ព្យាយាម​ចង់​ជួប​សម្តេច​តេ​ជោ​នៅ​ក្រុង​សៀមរាប​ត្រូវ​បាន​រារាំង

ព្យាយាម​ចង់​ជួប​សម្តេច​តេ​ជោ​នៅ​ក្រុង​សៀមរាប​ត្រូវ​បាន​រារាំង



ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ស្ថិត​នៅ​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ធី​អង្គរ ក្រុង​សៀមរាប លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទំនប់​អញ្ចាញ​ប្រមាណ​ជា​៩​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប បាន​នាំ​គ្នា​មក​ឈរ​លើក​បដា​ទាមទារ​សុំ​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ឱ្យ​ជួយ​អន្តរាគមន៍​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​អប្សរា​តាំងពី​ឆ្នាំ​២០១០​មក ។ ការ​លើកគ្នា​មក​សុំ​ជួប​សម្តេច​តេ​ជោ​នេះ គឺ​ក្នុង​ខណៈ​ពេល​ដែល​សម្តេច​ធ្វើ​ដំណើរ​មក​សួរសុខទុក្ខ​មន្ត្រីរាជការ​នៅ​ខេត្តសៀមរាប ។

ទោះជា​យ៉ាងណា ការ​ទាមទារ​សុំ​ជួប​សម្តេច​តេ​ជោរ​បស់​ប្រជាពលរដ្ឋ​នេះ​ត្រូវ​បាន​បរាជ័យ ដោយសារ​សមត្ថកិច្ច​ចម្រុះ​ហាមឃាត់​មិន​ឱ្យ​ពួក​គាត់​ចូល​ជួប​ទេ ។ ក្នុង​ពេល​នោះ គេ​ឃើញ​វត្តមាន​លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប និង​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ព្យាយាម​សម្របសម្រួលជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​សិន កុំឱ្យ​ឈរ​ត្រៀបត្រា​ពេញ​មុខ​ផ្សារ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ។

តំណាង​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ​ដែល​ចង់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ឈ្មោះ ពុធ សុទ្ធា​រី ជា​ស្ត្រី​មេម៉ាយ​អាយុ​៦០​ឆ្នាំ មាន​មុខរបរ​លក់ដូរ​ដែល​មាន​ប្តី​ឈ្មោះ ខៀវ សំបុក ស្លាប់​រយៈពេល​៥​ឆ្នាំ​មក​ហើយ និង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មាន​ទីលំនៅ​ខាងត្បូង​រង្វង់​មូល​ឃ្យុ​ង​យូ ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ថា ពួក​គាត់​មកនេះ គឺ​មាន​គោលបំណង​ចង់​ជួប​សម្តេច​តេ​ជោ ដើម្បី​ឱ្យ​លោក​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​សុរិយោដី ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​ចំនួន​៦០​គ្រួសារ​ឱ្យ​បាន​កាន់កាប់​ស្របច្បាប់​ផង ។ តំណាង​ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពួក​គាត់​នៅ​លើ​ដី​នេះ​តាំងពី​មុន​ឆ្នាំ​២០១០​មក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ ចង់​ធ្វើ​ផ្ទះ ឬ​ធ្វើ​របង​មិន​បាន​ព្រោះតែ​អាជ្ញាធរ​អប្សរា​ហាមឃាត់​មិន​ឱ្យធ្វើ ។ កុំ​ថា​ឡើយ​ធ្វើ​ផ្ទះ សូ​ម្បី​តែ​ធ្វើ​ទ្រុងមាន់ ក៏​មិន​ឱ្យធ្វើ​ដែរ​ថា​ខ្លាច​ប៉ះពាល់​ប្រាសាទ ។

ដោយសារ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​អប្សរា​ជា​ច្រើន​ឆ្នាំ​មកនេះ ពេល​ដឹង​ថា សម្តេច​តេ​ជោ​អញ្ជើញ​មក​សៀមរាប ទើប​ពួក​គាត់​លើកគ្នា​មក​សុំ​ជួប ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ពួក​គាត់​បែរជា​គ្មាន​ន័យ​ទៅ​វិញ ដោយសារ​ក្រុម​សមត្ថកិច្ច​មិន​ព្រមឱ្យ​ពួក​គាត់​ចូល​ទៅ​ជួប​បាន ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​នៅ​មុខ​ក្រុម​ប្រជាពលរដ្ឋ​ថា ពួក​គាត់​មកនេះ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ចង់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ទាល់តែ​បាន ដើម្បី​ឱ្យ​សម្តេច​ជួយ​អន្តរាគមន៍​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​គាត់​ដែល​បាន​រស់នៅ​លើ​ទំនប់​អញ្ចាញ ដែល​ជា​ដី​ចំណី​ផ្លូវ និង​ត្រូវ​បាន​កាន់កាប់​ដោយ​អាជ្ញាធរ​អប្សរា​សព្វថ្ងៃនេះ ។

លោក​បន្ត​ថា ពួក​គាត់​នាំ​គ្នា​លើក​បដា​ពេញ​មុខ​ផ្សារ​ថ្មី​អង្គរ បន្ទាប់​ពី​ដឹង​ថា សម្តេច​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ស៊ី​ធី​អង្គរ​ក្រុង​សៀមរាប ។ ដូច្នេះ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​លោក​ត្រូវ​តែ​បង្ខំចិត្ត​ចូល​មក​សម្របសម្រួល​ពន្យល់​ពួក​គាត់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។ ខណៈនោះ​ដែរ​លោក​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​នៅ​មុខ​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ស្តាប់​សម្តី​ឆ្លង​ឆ្លើយ​ជាមួយ​លោក​អភិបាលខេត្ត កុំឱ្យ​មានការ​សង្ស័យ​តទៅ​ទៀត​។ ក្រោយ​ពី​ស្តាប់​ការ​ពន្យល់​របស់​លោក​រួច ពួក​គាត់​បាន​នាំ​គ្នា​ចាក​ចេញពី​ទីកន្លែង​នោះ​រៀង​ៗ​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លោក​បន្ត​ថា បន្ទាប់​ពី​សម្តេច​តេ​ជោ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​បុរី​សណ្ឋាគារ(​ហៅ​បុរី​វប្បធម៌​និង​ទេសចរណ៍​)​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​នោះ ប្រជាពលរដ្ឋ​ដែល​នៅ​លើ​ទំនប់​អញ្ចាញ ក្នុងភូមិ​ចុង​កៅស៊ូ ដែល​មិន​ទាន់​សម្រេច​បែប​ណា​នោះ ក៏​បាន​ទាមទារ​ភាព​ស្របច្បាប់​លើ​ដី​ដែល​ពួក​គាត់​រស់នៅ​ដែរ ទើប​ព្យាយាម​សុំ​ឱ្យ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​គាត់ តែ​មិន​ទាន់​ទទួលយក​បាន​ទេ​នៅ​ពេល​នេះ ព្រោះ​តំបន់​ដែល​ពួក​គាត់​រស់នៅ គឺ​ស្ថិត​ចំ​ផ្លូវ​ហាមឃាត់​នៅឡើយ​មិន​អាច​ដោះស្រាយ​បាន​ភ្លាម​ៗ​ទេ ។

ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​នៅ​ចំពោះ​មុខ​លោក​អភិបាលរង​ខេត្ត និង​អភិបាលក្រុង​ថា បើ​ថ្ងៃក្រោយ​ចង់​ធ្វើ​ផ្ទះ​នៅ ឬ​ធ្វើ​អ្វីមួយ​មាន​ក្រុម​អាជ្ញាធរ​អប្សរា​ចុះ​មក​រុះរើ​ដូច​សព្វមួយដង តើ​ឱ្យ​ពួក​គាត់​ទូរស័ព្ទ​មក​លោក​សុំ​អន្តរាគមន៍​បាន​ដែរ​ទេ ? ដូច្នេះ​ពួក​គាត់​សង្ឃឹម​និង​ជឿជាក់​លើ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ហើយ​នៅ​ពេល​នេះ ។ បញ្ហា​ដីធ្លី​នៅ​តែ​ជា​រឿង​ស្មុគស្មាញ និង​ចាក់​ស្រែះ​ដូច​អំបោះ​ហុង ។ នៅ​ខេត្តបាត់ដំបង​មុន​នេះ អ្នកមាន​បញ្ហា​ដីធ្លី​ជា​ច្រើន​នាក់​ក៏​បាន​ព្យាយាម​ចង់​ជួប​សម្តេច​តេ​ជោ​ដែរ តែ​ត្រូវ​បាន​រារាំង​ដូច​គ្នា ៕