​សាហាវ​ណាស់! ព្រឹកឡើង​​បើកទ្វារ​មិន​​ទាន់ ចូលប្លន់​​

ខេត្តកំពង់ចាម​ ៖ ផ្ទះ​​លក់​ម៉ូតូ​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​​ក្រុម​ចោរ​​ប្រដាប់​អាវុធ​​ មាន​គ្នា២​​នាក់​​​ចូល​ធ្វើ​សកម្មភាពប្លន់​​យ៉ាង​គ​គ្លើ​ន​ ដែល​​ហេតុ​ការ​ណ៍​​នេះ​​​​កើតឡើង ​កាលពី​​វេលា​ម៉ោង​០៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ នេះ ​ដោយ​​ជំហានដំបូង​​ឮ​ថា​ អស់​ប្រាក់​​២ ​ទៅ​៣​ម៉ឺន​​ដុល្លារឯណោះ​ ហើយ​ក្រុម​ចោរ​​គេចខ្លួន​​បាត់ដោយសុវត្ថិភាព​ ​ខណៈ​​បាន​វាយ​​ម្ចាស់ផ្ទះ​​​រហូត​សន្លប់ទៀត​ ​។

​ស្ត្រី​​​ជា​ម្ចាស់​ផ្ទះ​ឈ្មោះប៉ូច ផា​នី អាយុ​៤២​ឆ្នាំ​ ​មាន​​ប្តី​​ឈ្មោះវ៉ា ឃ្លាំង អាយុ​៤៧​ឆ្នាំ បាន​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ក្រុម​ចោរ​បាន​ចូល​​​ធ្វើ​សកម្មភាព​ប្លន់​វាយ​ឱ្យ​រង​របួស​ត្រង់​ក្បាល​សន្លប់ ​ហើយ​​រើ​កកាយ​ទូ​យក​ទ្រព្យសម្បត្តិ​ឡើង​​ហ្មត់ ​។

ប្រភពពី​មន្ត្រី​គន​របាលឱ្យដឹង​​​​​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុមសាច់​ញាតិ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅគ្លីនិក​ឯកជនមួយ​​កន្លែងក្នុង​ក្រុង​កំពង់ចាម​ ។ ​ក្រោយ​ពី​បាន​​ធូរស្រាល​ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​ត្រូវ​​​សមត្ថកិច្ច​​​សួរនាំ​ជុំវិញ​រឿងហេតុ​ ដែល​បាន​កើតឡើង ក្រោយ​​ពី​​​មាន​អំពើ​ប្លន់​នេះ ។

គិត​រហូត​មក​ដល់​វេលា​ម៉ោងជាង​១២​ថ្ងៃដដែលនេះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ កំពុង​តែ​ធ្វើការ​តាម​ប្រមាញ់​ក្រុម​ចោរ​ទាំង​នោះ​ ហើយ​ តែ​មិន​ទាន់​មាន​​សេចក្តី​រាយ​ការ​ណ៍​​ណាមួយ​ថា​ ចាប់​​បាន​ជនសង្ស័យណា​ម្នាក់​នោះ​ទេ​ ។