក្រុមនេះម្តងទៀត»។យ៉ាងណាក៏ដោយ សម្រាប់អ្នកតាមដានការប្រកួតនេះ នៅមិនទាន់ប្រាកដថា ក្រុមវៀតណាម អាចយកឈ្នះក្រុមអូស្រ្តាលី ជាលើកទី២ ឬក៏វៀតណាម ត្រូវខកចិត្តវិញនោះទេ ព្រោះទម្រង់លេងរបស់អូស្រ្តាលី ពេលនេះកាន់តែមានការរីកចម្រើន បន្ទាប់ពីពួកគេបានស្មើ ១-១ ជាមួយក្រុមមីយ៉ាន់ម៉ា និងចាញ់ វៀតណាម ៣-០ មកនោះ។

kk1

ដោយឡែក ក្រុមU16កម្ពុជា ដែលទើបតែបង្ហូទឹកភ្នែក ក្រោយចាញ់វៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នៅតែប្រឈមការប្រកួតដ៏លំបាកដដែល ខណៈពួកគេត្រូវវិលទៅជួបក្រុមថៃ ដែលបានលត់ពួកគេរហូតដល់ ៦-០ ក្នុងការប្រកួតដណ្តើមយកលេខ៣ និងលេង៤នោះ។

ការវិលមកជួបក្រុមថៃ ជាលើកទី២នេះ ក៏ជាក្តីបំណងមួយរបស់លោក Inoue Kazunori គ្រូបង្វឹករបស់កម្ពុជា ផងដែរ ព្រោះគ្រូបង្វឹកមកពីជប៉ុនរូបនេះ ហាក់មានមហិច្ឆតា ចង់សាកល្បងជាមួយក្រុមថៃម្តងទៀត។ យ៉ាងណាក៏ដោយ លោក Inoue Kazunori នៅតែប្រកាន់ជំហរមិនព្យាករលទ្ធផលទុកមុនការប្រកួត សម្រាប់ការជួបក្រុមថៃ លើកនេះ តែលោកបានបង្ហើបថា លោកនឹងប្រឹងប្រែងណែនាំកូនក្រុមរបស់លោកលេងឲ្យបានល្អបំផុត ដើម្បីស្វែងរកការឈ្នះ។

ចំណែកលោក Yusuke Iki អតីតគ្រូបង្វឹកក្រុមU16ជម្រើសជាតិកម្ពុជា ដែលបានវិលត្រឡប់ទៅប្រទេសកំណើតនៅជប៉ុនវិញហើយនៅ បានបង្ហោះរូបភាពនៃការសោកសៅក្រុមU16កម្ពុជា បន្ទាប់ពីបានចាញ់ក្រុមវៀតណា ហើយបានសរសេរពាក្យមួយឃ្លាបែបលើកទឹកចិត្តដល់ក្រុមកម្ពុជាថា៖«កុំយំ យើងលេងបានល្អហើយ។ យើងនៅមានឱកាសដណ្តើមយកលេខ៣។ យើងអាចធ្វើបាន!! សូមកុំបោះបង់»៕

The post វៀតណាមរំពឹងផ្តួល អូស្រ្តាលី ដើម្បីលើកពាន ខណៈកម្ពុជា ប្រជែងយកលេខ៣ជាមួយថៃ appeared first on CamboSport.