វ៉ែនតា​ផាត់​ពណ៌ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថា ជំនួយ​ដល់​កម្ពុជា​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់

រាជធានី​ភ្នំពេញ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ បាន​ឲ្យ​ដឹង​ថា លោក LU KANG អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ថា ជំនួយ​របស់​ចិន​ចំពោះ​កម្ពុជា​ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​នយោបាយ​ណាមួយ​ឡើយ ។

លោក LU KANG ថ្លែង​បែប​នេះ ជា​ការ​បដិសេធ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រកាស​ថា ចិន​នឹង​ផ្តល់​ជំនួយ​ជិត​៦០០​លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការ​បោះ​ឆ្នោត ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង​សុខាភិបាល​របស់ប្រទេស ។ AP សរសេរ​ទៀត​ថា ជា​ថ្នូរ​វិញ​កម្ពុជា​ត្រូវ​គាំទ្រ​ចិន​ក្នុង​បណ្តា​កិច្ចការ​អន្តរជាតិ ក្នុង​នោះ​រួម​ទាំង​ជម្លោះ​បច្ចុប្បន្ន​រវាង​ក្រុង​ប៉េ​កាំ​ង និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ៗ​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូប​នេះ​អះអាង​ថា ចិន​ចង់ឱ្យ​បណ្តា​ប្រទេស​ដែល​ទាក់ទិន​កុំ​សម្លឹង​មើល​ជំនួយ​ចិន​ឱ្យ​កម្ពុជា​ជាមួយ​«​វ៉ែនតា​ផាត់​ពណ៌​» ។ ចិន​និង​កម្ពុជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​២​ជា​ប្រទេស​ជិតខាង​គ្នា ហើយ​ប្រទេស​ទាំង​២​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មោះត្រង់​មួយ​ចាប់តាំងពី​យូរលង់​មក​ហើយ រួច​ជួយ​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក LU KANG បន្ត​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ផ្តល់​ជំនួយ និង​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ទៅ​តាម​កម្រិត​នៃ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ជួយ​កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​និង​កែ​លម្អ​ជីវភាព​ប្រជាជន​។ ជំនួយ​នេះ មួយ​ផ្នែក​ធំ​សម្រាប់​បណ្តា​គម្រោង​មាន​លក្ខណៈ​សង្គម​ក្នុង​វិស័យ​សុខាភិបាល កសិកម្ម ការ​ស្តុក​ទឹក វប្បធម៌ និង​អប់រំ ដែល​ទទួល​បានការ​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​កម្ពុជា​។

  • សម្តេច​ប្រធានរដ្ឋសភា​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

ប្រធានរដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៥​ថ្ងៃ ដែល​ការ​ធ្វើ​ទស្សនកិច្ច​នេះ គឺ​បន្ទាប់​ពី​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជិត​៦០០​លាន​ដុល្លារ ។

ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា គឺ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​ពញា​ចក្រី​គ្រោង​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​ចិន​លោក Li Yuanchao ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន លោក Yu Zhensheng និង​លោក Zhang Dejiang ប្រធាន​សភា​ប្រជាជន​ចិន ។
ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ផង​ដែរ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ ក្រោយ​ពី​ការ​ជួប​ពិភាក្សា​គ្នា​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ជិត​៦០០​លាន​ដុល្លារ​សម្រាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នៃ​២០១៨ ដោយ​ផ្តោត​លើ​វិស័យ​ទឹក​ស្អាត ដំណើរការ​បោះ​ឆ្នោត និង​ការ​អប់រំ​ជាដើម ។

ទោះជា​យ៉ាងណា ជំនួយ​នេះ​ត្រូវ​បាន​ម​ជ្ឈ​ដា្ឋ​ន​មួយ​ចំនួន​មើលឃើញ​ថា បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​ប្រកាស​ជំហរ​ម្តង​ហើយ​ម្តងទៀត​ថា បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិន​ទាក់ទង​នឹង​អាស៊ាន និង​ជំហរ​មិន​គាំទ្រ​ដល់​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្តិ​ការ​អន្តរជាតិ​ដែល​កាត់សេចក្តី​ឲ្យ​ហ្វ៊ី​លី​ពី​ន​ឈ្នះ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​កម្ពុជា​ចង់​ឲ្យ​ភាគី​ទាំង​២​ដោះស្រាយ​ទំនាស់​ជា​ទ្វេភាគី ៕