មនុស្ស​យ៉ាងតិច​៩​នាក់​បាត់​បង់ជីវិត​ក្នុងការ​បាញ់ប្រហារ​នៅ​ក្រុង​មុយ​និ​ច​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-23-2016, 10:02 am         332

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មនុស្ស​យ៉ាងតិច​៩​នាក់​បាត់​បង់ជីវិត​ក្នុងការ​បាញ់ប្រហារ​នៅ​ក្រុង​មុយ​និ​ច​​យុវជន​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់ បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​ហាង​ទំនិញ​ក្នុង​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៩​នាក់ បាត់បង់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស​។ ការបាញ់ប្រហារ​នេះ កើតឡើង​តែ​រយៈពេល​៨​ថ្ងៃក្រោយ​សកម្មភាព​ភេរវកម្ម​នៅ​ទីក្រុង Nice ក្នុង​ទិវា​បុណ្យជាតិ​របស់​បារាំង​។​

​មន្ត្រីប៉ូលិស​ទីក្រុង​មុយ​និ​ច បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ថា បុរស​មាន​សញ្ជាតិ​ពីរ​អាល្លឺម៉ង់​និង​អ៊ីរ៉ង់ បាន​បាញ់​ទៅលើ​មនុស្សម្នា​ក្នុង​ហាង​ទំនិញ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​៩​នាក់ ក្នុងការ​វាយប្រហារ​លើ​ក​ទី​បី​ប្រឆាំងនឹង​ជន​ស៊ីវិល​នៅ​តំបន់​អឺរ៉ុប​ខាងលិច​។ ក្រៅពីនោះ មនុស្ស​យ៉ាងតិច​១៦​នាក់ ដែលមាន​កុមារ​ជាច្រើន​ផង​នោះ បាន​របួស និង​មាន​មនុស្ស​បីនាក់ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​ស្នងការ​ប៉ូលិស​ក្រុង​មុយ​និ​ច​លោក Hubertus Andrae និយាយថា ជន​វាយប្រហារ​ដែល​ប្រើ​កាំភ្លើងខ្លី​ក្នុងការ​បាញ់​នេះ ត្រូវបាន​រកឃើញថា​បាន​បាញ់សម្លាប់​ខ្លួនឯង​នាពេល​បន្ទាប់​។ ដោយយោង​តា​មក​សាក្សី​នៅ​កន្លែងកើតហេតុ ប៉ូលិស​និយាយថា ពួកគេ​កំពុង​ស្វែងរក​ជនសង្ស័យ​បីនាក់​ទៀត ដែល​ចូលរួម​ក្នុងការ​បាញ់​នៅ​ហាង​ទំនិញ​កណ្ដាល​ក្រុង​មុយ​និ​ច​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រាប់​អ្នកសារព័ត៌មាន​វិញ​ថា ជនដៃដល់​ប្រហែល​ធ្វើ​សកម្មភាព​នេះ​តែម្នាក់ឯង​ប៉ុណ្ណោះ​។   

​ជាមួយគ្នានេះដែរ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គេ​មិនទាន់​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​ក្នុង​ទីក្រុង​ធំ​ទី​បី​របស់​អាល្លឺម៉ង់​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា មូលហេតុ​នៅ​ពីក្រោយ​សកម្មភាព​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ នៅ​មិនទាន់​បញ្ជាក់​ច្បាស់​នោះទេ ដ្បិត​មាន​ភស្តុតាង​ផ្ទុយគ្នា​ជាច្រើន​។ នៅពេលនេះ គេ​មិនទាន់​ឃើញ​មាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​ដែរ ប៉ុន្តែ​អ្នកគាំទ្រ​របស់​ក្រុម​រដ្ឋ​ឥស្លាម បាន​អបអរ​ចំពោះ​សកម្មភាព​នេះ នៅលើ​បណ្ដាញ​សង្គម​។​

​សូម​បញ្ជាក់ដែរថា នៅមុន​ការបាញ់ប្រហារ​នេះ​មួយ​សប្ដាហ៍ ក៏មាន​ការវាយប្រហារ​នៅលើ​រថភ្លើង​នៅ​អាល្លឺម៉ង់​ផងដែរ​។ អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​វ័យ​១៧​ឆ្នាំ​ម្នាក់ បាន​ប្រើ​ពូថៅ​វាយប្រហារ​លើ​អ្នកដំណើរ​លើ​រថភ្លើង​នៅ​តំបន់ Bavaria ហើយ​បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​មកពី​ហុងកុង​របួស មុននឹង​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​។

​យ៉ាងណាក្ដី ស្នងការ​ប៉ូលិស​អាល្លឺម៉ង់ មិនទាន់​អាច​បញ្ជាក់​បានទេ​ថា ការវាយប្រហារ​ដោយ​ប្រើ​ពូថៅ និង​ការបាញ់ប្រហារ​នៅពេលនេះ មាន​ជាប់ទាក់ទង​គ្នា​ឬ​យ៉ាងណា​នោះទេ​៕