​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​តម្លាភាព​

ក្រុមមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ​បានបញ្ជាក់​គោលជំហរ​ជាថ្មី​ថា​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចង់បាន​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​តម្លាភាព​។ តែ​ស្ថានភាព​នយោបាយ​សព្វថ្ងៃនេះ​កំពុងតែ​គំរាមកំហែង​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​តម្លាភាព​ដែល​គ្រោង​នឹង​រៀបចំ​នាពេល​ខាងមុខនេះ​។​

​ជុំវិញ​ការបញ្ជាក់​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​នៅ​ចុង​សប្តាហ៍​នេះ ក្រុម​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​ដូចជា​៖ ទី​១- គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលឹក​ពី​តម្លៃ​ខួប​២​ឆ្នាំ​(២២​កក្កដា​២០១៤-២២​កក្កដា​២០១៦) នៃ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​វិបត្ដិនយោបាយ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ការជួប​និយាយ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ប្រើប្រាស់​វប្បធម៌​សន្ទនា និង​ដោះស្រាយ​បញ្ហានយោបាយ​ដោយ​អហិង្សា ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ការវាយតម្លៃ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២ និង​ទី​៤- ថ្ងៃទី​២៥ ពេលព្រឹក គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​។ ពេល​រសៀល​ប្រជុំ​គណៈកម្មាធិការ​នាយក​ជាមួយ​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ តែ​ចំណុច​សំខាន់​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ការបោះឆ្នោត​នាពេល​ខាងមុខនេះ អាច​ប្រព្រឹត្ត​ដោយ សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​តម្លាភាព​។​

ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នេះ លោក​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ថម ម៉ាលី​ណូ​ស្គី (Tom Malinowski) ដែល​ទើបនឹង​បញ្ចប់​ការធ្វើ​ទស្សនកិច្ច​របស់លោក​ក្នុងប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា​ជំនួយ​របស់​ប្រទេស​ចិន​នឹង​មិនអាច​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ការបោះឆ្នោត​មួយ​ប្រកបដោយ​ប្រជាធិបតេយ្យ និង​ត្រឹមត្រូវ​នោះទេ បើទោះបី​ចិន​បានផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញប្បទាន​ដ៏​ច្រើន​មកដល់​កម្ពុជា​ក្តី​។ ការបញ្ជាក់​របស់​មន្ត្រី​ការទូត​អាមេរិក​ធ្វើឡើង​ក្រោយពី​ប្រទេស​ចិន​សម្រេច​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ចំនួន​៦០០​លាន​ដុល្លារ​អាមេរិក​។ តែ​លោក ថម ម៉ាលី​ណូ​ស្គី (Tom Malinowski) បាន​សង្កត់ធ្ងន់ថា ជំនួយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​មិន​អាចធ្វើ​ពិភពលោក​ជឿជាក់ថា​ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​ភាពយុត្តិធម៌​ឡើយ​៕

A Cambodian woman (R) casts her vote at a polling station in Phnom Penh on June 3, 2012.  Cambodians on June 3 cast their votes for commune council candidates during local elections.    AFP PHOTO / TANG CHHIN SOTHY