នរណា​ទទួលខុសត្រូវ​រឿង​បំផ្លាញ​ព្រៃឈើ​នៅ​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កំចាយមារ​?

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ដីចម្ការ​ព្រៃឈើ​របស់​រដ្ឋ​ទំហំ​ជិត​៦០​ហិកតា​តាម​ព្រំដែន​ស្រុក​កំចាយមារ ជាប់​ព្រំប្រទល់​ប្រទេស​យួន ត្រូវ​ក្រុម​ជនល្មើស​ចូលទៅ​កាប់​គាស់​ឈូសឆាយ​តាម​អំពើ​ចិត្ត​។ ក្រុម​ជនល្មើស​បាន​ទន្ទ្រាន​កាន់កាប់​ដី​នោះ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​អ្នកខ្លះ​ដាំដំឡូង​ជា​ចម្ការ​រួចទៅហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ឃុំ​ត្រ​បៅ អំពាវនាវ​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​បង្ក្រាប​បទល្មើស​ជាបន្ទាន់ កុំ​ឲ្យ​កើតមាន​តទៅទៀត​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មេឃុំ និង​អាជ្ញាធរ​ស្រុក​ទេ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ចម្ការ​ព្រៃឈើ​របស់​រដ្ឋ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​ដាំដំឡូង​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ចំណែក​លោក ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង បាន​ដោះសា​យករួចខ្លួន​ថា​ទីតាំង​ដែល​គេ​ដាំដំឡូង​នោះ គឺ​គេ​ឈូសឆាយ​បំផ្លាញ​ចម្ការ​ព្រៃឈើ​របស់​រដ្ឋ​មុនពេល​លោក​មកកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង​។ ការ​ដោះសា​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺជា​ការឆ្លើយ​យករួចខ្លួន​ដោយ​ខ្វះ​ការទទួលខុសត្រូវ ដោយហេតុថា​ឥឡូវនេះ​ជា​ពេលវេលា​ដែល​លោក ឃឹម អូន ត្រូវ​ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​កុំ​ឲ្យ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​និង​ដកហូត​ដីចម្ការ​ព្រៃឈើ​របស់​រដ្ឋ​ដែល​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​នោះមក​វិញ​ជាបន្ទាន់​។ ជាពិសេស​ត្រូវ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ផងដែរ ដែល​ធើ្វ​មិនដឹងមិនឮ​នៅពេល​ក្រុម​ជនល្មើស​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ចម្ការ​ព្រៃឈើ​របស់​រដ្ឋ​ជាប់​ព្រំដែន​ខ្មែរ​-​យួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​អាជ្ញាធរ​ខេត្តព្រៃវែង ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​អ្នក​បំផ្លាញ​ចម្ការ​ព្រៃឈើ​រដ្ឋ​នៅជាប់​ព្រំដែន​ខ្មែរ​-​យួន ព្រោះ​ការវែកមុខ​ជនល្មើស​ដែល​កាប់​ទន្ទ្រាន​ដីព្រៃ​ចម្ការ​រដ្ឋ ហើយ​ដាំដំឡូង​មិនមែនជា​រឿង​លំបាក​ឡើយ គ្រាន់តែ​ស៊ើបសួរ​អ្នកភូមិ​ក៏​អាច​រកមុខ​ឃើញ​ដែរ​៕

Sar Kheng-Chea Somethy2លោក ជា សុមេធី អភិបាលខេត្តព្រៃវែង Untitled-1 - Copy Untitled-1​    ​