ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្រុង​ពោធិ៍សាត់​ត្អូញត្អែរ​រឿង​ទឹក​លិច​ផ្ទះ

អ្នក​ភូមិ​ស្ពានថ្ម សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ ខ្លះ ត្អូញត្អែរ​ពី​បញ្ហា​ទឹក​លិច​ក្រោម​ផ្ទះ ជា​ពិសេស​ពេល​ភ្លៀង​ធ្លាក់​ក្នុង​រដូវ​វស្សា ដោយសារ​គ្មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក។ ពលរដ្ឋ​ថា បញ្ហា​នេះ​កើត​មាន​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​នេះ​ចេញ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ពីរ​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ផ្ទះ​លិចទឹក​ចំនួន ៧​ខ្នង នៅ​ចំណុច​ផ្លូវ​បំបែកលាច នៃ​ភូមិ​ស្ពានថ្ម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ពួកគេ​ប្រឈម​នឹង​រោគ​សើស្បែក បញ្ហា​សុខភាព លំបាក​រស់​នៅ​លើ​គ្រែ ឬ​លើ​ផ្ទះ​ស្ទើរ​ពេញ​មួយ​ថ្ងៃ ដោយសារ​ទឹក​ដែល​លិច​នោះ​មាន​ក្លិន​ស្អុយ​ហូរ​ចេញ​ពី​ផ្ទះ​សំណាក់ និង​ផ្ទះ​ជា​ច្រើន​នៅ​ប៉ែក​ខាង​លើ​ផ្លូវ​ជាតិ​លេខ​៥ ខណៈ​ផ្ទះ​ពួកគេ​មាន​ទឹក​ជន់​លិច​ស្រាប់។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​លោកស្រី ចែម រឿន មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ទឹក​បាន​លិច​ក្រោម​ផ្ទះ​ត្រឹម​ជង្គង់ និង​ផ្ទះ​ខ្លះ​លិច​ត្រឹម​ដើម​ទ្រូង។ សិស្ស​សាលា ឬ​ឪពុក​ម្ដាយ​ដែល​មាន​ម៉ូតូ ឬ​កង់​ត្រូវ​បង្ខំ​ចិត្ត​ដាក់​យានជំនិះ​ទាំងនេះ​នៅ​លើ​ផ្លូវ​ទួល ឬ​ត្រូវ​ផ្ញើ​នៅ​តាម​ផ្ទះ​គេ​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្លួន។

លោកស្រី​ថា សព្វ​ថ្ងៃ​ពួកគេ​ក៏​បារម្ភ​សត្វ​មាន​ពិស​ចឹក ឬ​ខាំ និង​ខូច​សុខភាព ដោយសារ​បញ្ហា​ទឹក​លិច​នេះ៖ «លិច​ទាំង​សព្វ​លិច​ទាំង​គ្រប់​ហ្នឹង មិន​មែន​ទឹក​ស្អាត​ទេ ទឹក​ស្អាត​ទៀត! នៅ​នេះ​បួន​ប្រាំ​គ្រួសារ​ដែរ តែ​ពេល​ទឹក​លិច​ទៅ​គេ​ទៅ​រស់​នៅ​លើ​អស់​ហើយ ខ្ញុំ​មិន​ដឹង​ទៅ​ណា បើ​ផ្ទះ​នៅ​ហ្នឹង​អត់​មាន​កន្លែង​ទៅ​ទេ សុខចិត្ត​លុយ​ទឹក​លុយ​អី​ទៅ»

លោក​ស្រី​បញ្ជាក់​ថា រាល់​ឆ្នាំ​ទឹក​នេះ​អាច​បូម​ចេញ ឬ​ស្រក​ចុះ​លឿន​ក្រោយ​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ឆ្នាំ​នេះ​អ្នក​មាន​លុយ​កាក់​ចាក់​ដី​ខ្ពស់​ៗ​ស្ទើរ​ជុំវិញ​តំបន់​ដែល​លិច​នោះ​បន្ថែម​ទៀត ទើប​កម្ពស់​ទឹក​កាន់​តែ​ខ្ពស់។

ឆ្លើយ​តប​បញ្ហា​នេះ ចៅ​សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ លោក បិល ដេន ថ្លែង​ថា អាជ្ញាធរ​សង្កាត់​នឹង​កោះ​ហៅ​ម្ចាស់​ផ្ទះ​សំណាក់​កោះពេជ្រ ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​មក​ជជែក​រក​ដំណោះ​ស្រាយ។ លោក​ថា សម្រាប់​សង្កាត់​ពុំ​មាន​កញ្ចប់​ថវិកា​សម្រាប់​ទិញ​សម្ភារៈ ឬ​ធ្វើ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​ពី​តំបន់​ទំនាប​នេះ​ទេ ប៉ុន្តែ​លោក​ថា បើ​ភាគី​ផ្ទះ​សំណាក់ ឬ​ពលរដ្ឋ​មាន​លទ្ធភាព​អាច​ធ្វើ​ប្រព័ន្ធ​លូ​មួយ​ខ្សែ​ប្រវែង​ប្រហែល ៣០​ម៉ែត្រ ដើម្បី​បង្ហូរ​ទឹក​​ចូល​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ខ្នាត​ធំ​ដែល​មាន​ស្រាប់ ទើប​ទឹក​លែង​លិច៖ «អា​ហ្នឹង​ខ្ញុំ​ហៅ​ខាង​ផ្ទះ​សំណាក់​កោះពេជ្រ ចូល​រួម​ទិញ​លូ​ដាក់ ព្រោះ​គម្រោង​មូលនិធិ​របស់​ឃុំ​អត់​មាន​ប្រើ​ប្រាស់​កន្លែង​ហ្នឹង»

ទោះ​ជា​យ៉ាង​ណា​ចៅ​សង្កាត់ លោក បិល ដេន មិន​អាច​បញ្ជាក់​បាន​ថា គម្រោង​ធ្វើ​ប្រព័ន្ធ​លូ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា សង្ឃឹម​ប្រភព​ថវិកា​ណា​ច្បាស់​លាស់​ទេ។ ប៉ុន្តែ​លោក​ថា មុន​នឹង​ធ្វើ​ទាល់​តែ​បង្កើត​គណៈកម្មការ​សម្របសម្រួល​បញ្ហា និង​ស្ថាបនា​ប្រព័ន្ធ​លូ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។