PNN នឹងចាក់បញ្ចាំងរឿងភាគខ្មែរ រសជាតិពីរផ្សេងគ្នា ក្នុងខែកញ្ញាខាងមុខនេះ

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិននឹងចាក់ផ្សាយ ខ្សែភាពយន្តភាគដ៏ថ្មីសន្លាងចំនួនពីររឿង នៅក្នុងខែកញ្ញាខាងមុខនេះហើយ។

រឿងភាគដែលត្រូវបានសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ពីសំណាក់អ្នកដឹកនាំរឿងល្បីៗក្នុងស្រុក ជឿជាក់ថា ទូរទស្សនិកជនប្រាកដជា មិនខកបំណងឡើយក្នុងការរង់ចាំតាមដានទស្សនា។

រសជាតិពីរបែបផ្សេងគ្នារវាងរឿងភាគខ្មែរទាំងពីរ នឹងចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិនក្នុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

រឿងភាគបែបមនោសញ្ចេតនា លាយឡំដោយការកាច់កុងគ្នារវាងកូនប្រសា និងម្តាយក្មេក «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃដឹកនាំរឿងដោយលៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។

រឿងភាគ «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយ នឹងម្តាយក្មេក ដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំទៅ ដល់ម្តាយក្មេក និងកូនប្រសាសម័យថ្មីទាំងអស់ឲ្យចេះ មានការយោគយល់អធ្យាស្រ័យគ្នា ទើបអាចរស់នៅជាមួយគ្នាប្រកប ដោយសេចក្តីសុខ។

ខ្សែរឿងមួយនេះធានាថាទូរទស្សនិកជនប្រាកដជា ទទួលបាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុត ឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែងជា យូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង រួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។

រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើន ដែលធ្វើឲ្យទូរទស្សនិកជន ត្រូវតាមដានដោយយក ចិត្តទុកដាក់នោះ គឺជាស្នាដៃផលិតរបស់ផលិតកម្មល្បី ក្នុងស្រុក និងមានការទទួលស្គាល់ ពីសំណាក់ទូរទស្សនិកជនខ្មែរជាយូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។

តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះរួមមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា កញ្ញា ឡាយ សម្ផស្ស លោក សាវិន ហ្វីលីព រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គ ជាច្រើនរូបទៀត។

រឿង«សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីត្រូវប្រឆាំង នឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយ នឹងមនុស្សដែលខ្លួនមិនស្រឡាញ់ ជាថ្នូរនឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិត មនុស្សដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំងខណៈ ដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុក ជាមុនដោយមិនឲ្យនាងដឹងពីសំណាក់បុរស ជាទីស្រឡាញ់របស់នាង។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិន បានថ្លែងថា៖ «ឆ្លងកាត់បទពិសោធន៍កន្លងមក យើងសងេ្កតឃើញថាការផលិតភាពយន្តខ្មែរឲ្យបានល្អ ត្រូវពឹងផ្អែកលើ កត្តាថវិកាជាចំបង ឧបករណ៍បច្ចេកទេស ការសរសេរScriptរឿង ទេពកោសល្យដឹកនាំ និងការសំដែងរបស់តួ»។

តាមការឲ្យដឹងពីកញ្ញា ដោយសារការសង្កេតឃើញដូច្នេះ ហើយទើបភីអិនអិន ផ្ដល់កញ្ចប់ថវិកាផលិតយ៉ាងច្រើន សន្ធឹកសន្ធាប់ជូនដល់ផលិតករខ្មែរ ដើម្បីពួកគាត់យកចិត្តទុកដាក់ខ្ពស់ក្នុង ការពង្រឹងគុណភាពភាគយន្តខ្មែរ។

កញ្ញា ទូច បុប្ផា បញ្ជាក់បន្ថែមផងដែរថា៖ «យើងតម្រូវឲ្យសាច់រឿងត្រូវ នឹងបច្ចុប្បន្នភាព និងទិសដៅដែល ទស្សនិកជនចង់ទស្សនា ការជ្រើសរើសតួសំដែង ឲ្យត្រូវជាមួយតួអង្គក្នុងសាច់រឿង សម្ភារៈបច្ចេកទេស ត្រូវតាមស្តង់ដារ ដែលភីអិនអិនតម្រូវ មិនអូសបន្លាយប្លង់ ឬសាច់រឿងដែលធ្វើទស្សនិកជន មានការធុញទ្រាន់ជាពិសេសយើងព្យាយាមឲ្យតួ សម្តែងតាមបែបទេពកោសល្យ ធម្មជាតិរបស់ពួកគាត់ច្រើនជាងឲ្យពួកគាត់ និយាយតាម Script»។

ភីអិនអិន ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា បានផ្ដល់ទុនផលិតយ៉ាងសន្ធឹកសន្ធាប់ដល់ ផលិតករខ្មែរ ដើម្បីលើកកំពស់គុណភាព ភាពយន្តខ្មែរ និងបំពេញតម្រូវការកម្សាន្តរបស់ពលរដ្ឋកម្ពុជា។ ខែ្សភាពយន្តភាគខ្មែរដំបូង នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅដើមខែកញ្ញាខាងមុខនេះ៕

ទស្សនាឈុតខ្លីរឿង ម្ទេសហឹរប៉ះអំបិលប្រៃ ខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload