គណៈកម្ម​ការ​រំពឹងថាអ្នកហែសពលោក កែម ឡី មានយ៉ាងតិច​​៥០ម៉ឺននាក់

គណៈកម្មការបុណ្យអះអាងថាចំនួនអ្នកចូលរូមដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះអាចនឹងមានអ្នកចូលរួមយ៉ាងតិច៥០ម៉ឺននាក់។

សពលោកបណ្ឌិត កែម ឡី ត្រូវគណៈកម្មការបុណ្យសពនិងក្រុមគ្រួសារសម្រេចហែទៅបញ្ចុះនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទីកន្លែងកំណើតរបស់លោក។

ក្នុងវេទិកាតុមូលរបស់វីអូឌីថ្ងៃទី២២កក្កដានេះ សមាជិកគណៈកម្មការបុណ្យសពព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថាអ្នកចូលរួមដង្ហែសពមានជាង៥០ម៉ឺននាក់ដោយព្រះអង្គអះអាងថាការចូលរួមនេះដោយមានចេញពីទឹកចិត្តរបស់អ្នកដែលស្រលាញ់ចូលចិត្តលោក កែម ឡី។

ព្រះអង្គមានសង្ឃដីការថា៖ “យើងប៉ានស្មានមើលទៅតាមសំឡេងដែលផ្តល់ព័ត៌មានមកអាចកន្លះលានអីហ្នុង។ … យោងទៅតាមព័ត៌មានយោងតាមបណ្តាញសង្គមខ្លះ ហើយអ្នកខ្លះខលមក ហើយឥឡូវមានអ្នកខ្លះត្រៀមចាំនៅវត្តស្លែង អ្នកខ្លះទៅចាំនៅរង្វង់មូល អ្នកខ្លះទៅចាំនៅត្រាំខ្នា ដូច្នេះបើយើងមើលទៅមនុស្សបណ្តាក់គ្នាដូចខ្យង តាំងពីភ្នំពេញដល់ខេត្តតាកែវ ”។

ព្រះអង្គមានសង្ឃដីកាបន្ថែមថាដោយសារតែអ្នកចូលរួមអាចឈានដល់ចំនួននេះហើយ ទើបគណៈកម្មការបែងចែកផែនសម្រាប់ការដង្ហែជា១១ផែន ដើម្បីឲ្យការហែមានរបៀបរៀបរយ។

ទាក់ទងទៅនឹងការដង្ហែនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក មានប្រសាសន៍ក្នុងវេទិកាតុមូលវីអូឌីថាអាជ្ញាធរគឺធានារក្សាសន្តិសុខនៅខាងក្រៅក្បួនដង្ហែ ចំណែកខាងក្នុងជាការទទួលខុសត្រូវរក្សាសន្តិសុខដោយគណៈកម្មការបុណ្យ។

លោកមានប្រសាសន៍ថា៖ “មានពិបាកអី! ប៉ូលីសចរាចរណ៍យើងមានតាមផ្លូវ ហើយយើងបានប្រាប់ទៅតាមផ្លូវដង្ហែរ ចម្ងាយផ្លូវយើងដឹងអស់ហើយជារួម … គ្រាន់ថាក្នុងជួរសពហ្នឹង គឺខាងគណៈកម្មការគេទេអ្នកទទួលខុសត្រូវ ”។

គួរបញ្ជាក់ថាសពរបស់លោក កែម ឡី ត្រូវបានគណៈកម្មការបុណ្យសពសម្រេចហែទៅបញ្ចុះនៅស្រុកកំណើតលោកនៅខេត្តតាកែវនៅថ្ងៃអាទិត្យនេះដោយការដង្ហែចេញពីទីតាំងវត្តចាស់ឡើងតាមស្ពានជ្រោយចង្វា រួចបត់ឡើងតាមមហាវិថីព្រះមុន្នីវង្ស រួចបត់ឡើងតាមមហាវិថីសហព័ន្ធរុស្សី កាត់តាមទីស្តីការគណៈរដ្ឋមន្រ្តីតម្រង់ទៅរង្វង់មូលចោមចៅ ឆ្ពោះទៅខេត្តតាកែវ៕

ប្រភពៈ VOD


Related Posts