​លោក សម រង្ស៊ី ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ត្រៀមខ្លួន​រៀបចំ​ឯកសារ ដើម្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តាម​កាលកំណត់​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត​នៅ​ចុង​សប្តាហ៍​នេះ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ត្រៀមខ្លួន​រៀបចំ​ឯកសារ​ដើម្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តាម​កាលកំណត់ និង​លក្ខ​ខ័​ណ្ឌ​ដូច​មានចែង​ក្នុង​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែលមាន​ភ្ជាប់​មកជា​មួយ​ក្រោម​នេះ​។​

លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់​ពី​គុណ​តម្លៃ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ដំណើរការ​បោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ផងដែរ​។ ការបញ្ជាក់ របស់លោក សម រង្ស៊ី គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានការ​យល់ដឹង​ទូលំទូលាយ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ព្រមទាំង​ជំរុញ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ល្អ ដើម្បី​សម្រួល​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

​បើទោះជា​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក៏ដោយ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បាននិងកំពុង​បំពេញការងារ​យ៉ាងសកម្ម​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​គប្បី​ទៅធ្វើ​ឯកសារ​ផ្លូវច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ ក៏បាន​បញ្ជាក់ដែរថា​បើ​ទោះជា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជាមាន​ការលំបាក​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ព្យាយាម​ជំនះ​គ្រប់​ឧបសគ្គ និង​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​ឲ្យ​មាន​ភាពប្រក្រតី ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ កិច្ចការ​ទាំងនេះ ត្រូវគេ​សង្កេតឃើញថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​នៅ​កម្ពុជា​៕

6b9f0fae-fc98-4155-be73-1050cca352c6 13754412_1149275395129192_4647461880475371376_n 13770495_1149275398462525_8826004395079219682_n