បើក​រថយន្ត​បុក​ចូល​ទី​សក្ការ​ដ៏​ល្បី​ឈ្មោះ​នៅ​ថៃ​របួស​៥​នាក់​

បុរស​ម្នាក់​ បាន​បើក​រថយន្ត​បុក​ចូល​ទី​កន្លែង​សក្ការ​ដ៏​ល្បី​ឈ្មោះ​នៅ​ទីក្រុង​បាងកក​ឈ្មោះ អេរ៉ាវ៉ាន់​ (​Erawan Shrine) កាល​ពី​យប់​មិញ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​៥នាក់​។

 

បើក​រថយន្ត​បុក​ចូល​ទី​សក្ការ​ដ៏​ល្បី​ឈ្មោះ​នៅ​ថៃ​របួស​៥​នាក់​

 

ភ្លាម​ៗ​ក្រោយ​កើត​ហេតុ​ ក្រុម​ជួយ​សង្គ្រោះ​ និង​ប៉ូលិស​បាន​ព្យាយាម​យក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ ហើយ​ជន​បង្ក បាន​​សន្លប់​បាត់​ស្មារតី​នៅ​ក្នុង​រថយន្ត​ស៊េរី Toyota Corona​ ដែល​មាន​កូន​ស្រី​អាយុ​ខ្ទង់​២០​ឆ្នាំ​នៅ​ជាមួយ​ផង។

 

បើ​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​អ្នក​បើក​រថយន្ត​មាន​ឈ្មោះ Kanuengnit Techoran វ័យ​៥៤​ឆ្នាំ ហើយ​ជន​រងគ្រោះ​ដែល​រង​របួស​ សុទ្ធ​តែ​ជា​ភ្ញៀវ​ទេសចរ​បរទេស​ ក្នុង​នោះ​រួម​មាន​ ភ្ញៀវ​ជន​ជាតិ​ចិន​ម្នាក់​, ម៉ាឡេស៊ី​ ២​នាក់ និង​សិង្ហបុរី​ ២នាក់។​ គេ​មិន​ទាន់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បើក​ឡាន​បុក​ចូល​ទី​កន្លែង​សក្ការ​ខាងលើ​នៅ​ឡើយ​ទេ។

 

ទី​សក្ការ​​អេរ៉ាវ៉ាន់ ជា​ទី​អារាម​ឧទ្ទិស​ដល់ ហិណ្ឌូ​ព្រហ្ម​សាសនា​នៅ​កណ្ដាល​ទីក្រុង​បាងកក តែ​ពេញ​និយម​ សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហើយ​​មាន​ទេសចរ​រាប់​រយ​នាក់​ចូ​ល​ទស្សនា​ និង​បន់ស្រន់​ជា​រៀង​រាល់​ថ្ងៃ។ កាល​ពី​ឆ្នាំ​មុន ទីនេះ​ធ្លាប់​មាន​អំពើ​ភេរវកម្ម​មួយ​កើត​ឡើង​ គឺ​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​សម្លាប់​មនុស្ស​អស់​២០​នាក់​ (ភាគ​ច្រើន​ជាតិ​ជនជាតិ​ចិន) និង​របួស​ជា​ច្រើន​នាក់៕

 

បើក​រថយន្ត​បុក​ចូល​ទី​សក្ការ​ដ៏​ល្បី​ឈ្មោះ​នៅ​ថៃ​របួស​៥​នាក់​

 

បើក​រថយន្ត​បុក​ចូល​ទី​សក្ការ​ដ៏​ល្បី​ឈ្មោះ​នៅ​ថៃ​របួស​៥​នាក់​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Khaosodenglish