កុមារ និងការពត់ធ្មេញ

ធ្មេញត្រង់ និងការតម្រឹមថ្គាម បង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងជួយរក្សាធ្មេញរបស់កុមារឲ្យមានសុខភាពល្អ។ នៅពេលដែលមាត់ និងធ្មេញរបស់កូនៗលោកអ្នកត្រូវបានតម្រឹមយ៉ាងល្អ វានឹងផ្តល់ភាពងាយស្រួលក្នុងការទំពារអាហារ និងមានស្នាមញញឹមដ៏ទាក់ទាញ។

+ តើពេលណាដែលកុមារគួរជួបពិភាក្សា ជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញជាលើកទីមួយ?

បើយោងតាមសមាគមគ្រូពេទ្យឯកទេសពត់ធ្មេញអាមេរិក បានណែនាំថាកុមារ គួរធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញ ជាលើកដំបូងនៅអាយុ 7ឆ្នាំ ដោយសារនេះគេអាចរកឃើញ សញ្ញាមិនប្រក្រតីនៃការលូតលាស់ឆ្អឹងថ្គាម និងដំណុះធ្មេញស្រុក។

ប៉ុនែ្តការពត់ធ្មេញជាទូទៅត្រូវបានធ្វើឡើងនៅអាយុចន្លោះអាយុពី 9 ទៅ 14 ឆ្នាំ ពីព្រោះជាកំឡុងពេល ដែលកុមារមានការលូតលាស់ខ្លាំង វាផ្តល់ភាពងាយស្រួសអោយគ្រូពេទ្យឯកទេស មានលទ្ធភាពជួយកែប្រែនូវទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញដែលខុសប្រក្រតី ទទួលបានលទ្ធផលខ្ពស់ និងចំណាយពេលវេលាលឿន ជាងការពត់នៅអាយុច្រើនជាងនេះ។

+ តើកុមារអាចធ្វើការពត់ធ្មេញក្មេងបំផុតនៅអាយុប៉ុន្មាន?

គ្មានការកំណត់ច្បាស់លាស់ អំពីអាយុកុមារអាចទទួលការពត់ធ្មេញបាន រឺមិនបាននោះទេ? ប៉ុន្តែពត់ធ្មេញត្រូវធ្វើឡើងទៅតាមស្ថានភាព នៃបញ្ហាជាក់ស្តែងរបស់អ្នកជំងឺផ្សេងៗគ្នា។

ឧទាហរណ៍៖ ទារកមាត់ឆែប ត្រូវបានទទួលការកែតំរូវក្រអូមឆែប ជាមួយឧបករណ៍កែតម្រូវក្រអូម តាំងពីពេលដែលពួកគេមានអាយុ តិចជាងមួយសប្តាហ៍ ដើម្បីធ្វើអោយទំហំនៃ តំបន់ក្រអូមដែលឆែបរួមតូចជាងមុន និងខិតជិតគ្នាដើម្បីងាយស្រួលដល់ការវះកាត់។ ចំនែកឯកុមារក្រុមផ្សេងទៀត ដែលមិនមានបញ្ហាមាត់ឆែបក៏អាចទទួលការព្យាបាលទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញ ដែលខុសប្រក្រតី នៅចន្លោះអាយុពី 6ឆ្នាំ ទៅ 9ឆ្នាំ។ ការព្យាបាលដំណាក់កាលដំបូងនេះ ដើម្បីទប់ស្កាត់ និងសំរួលបញ្ហា សំរាប់ការពត់ធ្មេញដំណាក់ការទី២ រឺចុងក្រោយ ដោយបង្កើតទីតាំងសំរាប់ធ្មេញស្រុកដុះ និងលូតលាស់ចូលទីតាំងនោះ។ ដូច្នេះហើយសំរាប់កុមារដែលមានបញ្ហាមិនប្រក្រតីនៃទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញចាប់ពីអាយុ 6ឆ្នាំ ទៅ 7ឆ្នាំ គួរធ្វើការព្យាបាលបញ្ហានោះដំណាក់ការដំបូង មួយដំណាក់សិន ហើយក៏ត្រូវទទួលការព្យាបាលពត់ធ្មេញ មួយលើកទៀតនៅអាយុ ៩ឆ្នាំ ទៅ ១៤ឆ្នាំ ដើម្បីទទួលបានកំណាំធ្មេញ និងទំនាក់ទំនងឆ្អឹងថ្គាមដែលល្អ។

+ តើការពត់ធ្មេញ មានការឈឺចាប់ដែរ រឺទេ?

ការពត់ធ្មេញមិនមានការឈឺចាប់លក្ខណៈធ្ងន់ធ្ងរទេ គ្រាន់តែបង្ក អោយមានការរំខានខ្លះៗ ពិសេសចំពោះអ្នកជំងឺទទួលការពត់ធ្មេញជាលើកដំបូង និងពេលផ្លាស់ប្តូរឧបករណ៍ពត់ធ្មេញ ដែលប៉ះទង្គិចលើ ជាលិកាទន់ក្នុងមាត់ អ្នកជំងឺអាចប្រើប្រាស់ក្រមួនពត់ធ្មេញសំរាប់ បិទបាំងកន្លែងដែលបង្ក ការប៉ះទង្គិចនោះ។

+ តើការពត់ធ្មេញចំណាយរយៈពេលប៉ុន្មានឆ្នាំ?

រយៈពេលនៃការព្យាបាលពត់ធ្មេញភាគច្រើន អាស្រ័យទៅលើកត្តាសំខាន់៤ គឺ ទី១ ស្ថានភាពនៃលក្ខណៈធ្មេញរបស់អ្នកជំងឺ ទី២ ការធ្វើគំរោងព្យាបាលដែលត្រឹមត្រូវរបស់គ្រូពេទ្យ ទី៣ ឧបករណ៍ពត់ធ្មេញដែលប្រើ និងទី៤ កិច្ចសហការបានល្អរបស់អ្នកជម្ងឺជាមួយគ្រូពេទ្យ។ ប៉ុន្តែការព្យាបាលពត់ធ្មេញ ជាទូទៅចំណាយរយៈពេលចន្លោះពី 18 ខែ ទៅ 24 ខែ តែប៉ុណ្ណោះសំរាប់ករណីធម្មតា និង 36 ខែ សំរាប់ករណីដែលមានភាពស្មុគស្មាញខ្លាំង។ 

+ តើទន្តបណ្ឌិតទូទៅអាចធ្វើការព្យាបាលពត់តំរង់ធ្មេញ បានដូចទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញដែរ រឺទេ?

ត្រឹមត្រូវណាស់ទន្តបណ្ឌិតទូទៅភាគច្រើន បានចូលរួមបណ្តុះបណ្តាល វគ្គពត់តំរង់ធ្មេញ ប៉ុនែ្តបើសិនជាលក្ខណៈ នៃបញ្ហារបស់អ្នកជំងឺពត់ធ្មេញនោះ មានសភាពស្មុគស្មាញ វាជាការល្អដែលអ្នកត្រូវស្វែងរកការប្រឹក្សា និងព្យាបាលពីទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញ។ ទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញ បានទទួលការសិក្សាលំអិត ៣ឆ្នាំទៅ ៤ឆ្នាំ បន្ថែមទៀតផ្នែកពត់តំរង់ធ្មេញ បន្ទាប់ពីបានបញ្ចប់ ថ្នាក់ទន្តបណ្ឌិតទូទៅ។ ដូច្នេះហើយ គាត់មានជំនាញច្បាស់លាស់ ក្នុងការធ្វើពត់ធ្មេញអោយត្រង់បានល្អ និងដោះស្រាយទំនាក់ទំនងឆ្អឹងថ្គាម។ 

រៀបរៀងដោយៈ ទន្តបណ្ឌិត យឹម សេដ្ឋាវុទ្ធ
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុមារ និងការពត់ធ្មេញ

កុមារ និងការពត់ធ្មេញ