ធី សុវណ្ណថា​ បន្តព្រមាន​ធ្វើបាតុកម្ម​រំលាយ CNRP

ខេត្តកំពង់ធំ ៖ ​ជាថ្មីម្តងទៀត ​នាយិកាអង្គការយុវជនកិច្ចការសង្គម​ កញ្ញា ធី សុវណ្ណថា​ បានប្រកាសជាសាធារណៈ​​ព្រមានដឹកនំា​ធ្វើបាតុកម្មរំលាយ​គណបក្សសង្រ្គោះជាតិ (CNRP) ​ប្រសិនបើសហភាពអឺរ៉ុបបិទ​ការនំាចូលសម្លៀកបំពាក់ពី​កម្ពុជា​តាមសំណើ​លោក ​សម រង្ស៊ី ​មែននោះ ។

ការព្រមាន​​របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ​ បានធ្វើឡើងកាលពីថ្ងៃទី២២ ​កក្កដា ២០១៦ ​ក្នុងវេទិកាសាធារណៈ​ស្តីពី​សិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ ​រៀបចំឡើងដោយអង្គការយុវជនកិច្ចការសង្គម ​នៅស្រុកបារាយណ៍​ ខេត្តកំពង់ធំ ។

បើតាម ធី សុវណ្ណថា ​ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​ក៍បានបញ្ជាក់ទៀតថា​ នៅក្នុងវេទិកាលើក​ទី​១៨កាលពីថ្ងៃម្សិលមិញនេះដែរ ​ពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋ១០៥០ ​ដែលចូលរួមក្នុងវេទិកាក៍​បានសម្តែងការខឹងសម្បា​និង​​ប្រតិកម្មចំពោះលោក សម រង្ស៊ី​ ដែលអំពាវនាវឲ្យសហភាពអឺរ៉ុបបិទការ​នំាចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា ហើយថាពួក​​គាត់​​មួយចំនួនក៍ប្រកាសថានឹង​ចូលរួមបាតុកម្មដឹកនំាដោយកញ្ញា ​ធី សុវណ្ណថា ​និងថ្នាក់ដឹកនំាសហជីពមួយចំនួនទៀត​ ប្រសិនបើ​សហភាពអឺរ៉ុប​បិទការនំាចូលសម្លៀកបំពាក់ពីកម្ពុជា​តាមសំណើនិងការអំពាវនាវរបស់លោក ​សម រង្ស៊ី ​មែននោះ ។

មកដល់ព្រឹកថ្ងៃទី២៣ កក្កដានេះ ​មិនទាន់មានប្រតិកម្មតបនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​ជុំវិញការព្រមាន​របស់កញ្ញា ​ធី សុវណ្ណថា​ខាងលើនេះ ៕