​ពាន​រង្វាន់ True Sport ​មាន​៣១​ក្រុម​ចូល​រួម ​បើក​ដំណើរ​ការ​ប្រកួត​

ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព True Sport Boeung Salang Cup ​បាន​ចាប់​ផ្ដើម​ដំណើរ​ការប្រកួត​ហើយ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​៣១​ក្រុម ប្រើ​ពេល​ជិត​៦​ខែ ទើប​អាច​រក​ឃើញ​ជើង​ឯក​បាន។

 

 ​ពាន​រង្វាន់ True Sport ​មាន​៣១​ក្រុម​ចូល​រួម ​បើក​ដំណើរ​ការ​ប្រកួត​ ពាន​រង្វាន់ True Sport

 

លោក ស្រី សំណាង ​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ខាង​លើ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ពាន​រង្វាន់​​នេះ​ឡើង​គឺ​មាន​៣​ចំណុច​ធំ​ៗ។ ចំណុច​ទី​១ ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ដែល​កម្ពុជា​កំពុង​តែ​រីក​ចំរើន​ខ្លាំង​នេះ ខណៈ​ដែល​ទី​២ ​ចង់​ឱ្យ​ក្មេង​ៗ យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន កុំ​ឱ្យ​ប្រើ​ពេល​ទំនេរ​របស់​ខ្លួន​គិត​ទៅ​រក​ផ្លូវ​ខុស ​និង​ចំណុច​ចុង​ក្រោយ​គឺ​ចង់​ឱ្យ​អ្នក​ចង់​លេង​បាល់ទាត់​ទាំង​អស់ ស្គាល់​ថា​នៅ​ម្ដុំ​បឹង​សាឡាង​ថ្មី​នេះ ក៏​មាន​ការ​ប្រកួត​ពាន​រង្វាន់​មួយ​ដែរ។

 

​ពាន​រង្វាន់ True Sport ​មាន​៣១​ក្រុម​ចូល​រួម ​បើក​ដំណើរ​ការ​ប្រកួត​លោក ស្រី សំណាង

 

បន្ថែម​ពី​លើ​នេះ​ លោក ស្រី សំណាង ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ត្បិត​តែ​វា​មិន​មែន​ជា​ពាន​រង្វាន់​អាជីព ប៉ុន្តែ​ការ​ប្រកួត​មាន​ច្បាប់​ប្រកួត​ត្រឹមត្រូវ ដោយ​កីឡាករ​ទាំងអស់​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​បាន​ទេ។ ក្រុម​ដែល​ចូល​រួម​មាន​៣១​ក្រុម បែងចែក​ជា​២ ពូល ​ប្រកួត​សន្សំ​ពិន្ទុ ​យក​៨​ក្រុម​ពី​ពូល​នីមួយ​ៗ​ ដើម្បី​ឡើង​មក​ប្រកួត​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ និង​វគ្គ​​បន្តបន្ទាប់។ ក្រុម​ទាំង​អស់​ត្រូវ​មាន​គ្នា​ចាប់​ពី​១០​នាក់​ឡើង​ទៅ ដោយ​ពេល​ចូល​លេង​អាច​ចូល​បាន​៦​នាក់ ​មួយ​ប្រកួត​មាន​ពេល​៤០​នាទី។

 

​ពាន​រង្វាន់ True Sport ​មាន​៣១​ក្រុម​ចូល​រួម ​បើក​ដំណើរ​ការ​ប្រកួត​ក្រុមដែល​ចូលរួម​ប្រកួត

 

ចំពោះ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​វិញ ​ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​នឹង​ទទួល​បាន​មេដាយ​មាស​ និង​ប្រាក់ ៣ ២០០ ០០០​រៀល ​ចំណាត់​ថ្នាក់​លេខ​២ ​ទទួល​បាន​ ១ ៧០០ ០០០​រៀល ​ចំណាត់​ថ្នាក់​លេខ ៣​ទទួល​បាន​ ១ ០០០ ០០០​រៀល ​និង​ចំណាត់​ថ្នាក់​លេខ​៤ ​ទទួល​បាន ៤០០ ០០០​រៀល៕

 

អត្ថបទ៖ មុន្នី រម្យ